តម្លៃ​ប្រេង​ថ្ងៃនេះ ២៨ មីនា៖ ធ្លាក់​ថ្លៃ​ខ្លាំង បើ​ទោះ​ការបារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់

ចាប់ផ្ដើម​ការជួញដូរ​ក្នុង​សប្ដាហ៍​ថ្មី តម្លៃ​ប្រេង Brent ធ្លាក់​ថ្លៃ ៣.៥ ដុល្លារ មក​នៅត្រឹម ១២០ ដុល្លារ/ធុង​បារ៉ែល ខណៈ​ប្រេង WTI ក៏​កំពុង​ធ្លាក់​ថ្លៃ​ផងដែរ។

យោងតាម​ទំព័រ Oilprice នៅ​ព្រឹក​ថ្ងៃទី ២៨ មីនា តម្លៃ​ប្រេង​ឆៅ WTI របស់ អាម៉េរិក ប្រភេទ​ប្រគល់​ក្នុង​ខែមេសា ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១១១ ដុល្លារ​អាម៉េរិក/ធុង ថយចុះ ២.២៨ ដុល្លារ ដែល​ស្មើនឹង ២.៥០% ធៀប​នឹង​ម្សិលមិញ។ ចំណែក​ប្រេង​ឆៅ Brent ប្រគល់​ក្នុង​ខែឧសភា មានតម្លៃ ១១៧.២ ដុល្លារ/ធុង ថយចុះ ២.៨៧% ស្មើនឹង ៣.៤៦ ដុល្លារ។

តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​នៅ​ដើម​សប្ដាហ៍ បើទោះជា​មានការ​បារម្ភ​អំពី​កង្វះ​ប្រភព​ផ្គត់ផ្គង់ ដែល​កើតឡើង​ដោយសារ​បញ្ហា​មួយចំនួន ដូចជា បំពង់​បង្ហូរ​ប្រេង​នៅ កា​ហ្សា​ក់​ស្ថាន ត្រូវ​ខូចខាត​ដោយសារ​ព្យុះ, រោងចក្រ​ចម្រាញ់​ប្រេង និង​ឃ្លាំង​ដាក់​ប្រេង​របស់​ក្រុមហ៊ុន​ខ្នាត​យក្ស Aramco រង​ការវាយប្រហារ និង អ្នកទិញ​នៅតែ​បែរខ្នង​ដាក់​ប្រេង​របស់ រុស្ស៊ី។ល។

មូលហេតុ​នៃ​ការធ្លាក់​ថ្លៃ​នេះ អាច​បណ្ដាលមកពី​ប្រភពព័ត៌មាន​ដែល​និយាយថា សហរដ្ឋ​អាម៉េរិក កំពុង​ពិនិត្យ​លើ​ការបញ្ចេញ​ប្រេង​បន្ថែម (ជាង ៣០ លាន​ធុង) ពី​ឃ្លាំង​យុទ្ធសាស្ត្រ និង​ក្រុម​អ្នកជួញដូរ​កំពុង​ចាប់ផ្ដើម​កំណត់​តម្លៃ​លើ​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ មួយ ដែលមាន​សក្ដានុពល រវាង អាម៉េរិក និង អ៊ីរ៉ង់ ដែល​អាច​រំដោះ​ប្រភព​ផ្គត់ផ្គង់​ប្រេង​នានា៕

Advertisement