ទ្វីបអាស៊ី អាច​ទិញ​ប្រេង​របស់ ប្រទេសរុស្ស៊ី បាន​ប៉ុន្មាន?

តម្រូវការ​ពី ទ្វីបអាស៊ី ដែលជា​ទីផ្សារ​ធំ​លំដាប់​ជួរមុខ​របស់​ពិភពលោក បច្ចុប្បន្ន​មាន​សារសំខាន់​ខ្លាំង​ចំពោះ ទីក្រុង​មូ​ស្គូ ក្នុងពេលដែល​ប្រេង​របស់ រុស្ស៊ី ត្រូវបាន​លោកខាងលិច​បដិសេធ។

ពីរ​សប្ដាហ៍ បន្ទាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន សំណួរ​សំខាន់​ដែល​កាន់តែ​ទទួលបាន​ចំណាប់អារម្មណ៍ នោះ​គឺថា តើ​ទ្វីបអាស៊ី អាច​ទិញ​ប្រេង​ពី រុស្ស៊ី បាន​ប៉ុន្មាន? ស្រប​ពេលដែល អាម៉េរិក និង អង់គ្លេស បានប្រកាស​ហាម​ការនាំ​ចូល​ប្រេង​របស់ រុស្ស៊ី ក្នុង​គ្រា​ដែល​ក្រុមហ៊ុន​ប្រេងធំៗនៅ អឺរ៉ុប តាំងពី Shell, TotalEnergies, BP រហូតដល់ Eni បាន​ផ្អាក​ការទិញ​ផលិត​របស់ រុស្ស៊ី។ ដូច្នេះ ចំណាប់អារម្មណ៍​ក៏ត្រូវ​បាន​បង្វែង​ទៅរក​ទីផ្សារ​បន្ទាប់​របស់ ប្រេង​រុស្ស៊ី។

ក្នុងអំឡុង​ពេលនេះ តម្រូវការ​ពី អាស៊ី ដែលជា​ទីផ្សារ​នាំចូល​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក ពិសេស​គឺ ប្រទេស​ចិន គឺ​ពិត​ជាមាន​សារសំខាន់​សម្រាប់ រុស្ស៊ី។

ក្នុង​សេណា​រី​យ៉ោ «តំបន់​នេះ​ទិញ តំបន់​នោះ​មិន​ទិញ» ជា​លទ្ធផល​ចុងក្រោយ អាច​គ្រាន់តែ​ជាការ​ប្ដូរ​ទិស​នៃ​លំហូរ​ប្រេង​តែប៉ុណ្ណោះ។ ឧទាហរណ៍ ទ្វីបអាស៊ី ទិញ​ប្រេង​ពី រុស្ស៊ី ច្រើនជាង​មុន ខណៈ អឺរ៉ុប ងាក​ទៅ​ទិញ​ប្រេង​របស់​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា។ ដូច្នេះ ការដាក់ទណ្ឌកម្ម​រប​ស់ បស្ចិម​លោក នឹងមិន​បង្ក​ការខូចខាត​ធ្ងន់​ធ្ងន់​ដល់ រុស្ស៊ី និង​ប្រភព​ផ្គត់ផ្គង់​ទូទាំង​សកលលោក។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ក៏មាន​ទំនុកចិត្ត ប្រទេស​នេះ​អាច​លក់​ប្រេង​របស់ខ្លួន​បាន​។ «បើសិន​ចង់​ស្វែងរក​វិធីសាស្ត្រ​មក​ជំនួស ពួកគេ​បន្តធ្វើ​ចុះ។ យើង​នឹងមាន​ទីផ្សារ​ផ្សេង​ដើម្បី​ផ្គត់ផ្គង់។ យើង​មាន​រួចហើយ» លោក Lavrov បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ តួ​ក​គី កាលពី​ថ្ងៃទី ១០ មីនា ដូច្នេះ។

ចន្លោះប្រហោង​នៃ​តម្រូវការ​ប្រេង

ក្រុម​អ្នក​ជំ​នួញ​នៅ អាស៊ី និង អឺរ៉ុប ឱ្យដឹងថា បច្ចុប្បន្ននេះ ហាក់​ឆាប់​ពេក​នៅពេល​និយាយថា អ្នកទិញ​នៅ អាស៊ី អាច​​បំពេញ​ចន្លោះប្រហោង​នៃ​តម្រូវ​ការ​ប្រេង​ ដែល អឺរ៉ុប បាន​បន្សល់ទុក​ដែរ ឬទេ។ បណ្ដា​ក្រុមហ៊ុន កំពុងតែ​ចរចា​ដោយ​សម្ងាត់ ហើយ​អ្នកទិញ​ក៏មាន​ការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន មិនទាន់មាន​ទណ្ឌកម្ម​ណាមួយ​ដែល​ដាក់​ផ្ទាល់​ទៅលើ​ការជួញដូរ​បែបនេះ។

ក៏ប៉ុន្តែ យោងតាម​ក្រុម​អ្នករកស៊ី​ខាង​ប្រេង ការរៀបចំ​ប្រភព​ហិរញ្ញវត្ថុ​ដើម្បី​ទៅ​ទិញ​ក៏​កំពុង​ក្លាយជា​បញ្ហា​ចោទ ដោយសារ​ទណ្ឌកម្ម​សំដៅលើ រុស្ស៊ី។ ការដែល Shell កាលពី​សប្ដាហ៍​មុន​ត្រូវ​រង​ការរិះគន់ នៅពេល​ទិញ​ប្រេង ១០០,០០០ តោន ពី រុស្ស៊ី ក៏​បាន​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​រារែក។

បច្ចុប្បន្ន បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ អាស៊ី ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​របស់ ចិន ជាដើម ដែល​ស្ថិតក្នុង​ក្រុម​អ្នកទិញ​ប្រេង​ច្រើន​បំផុត​ពី រុស្ស៊ី ក៏​មិនទាន់​ពិចារណា​ក្នុង​ការទិញ​ប្រេង​​បន្ថែម​ពី មូ​ស្គូ នៅឡើយ។

ការប្រុងប្រយ័ត្ន

យោងតាម​បណ្ដា​ក្រុមហ៊ុន​គក់​ជេរ​ផ្នែក​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ថ្មីៗនេះ​មិនទាន់មាន​កប៉ាល់​ខ្នាត​ធំ​ណាមួយ​ត្រូវបាន​ជួល​ដើម្បី​ដឹក​ប្រេង Urals មកកាន់ អាស៊ី។

Unipec ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ Sinopec Group (ចិន) បាន​កក់​កប៉ាល់ Agios Fanourios I មួយគ្រឿង​កាលពី​ចុងខែ​មុន​ដើម្បី​ដឹក​ប្រេង Urals នៅក្នុង​ខែមីនា មកកាន់ ប្រទេស​ចិន។ ប៉ុន្តែ ដំណើរការ​នៃ​ការបញ្ជាទិញ មិនទាន់បាន​សម្រេច​ជា​ស្ថាពរ​នៅឡើយ។

Unipec ធ្លាប់ជា​អតិថិជន​មួយ​ក្នុងចំណោម​អ្នកទិញ​ប្រេងធំៗចំនួន ៥ របស់​ប្រេង Urals ក៏ប៉ុន្តែ នោះ​គឺជា​សម័យមុន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

តម្លៃ​ប្រេង​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់ ហើយ​លទ្ធភាព​ដែល​មបស្ចិ​ម​លោក​ដាក់ទណ្ឌកម្ម​បន្ថែម កំពុង​ធ្វើឱ្យ​បណ្ដា​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯកជន​នៅ ប្រទេស​ចិន ពិបាក​រៀបចំ​ទុន។ ចំណាយ​ដែល​ទាក់ទង​នឹង រុស្ស៊ី ក៏​កើនឡើង​ខ្ពស់​ខ្លាំង នាំឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​កាន់តែ​លំបាក។ ដូច្នេះ ជំនួស​ឱ្យ​ការទិញ​ប្រេង​របស់ រុស្ស៊ី ក្រុមហ៊ុន​នានា​កំពុង​ពិចារណា​កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ដែល​ពួកគេ​អាច​ចាត់ការបាន​ នេះ​បើតាម Bloomberg។

ឥណ្ឌា ដែល​ជា​ប្រទេស​មិនទាន់​រិះគន់​លើ រុស្ស៊ី ទាក់ទង​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន សកម្មភាព​ទិញ​ប្រេង Urals ក៏​លែង «អ៊ូអរ» ដូច​មុន។

ការប្រុងប្រយ័ត្ន​នេះ​ត្រូវ​បានបង្ហាញ​កាន់តែច្បាស់ តាមរយៈ​តម្លៃ​ប្រេង​ឆៅ​ពី​ភាគ​ខាងកើត​របស់ រុស្ស៊ី។ កាលពីដើម​សប្ដាហ៍​នេះ ប្រេង Sokol ប្រគល់​ក្នុង​ខែឧសភា ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង ១៤ ដុល្លារ ក្នុង ១ ធុង បើ​ធៀប​នឹង​តម្លៃ​ប្រេង​នៅ ឌូ​បៃ។ កាលពី​ដើមខែ​នេះ ប្រេង Sokol មាន​តម្លៃ​ថ្លៃ​ជាង​ប្រេង​នៅ ឌូ​បៃ ជាង ១ ដុល្លារ​អាម៉េរិក ឯណោះ​៕

Advertisement