តម្លៃ​ប្រេង​ឆៅ​កើនឡើង​ខ្ពស់ បន្ទាប់ពី​ក្រុម​ប្រទេស OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ការផលិត

ជា​លើកដំបូង​ហើយ​ដែល​ការសម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​របស់ OPEC+ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃនា​ពេល​កន្លង​។

អង្គ​ការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង​ឆៅ និង​បណ្ដា​ប្រទេស​ជា​ដៃគូ​សហការ (OPEC+) កាលពី​ថ្ងៃទី ០៥ កញ្ញា បាន​ឯកភាពគ្នា​ថា ចាប់ពី​ខែតុលា​ខាងមុខ នឹងមាន​ការកាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ប្រមាណ ១ សែន​ធុង​ក្នុង ១ ថ្ងៃ ធៀប​នឹង​ខែកញ្ញា។

ការសម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ​របស់ OPEC+ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​លើក​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ថ្លៃ ដោយសារ​ការបារម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ប្រេង​ថយចុះ។

បរិមាណ​ប្រេង​ដែល OPEC+ សម្រេចចិត្ត​កាត់បន្ថយ​ខាងលើ គឺ​ស្មើនឹង ០.១% នៃ​តម្រូវការ​ប្រើប្រាស់​ប្រេង​​ប្រចាំ​ថ្ងៃ​ នៅ​ទូទាំង​​ពិភពលោក។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ OPEC+ ក៏បាន​ឯកភាព​ថា​នឹង​អាច​កោះ​​ប្រជុំ​គ្រប់ពេល ដើម្បី​កែសម្រួល​បរិមាណ​ប្រេង​ឱ្យបាន​សមស្រប​នឹង​ភាពជាក់ស្ដែង នៅមុន​កិច្ចប្រជុំ​តាម​កាលកំណត់​នៅ​ថ្ងៃទី ០៥ ខែតុលា​ខាងមុខ។

កាលពី​ខែមីនា តម្លៃ​ប្រេង​ពិភពលោក​បាន​ឡើង​ជិត​ដល់ ១៤០ ដុល្លារ/ធុង ដោយសារតែ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង រុស្ស៊ី ដែលជា​អ្នក​នាំចេញ​ប្រេង​ឆៅ​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី អា​រ៉ា​ប៊ី​សា​អូឌីត ជាមួយនឹង អ៊ុយ​ក្រែ​ន។

ក៏ប៉ុន្តែ ប្រេង​ឆៅ​បានចាប់ផ្ដើម​ធ្លាក់​ថ្លៃ​នៅពេល​មានការ​បារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច និង​ការដែល ចិន នៅតែ​បន្ត​បិទ​ខ្ទប់​ទីក្រុង​ជាច្រើន​ដោយសារ​កូ​វីដ-១៩ ក៏ដូចជា​លទ្ធភាព​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ​រវាង សហរដ្ឋ​អាម៉េរិក និង អ៊ីរ៉ង់ ដែល​នឹង​អាច​បើកផ្លូវ​ឱ្យ ទីក្រុង​តេ​ហេ​រ៉ង់ នាំចេញ​ប្រេង​ឆៅ​ទៅកាន់​ពិភពលោក​ឡើងវិញ៕

Advertisement