តម្លៃ​ប្រេង​ពិភពលោក​ព្រឹក​ថ្ងៃទី ១៤ មីនា បន្ត​ធ្លាក់ចុះ

បន្ត​និន្នាការ​ធ្លាក់​ថ្លៃ​ក្នុង​សប្ដាហ៍​កន្លង តម្លៃ​ប្រេង​ពិភពលោក​ព្រឹក​ថ្ងៃទី ១៤ មីនា​នេះ ថយចុះ​ប្រហែល ៤ ដុល្លារ បន្ទាប់ពី​មន្ត្រី​អាម៉េរិក មួយរូប​និយាយថា មាន​សញ្ញា​ជាច្រើន​បង្ហាញថា រុស្ស៊ី ត្រៀមខ្លួន​រួចរាល់​សម្រាប់​បន្ត​ការចរចា​ជាមួយ អ៊ុយ​ក្រែ​ន។

តម្លៃ​ប្រេង Brent ថយចុះ ៤.១២ ដុល្លារ​អាម៉េរិក ឬ ៣.៦% ចុះមក​នៅត្រឹម ១០៨.៥៥ ដុល្លារ/ធុង​បារ៉ែល នៅវេលា​ម៉ោង ៨និង១៥នាទី (ម៉ោង​នៅ កម្ពុជា)។ តម្លៃ​ប្រេង​ឆៅ West Texas Intermediate (WTI) របស់ សហរដ្ឋ​អាម៉េរិក ធ្លាក់​ថ្លៃ ៣.៩៣ ដុល្លារ ឬ ៣.៧% ចុះមក​នៅត្រឹម ១០៥.៤ ដុល្លារ/ធុង​បារ៉ែល។

ប្រេង​ទាំង ២ ប្រភេទ​ខាងលើ សុទ្ធតែ​បាន​ឡើងថ្លៃ​ខ្ពស់ ចាប់តាំងពី រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ និង​កើន ៤០% រាប់​ចាប់ពី​ដើមឆ្នាំ ២០២២។

កាលពី​ថ្ងៃទី ១៣ មីនា អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Wendy Sherman យល់ថា មាន​សញ្ញា​ជាច្រើន​បង្ហាញថា រុស្ស៊ី បាន​ត្រៀម​ជាស្រេច​ក្នុងការ​បន្ត​ចរចា​ជាមួយ អ៊ុយ​ក្រែ​ន។ យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ទីផ្សារ​ថាមពល​សកល មានការ​ប្រែប្រួល​ខ្លាំង។

តម្លៃ​ប្រេង Brent បាន​ថយចុះ ៤.៨% ក្នុង​សប្ដាហ៍​កន្លង ខណៈ​ប្រេង WTI ធ្លាក់​ថ្លៃ ៥.៧%។ ប្រេង ២ ប្រភេទ​នេះ សុទ្ធតែ​ធ្លាប់​មានតម្លៃ​ខ្ពស់បំផុត​កាលពីដើម​សប្ដាហ៍ រាប់​ចាប់ពី​ឆ្នាំ ២០០៨ ដោយសារ​តែមាន​ការបា​រ​ម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់ ក្រោយពី សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​នៅ អឺរ៉ុប បានចាប់ផ្ដើម​ពិចារណា​អំពី​ការហាមឃាត់​ប្រេង​ដែល​នាំ​ពី រុស្ស៊ី។

អាម៉េរិក ក្រោយមក​ក៏បាន​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី ក្នុង​គ្រា​ដែល អង់គ្លេស ផ្អាក​ការនាំ​ចូល​ជាជំហានៗ ចាប់ពីពេលនេះ​ដល់​ចុងឆ្នាំ ២០២២។ សម្ពាធ​លើ​តម្លៃ​ប្រេង​បាន​ថយចុះ បន្ទាប់ពី ឯកអគ្គរាជទូត​រប​ស់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប្រចាំ សហរដ្ឋ​អាម៉េរិក ថ្លែងថា ប្រទេស​នេះ​គាំទ្រ​ការបង្កើន​ផលិតភាព ហើយ​ថា​នឹង​អំពាវនាវ​ឱ្យ អង្គការ​នៃ​បណ្ដា​ប្រទេស​នាំចេញ​ប្រេង ពិចារណា​អំពី​ប្រការ​ដូចគ្នានេះ។

យោងតាម​អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Dmitry Peskov កិច្ចចរចា​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន នឹង​បន្ត​ធ្វើឡើង​នៅក្នុង​ថ្ងៃទី ១៤ មីនា​នេះ ក្រោយពី​ការចរចា​កាលពី​ថ្ងៃទី ១៣ មីនា បាន​ចប់៕

Advertisement