ផ្អាក​អាជីវកម្ម​នៅ រុស្ស៊ី McDonald’s បាត់បង់​ចំណូល ៥០លាន​ដុល្លារ ក្នុង ១ខែ

បើទោះជា​បាន​ផ្អាក​សកម្មភាព​ពាណិជ្ជកម្ម​នៅ ប្រទេស​រុស្ស៊ី ប៉ុន្តែ ក្រុមហ៊ុន McDonald’s នៅតែ​បើក​ប្រាក់ខែ​ជូន​បុគ្គលិក ៦២,០០០ នាក់ រួមទាំង​ថ្លៃ​ជួល​ទីតាំង។ល។

ទំព័រ CNBC បាន​រាយការណ៍​ថា McDonald’s គណនា​ឃើញថា ការបិទទ្វារ​ហាង​នៅ រុស្ស៊ី នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​អាហារ​រហ័ស​មួយ​នេះ បាត់បង់​ប្រាក់​ប្រហែល ៥០ លាន​ដុល្លារ ជា​រៀងរាល់ខែ រហូត​ដល់ពេល​បើកទ្វា​រ​ទទួលភ្ញៀវ​ឡើងវិញ។

ក្រុមហ៊ុន​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Chicago សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ៨ មីនា បានប្រកាសថា ពួកគេ​នឹង​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ចំពោះ​ហាង McDonald’s នៅ រុស្ស៊ី។ ក្រុមហ៊ុន​នេះ មាន​ហាង​ប្រហែល ៨៥០ កន្លែង​នៅ រុស្ស៊ី ដែល​ភាគច្រើន​គឺជា​កម្មសិទ្ធិ​របស់ McDonald’s មិនមែនជា​ហាង​លក់​សិទ្ធិ​អាជីវកម្ម​បន្ត (franchise)។

បុគ្គលិក​របស់​ McDonald’s

បណ្ដា​យីហោ​អាហារ និង​ភេសជ្ជៈ​ដទៃទៀត​របស់ អាម៉េរិក ដូចជា Starbucks, Yum Brands, Coca Cola និង Papa John’s ក៏​តាម​ពីក្រោយ​សកម្មភាព​របស់ McDonald’s។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ McDonald’s លោក Devin Ozan ឱ្យដឹងថា បច្ចុប្បន្ន McDonald’s បាន​គណនា​ឃើញថា ពួកគេ​នឹងត្រូវ​បាត់បង់ ៥០ លាន​ដុល្លារ ជា​រៀងរាល់ខែ។

ក្រុមហ៊ុន​នេះ​ក៏បាន​សន្យា​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​ជា ជនជាតិ​រុស្ស៊ី ប្រហែល ៦២,០០០ នាក់ របស់ខ្លួន នៅក្នុង​អំឡុងពេល​ផ្អាក​ដំណើរការ។ លោក Ozan បានឱ្យដឹងថា McDonald’s ក៏​នឹង​បង់ថ្លៃ​ជួល​ទីតាំង ក៏ដូចជា​ការចំណាយ​លើ​បណ្ដាញ​ផ្គត់ផ្គង់ និង​ខ្ទង់ចំណាយ​ដទៃទៀត​ផងដែរ៕

Advertisement