ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដែល​ជិត​យកឈ្នះ​លើ Tesla គឺជា​ក្រុមហ៊ុន​​ដែល​​​ធ្លាប់​ត្រូវ Elon Musk សើចចំអក និង​ទទួលបាន​ការជួយជ្រោមជ្រែង​ពី​មហាសេដ្ឋី​អាម៉េរិក

លោក Elon Musk ពេលនេះ​ទំនងជា​មិនអាច​ក្រអឺតក្រទម ឬ​មើលស្រាល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន​មួយ​នេះ​បាន​ទៀតឡើយ។

ជាង​មួយ​ទសវត្សរ៍​មុន មហាសេដ្ឋី Elon Musk ធ្លាប់​សើចចំអក​ចំពោះ​គំនិត​ដែល​និយាយថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD របស់ ចិន គឺជា​គូប្រជែង​គួរឱ្យ​ញញើត​របស់ Tesla។ ប៉ុន្តែ ការ​ក្រអឺតក្រទម​របស់​មហា​សេដ្ឋី​រូបនេះ បច្ចុប្បន្ន​ហាក់​បាន​ថយចុះ​ច្រើន។

ពេលនេះ BYD ដែល​ទទួលបាន​ការគាំទ្រ​ពី មហាសេដ្ឋី​អាម៉េរិក លោក Warren Buffett កំពុងតែ​ត្រៀមខ្លួន​ផ្ដួល​គូប្រជែង​របស់ខ្លួន​នៅលើ ទឹកដី​ចិន នោះ​គឺ Tesla។ កាលពី​សប្ដាហ៍​កន្លង នាយក​ប្រតិបត្តិ​មួយរូប​របស់ BYD បាន​និយាយថា ក្រុមហ៊ុន​របស់គាត់​កំពុងតែ «ត្រៀម​ផ្គត់ផ្គង់​ថ្ម​ឱ្យ Tesla ក្នុងពេលឆាប់ៗខាងមុខ»។ កិច្ចព្រមព្រៀង​នេះ​នឹង​អាច​នាំឱ្យ BYD ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ថ្ម និង​រថយន្ត​អគ្គិសនី​លេចធ្លោ និង​ធំជាងគេ​ក្នុង​ពិភពលោក។

ពីរ​ឆ្នាំ​កន្លងទៅ BYD បាន​ផលិត​រថយន្ត​អគ្គិសនី និង​ថ្ម lithium បច្ចេកវិទ្យា​ខ្ពស់ជាង​មុន អនុញ្ញាតឱ្យ​ពួកគេ​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​បាន​មួយ​ភាគ​ធំ។ BYD មាន​គម្រោង​លក់​រថយន្ត​អគ្គិសនី ១.៥ លាន​គ្រឿងក្នុង​ឆ្នាំ ២០២២ ដែល​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ឆ្ពោះ​ទៅជិត​ដល់​គោលដៅ​កាន់កាប់ ១/៣ នៃ​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ ប្រទេស​ចិន នៅ​ចុង​ឆ្នាំនេះ។

កាលពី​ខែមេសា​កន្លងទៅ BYD ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​លំដាប់កំពូលៗ បើ​គិត​ទៅតាម​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ និង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក បើ​គិត​ទៅតាម​តម្លៃ​មូលធន​ទីផ្សារ។ ក្នុង​ខែមេសា BYD បាន​លក់​រថយន្ត​អគ្គិសនី​ជាង ៤៦,០០០ គ្រឿង (Tesla លក់បាន ១,៧២៨ គ្រឿង) និង​បានប្រកាស​ឈប់​ផលិត​រថយន្ត​ប្រើ​ប្រេងសាំង។ ខែឧសភា កំណើន​នៃ​ការលក់​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន BYD ក៏បាន​កើនឡើង ២៥០% ធៀប​នឹង​មួយឆ្នាំ​មុន​នោះ។

រថយន្ត​អគ្គិសនី​របស់ BYD

កិច្ចព្រមព្រៀង​រវាង BYD និង Tesla នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ ប៉ុន្តែ ក្រុមហ៊ុន​ចិន មួយ​នេះ​អាច​ផ្គត់ផ្គង់​ថ្ម Blade ដល់ Tesla។

BYD កំពុងតែ​ធ្វើអ្វីៗដែល Tesla ចង់​ធ្វើ ៖ ផលិត​ថ្ម និង​ធានា​ប្រភព​ផ្គត់ផ្គង់។ BYD ក៏​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន នោះ​គឺ «ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាងគេ​មួយ​នៅក្នុង​ពិភពលោក។ ថ្វីបើ​រថយន្ត​របស់ BYD មិនទាន់មាន​បច្ចេកវិទ្យា​ទំនើប​ខ្លាំង ឬ​រូបរាង​មិនទាន់​សម័យ​ខ្លាំង​ដូច Tesla ប៉ុន្តែ ពួកវា​នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន និង​ជា​ហូរហែ។ បច្ចុប្បន្ន ថ្ម​របស់ BYD ក៏​ត្រូវបាន​ប្រើប្រាស់​នៅលើ​រថយន្ត Tesla។

ទោះជា​យ៉ាងណាក៏ដោយ BYD នឹង​អាច​ដើរ​មិនទាន់​គេ បើសិន CATL (Contemporary Amperex Technology Co. Limited)  ដែលជា​ក្រុមហ៊ុន​ផលិត​ថ្ម​ធំជាងគេ​ក្នុង​ពិភពលោក និង​បណ្ដា​ក្រុមហ៊ុន​នានា​នៅ កូរ៉េខាងត្បូង ប្រឹងប្រែង​ជំរុញ​ការប្រើប្រាស់​ថ្ម​ដែលមាន​ថាមពល​ខ្ពស់ជាង។

ក្រុមហ៊ុន​ចិន BYD បន្ត​ពង្រីក​មូលដ្ឋាន​អតិថិជន​របស់ខ្លួន ដោយ​ផ្គត់ផ្គង់​ថ្ម​ដែលមាន​រូបរាង​ជា​ដំបង (ប្រភេទ​ដែល​ដូច​ទៅនឹង​ថ្ម​ដែល Tesla កំពុង​ប្រើប្រាស់) ឱ្យ BMW AG ដោយ​បំបាត់​ថ្ម​ដែលមាន​រូបរាង​ជ្រុង។

សូម្បីតែ​នៅពេល CATL មិន​ទទួលបាន​ជោគជ័យ BYD ក៏​នៅតែ​ទទួលបាន​ផលចំណេញ​ពី​យុទ្ធសាស្ត្រ​មួយ​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព។ ប្រការនេះ​ទំនងជា​អាចជួយ​ឱ្យ BYD យកឈ្នះ​លើ Telsa នៅ​ថ្ងៃ​ណាមួយ​មិន​ខាន៕

Advertisement