ទីផ្សារ​ថ្ងៃទី ៣០ មីនា៖ តម្លៃ​ប្រេង មាស និង​ធញ្ញជាតិ​មួយចំនួន បន្ត​ធ្លាក់​ថ្លៃ

ក្នុងការ​ជួញដូរ​កាល​ពីថ្ងៃ​ទី ២៩ មីនា តម្លៃ​របស់​ទំនិញ​ជាច្រើន​មុខ ចាប់ពី ប្រេង មាស អា​លុយ​មី​ញូ​ម ស្ករ និង​កៅស៊ូ ជាដើម បន្ត​នាំគ្នា​ធ្លាក់​ថ្លៃ ដោយសារតែ​វឌ្ឍនភាព​នៃ​ការចរចា​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

ប្រេង​ធ្លាក់​ថ្លៃ ២ ដុល្លារ

បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៩ មីនា ប្រេង​ឆៅ Brent ធ្លាក់​ថ្លៃ ២.២៥ ដុល្លារ ឬ ២% ចុះមក​នៅត្រឹម ១១០.២៣ ដុល្លារ/ធុង​បារ៉ែល ខណៈ​ប្រេង WTI ធ្លាក់​ថ្លៃ ១.៧២ ដុល្លារ ឬ ១.៦% ចុះមក​នៅត្រឹម ១០៤.២៤ ដុល្លារ/ធុង។ ក្នុងការ​ជួញដូរ​នោះ ពេលខ្លះ​ប្រេង​ទាំងពីរ​ប្រភេទ​ខាងលើ បាន​ធ្លាក់​ថ្លៃ​ប្រហែល ៧%។

មាស​ធ្លាក់​ថ្លៃ​ច្រើន​ភាគរយ

មាស​ប្រគល់​ភ្លាម ថយចុះ ០.៤% មក​នៅត្រឹម ១,៩១៦.២៨ ដុល្លារ/អោន (១ អោន (oune) ស្មើនឹង​ជិត ៨.៣ ជី) ខណៈ​មាស​អាម៉េរិក កាលបរិច្ឆេទ​ក្នុង​ខែមេសា ធ្លាក់​ថ្លៃ ១.៤% មក​នៅត្រឹម ១,៩១២.២ ដុល្លារ/អោន។

មូលហេតុ​ដែលនាំឱ្យ​លោហធាតុ​មានតម្លៃ​ត្រូវ​ធ្លាក់​ថ្លៃ​ដូចខាងលើ គឺ​ដោយសារ​វឌ្ឍនភាព​គួរឱ្យ​មាន​ក្ដីសង្ឃឹម​នៃ​ការចរចា​សន្តិភាព​ដែល​នឹង​អាច​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នាពេលខាងមុខ។

ក្រៅពី​ប្រេង និង​មាស នៅមាន​កសិផល​មួយចំនួន ក៏​ធ្លាក់​ថ្លៃ ដូចជា កៅស៊ូ​ជប៉ុន ស្ករ សណ្ដែកសៀង ពោត និង​ស្រូវ​សាលី លើកលែងតែ​កាហ្វេ​ប្រភេទ​ខ្លះ៕

Advertisement