តម្លៃ​មាស​នៅ អាស៊ី ងើបឡើង​វិញ ក្នុងការ​ជួញដូរ​នា​ល្ងាច​ថ្ងៃទី ៣០ មីនា

មាស​នៅ​ទីផ្សារ​ក្នុង ទ្វីបអាស៊ី ឡើងថ្លៃ​ក្នុងការ​ជួញដូរ​នា​ល្ងាច​ថ្ងៃទី ៣០ មីនា ២០២២ ដោយសារ​ប្រាក់​ដុល្លារ​អាម៉េរិក និង​ការប្រាក់​នៃ​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​អាម៉េរិក ត្រូវ​ថយចុះ។

បើទោះជា​កិច្ច​ចរចរ​សន្តិភាព​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន បង្ហាញ​អំពី​សញ្ញា​វិជ្ជមាន នាំឱ្យ​ភាព​ទាក់ទាញ​របស់​មាស​ត្រូវ​ថយចុះ ប៉ុន្តែ មាស​នៅតែ​អាច​ឡើងថ្លៃ​បាន។

ល្ងាច​នេះ តម្លៃ​មាស​ប្រគល់​ភ្លាម កើន ០.៣% ឡើងដល់ ១,៩២៥.៧៥ ដុល្លារ/អោន (១ អោន/ounce ស្មើនឹង​ជិត ៨.៣ ជី) បន្ទាប់ពី​បាន​ធ្លាក់​ថ្លៃ​មក​ទាប​បំផុត​រាប់​ចាប់ពី​ថ្ងៃទី ២៨ កុម្ភៈ ដោយសារ​មាន​ក្ដី​សង្ឃឹមថា កិច្ច​ចរចរ​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នឹង​ជួយ​បញ្ចប់សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ។ ចំណែក​តម្លៃ​មាស​ប្រគល់​តាម​កាលកំណត់​ក៏បាន​ឡើងថ្លៃ ០.៦% ពោលគឺ ១,៩៣០.១០ ដុល្លារ/អោន។

Matt Simpson ដែលជា​អ្នកជំនាញ​ជាន់ខ្ពស់​របស់ City Index ថ្លែងថា «ប្រាក់​ដុល្លារ​អាម៉េរិក ធ្លាក់​ថ្លៃ បាន​ជួយ​ដល់​តម្លៃ​របស់​មាស។ រីឯ​តម្លៃ​មូល​ប​ត្រ​បំណុល​កើនឡើង​កាលពី​ថ្ងៃទី ២៩ មីនា បាន​ទាញ​ការប្រាក់​នៃ​មូល​ប​ត្រ​បំណុល​របស់ រដ្ឋាភិបាល​អាម៉េរិក ចុះមក​នៅ​ទាប។

ស​ន្ទ​ស្សន៍​នៃ​ប្រាក់​ដុល្លារ​អាម៉េរិក ឈរ​នៅក្បែរ​កម្រិត​ទាប​បំផុត​ក្នុងអំឡុង​ជាង ១ សប្ដាហ៍ កាលពី​ថ្ងៃ​ជួញដូរ​មុននេះ ធ្វើឱ្យ​មាស​ធ្លាក់​ថ្លៃ​បន្តិច ចំពោះ​អ្នកទិញ​ដែល​ទូទាត់​ដោយ​រូបិយវត្ថុ​បរទេស។

ការប្រាក់​លើ​មូល​ប​ត្រ​បំណុល​ដែលមាន​កាលកំណត់ ១០ ឆ្នាំ របស់ អាម៉េរិក ក៏​ធ្លាក់​ថ្លៃ​ពី​ចំណុច​ខ្ពស់បំផុត​ក្នុងអំឡុង​ជិត ៣ ឆ្នាំ​មកនេះ នាំឱ្យ​ការចំណាយ​ទៅលើ​ឱកាស​នៃ​ការក្ដោបក្ដាប់​មាស​ដែលជា​ទ្រព្យ​មិនមាន​ការប្រាក់ ត្រូវ​ធ្លាក់​ថ្លៃ​ផងដែរ៕

Advertisement