ទីផ្សារ​ថ្ងៃទី​ ២៩ ​មីនា៖​ តម្លៃ​​ប្រេង​​ដាំ​​ក្បាល​​ចុះ​ ៧%​ ខណៈ​​មាស​ រួម​​នឹង​​​កសិផល​​ក៏​​នាំ​គ្នា​​ធ្លាក់​​ថ្លៃ

ប្រេង​ធ្លាក់​ថ្លៃ​ប្រហែល ៧% នៅក្នុង​ការជួញដូរ​នា​ថ្ងៃ​ដើម​សប្ដាហ៍ នៅពេល សៀង​ហៃ ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់ ចិន ត្រូវ​បានដាក់​បម្រាម​គោចរ​ដើម្បី​ទប់ស្កាត់​កូ​វីដ-១៩ ដែល​កំពុង​ឆ្លង​រាលដាល​ខ្លាំង។

បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ២៨ មីនា ប្រេង Brent ធ្លាក់​ថ្លៃ ៨.១៧ ដុល្លារ ឬ ៦.៨% ចុះមក​នៅត្រឹម ១១២.៤៨ ដុល្លារ/ធុង គ្រា​ដែល​ប្រេង WTI ដាំ​ក្បាល​ចុះ ៧.៩៤ ដុល្លារ ឬ ៧% មក​នៅត្រឹម ១០៥.៩៦ ដុល្លារ/ធុង។

តម្លៃ​ប្រេង​មានការ​ប្រែង​ប្រួល​ខ្លាំង​ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ កាលពី​សប្ដាហ៍​កន្លង តម្លៃ​ប្រេង Brent កើនឡើង ១២% និង​ប្រេង WTI កើនឡើង​ជិត ៩%។

តាម​ការ​ព្យាករ ប្រទេស​ចិន ដែលជា​អ្នក​នាំចូល​ប្រេង​ច្រើនជាងគេ​ក្នុង​ពិភពលោក នឹង​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង​ជាង ៨០០,០០០ ធុង/ថ្ងៃ ធៀប​នឹង​បរិមាណ​ធម្មតា​ដែល​ប្រើប្រាស់​ក្នុង​ខែមេសា ព្រោះតែ​តំបន់​ជាច្រើន​កំពុង​ត្រូវ​បានដាក់​បម្រាម​គោចរ ដោយសារ​កូ​វីដ-១៩។

ក្ដីសង្ឃឹម​ទៅលើ​ការរីកចម្រើន​ក្នុង​ការចរចា​សន្តិភាព​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នា​ថ្ងៃទី ២៩ មីនា នៅ ប្រទេស​តួ​ក​គី ក៏បាន​បង្ក​សម្ពាធ​ទៅលើ​តម្លៃ​ប្រេង​ផងដែរ។

ក៏ប៉ុន្តែ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​ដែល​អាច​នាំឱ្យ​ប្រេង​ធ្លាក់​ថ្លៃ​ខ្លាំង នោះ​គឺថា សាធារណមតិ​មានសង្ឃឹម​ច្រើន នៅពេល OPEC បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី ៣១ មីនា ដើម្បី​ពិភាក្សា​អំពី​ការបង្កើន​កូតា​ផលិតកម្ម​ចំនួន ៤៣២,០០០ ធុង/ថ្ងៃ ដូច​ការគ្រោងទុក។

ចំណែក​មាស​វិញ ក៏បាន​ធ្លាក់​ថ្លៃ (១,៩៣៣ ដុល្លារ/អោន/ជិត៨.៣ ជី សម្រាប់​មាស​ប្រគល់​ភ្លាម និង​មាស​ប្រគល់​ក្នុង​ខែមេសា មានតម្លៃ ១,៩៣៩.៨ ដុល្លារ/អោន) ដោយសារ​អត្រា​ការប្រាក់​នៃ​មូល​ប​ត្រ​បំណុល​របស់​រតនាគារ​ជាតិ​អាម៉េរិក កើនឡើង ខណៈ​ប្រាក់​ដុល្លារ​អាម៉េរិក ក៏​ឡើងថ្លៃ។

ចំណែក​ផលិតផល​មួយចំនួន​ផ្សេងទៀត​ក៏បាន​ធ្លាក់​ថ្លៃ​ផងដែរ ក្នុងនោះ​មានដូចជា ស្ករ, កាហ្វេ, ពោត, ស្រូវ​សាលី, សណ្ដែក​សៀង និង​កៅស៊ូ។ល។

Advertisement