មហា​សេដ្ឋី​ ប៊ី​ល ហ្គេ​ត (Bill Gates) សោក​ស្ដាយ​​ចំពោះ​ «យុវវ័យ»​ របស់​ខ្លួន ​កាល​ពី​​នៅ​​រៀន​ ព្រោះ​តែ ​«មិន​ចេះ​​សប្បាយ»!​

មហាសេដ្ឋី​ជនជាតិ​អាម៉េរិក លោក Bill Gates បានឱ្យដឹងថា ប្រការ​ដែល​លោក​សោកស្ដាយ​បំផុត​គឺ កាលពី​នៅ​រៀន លោក​មិនបាន​ចូលរួម​ក្នុង​ពិធីជប់លៀង និង​ដើរលេង​សប្បាយ​ឱ្យបាន​ច្រើន​នឹង​គេ។

ឆ្នាំ ១៩៧៥ លោក Bill Gates បានសម្រេច​ចិត្ត​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ Harvard ដ៏​ល្បីល្បាញ ប៉ុន្តែ​នោះ​មិនមែនជា​ប្រការ​ដែល​ធ្វើឱ្យ​លោក​សោកស្ដាយ​បំផុត​នោះទេ។ នៅក្នុង​ពិធី​ជួបពិភាក្សា​ជាមួយ​ក្រុមនិស្សិត​របស់​សាលា​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក Bill Gates ថ្លែងថា ប្រការ​ដែល​លោក​សោកស្ដាយ​ជាងគេ​បំផុត​គឺ កាលពី​ជំនាន់​នៅ​រៀន គាត់​មិនបាន​ចូលរួម​ក្នុង​ពិធីជប់លៀង និង​ដើរលេង​សប្បាយ​ឱ្យបាន​ច្រើន។

«ខ្ញុំ​បាន​រំលង​ចោល​ប្រការ​ជាច្រើន។ ខ្ញុំ​មិន​ធ្លាប់បាន​ចូលរួម​ក្នុងការ​ប្រកួត​បាល់ឱប បាល់បោះ ឬ​កីឡា​ប្រភេទ​ណាមួយ ពេល​នៅ Harvard។ គ្រប់យ៉ាង​ដែល​ខ្ញុំ​បានធ្វើ​គឺ រៀន និង​ស្រាវជ្រាវ» លោក Bill Gates ប្រាប់​ដូច្នេះ។

លោក​បន្តថា «ខ្ញុំ​មិនបាន​ចូលរួម​ធ្វើ​សកម្មភាព​សង្គម ឬ​ក្លឹប ឬ​ក្រុម​ណាមួយ​ឱ្យបាន​ញឹកញាប់។ ខ្ញុំ​ថែមទាំង​មិនបាន​ដឹង​អំពី​វត្តមាន​របស់​ពួកវា។

Bill Gates និង​ លោក Paul Allen បង្កើត​ក្រុមហ៊ុន​ Microsoft កាលពី​ឆ្នាំ​ ១៩៧៥

មហាសេដ្ឋី​រូបនេះ​យល់ថា ការចូលរួម​ធ្វើ​សកម្មភាព​ច្រើន និង​ជួប​មនុស្ស​ច្រើន​នឹង​នាំមក​នូវ​ប្រយោជន៍​មិនតិច​នោះទេ​សម្រាប់​ជោគជ័យ​នាពេល​អនាគត ជាជាង​ការ​គិតតែ​ពី​ការរៀនសូត្រ និង​ស្រាវជ្រាវ។

ទោះជា​យ៉ាងណាក៏ដោយ លោក​នៅតែ​ជា​ឧទាហរណ៍​លេចធ្លោ​ស្ដីពី​មនុស្ស​ម្នាក់​អាច​រកឃើញ​ផ្លូវ​សម្រាប់​ខ្លួនឯង និង​ជោគជ័យ​ត្រចះត្រចង់ ដោយ​មិនបាច់​មាន​សញ្ញាបត្រ​មហាវិទ្យាល័យ នៅក្នុង​ចំណោម​បុគ្គល​ជាច្រើន​ដែល​បាន​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ដើម្បី​កសាង​មុខ​ជំនួញ​ផ្ទាល់ខ្លួន ក្នុងនោះ​មានដូចជា សហ​ស្ថាបនិក​របស់ Facebook លោក Mark Zuckerberg, Steve Jobs ស្ថាបនិក​របស់ Apple ឬ Michael Dell ដែលជា CEO របស់ Dell Technologies ជាដើម។

ក៏ប៉ុន្តែ នេះ​មិនមែន​មានន័យថា គ្រប់គ្នា​គួរ​បោះបង់​ការសិក្សា ដើម្បី​ចេញ​រកស៊ី​នោះទេ។ ជំនួស​មកវិញ គ្រប់គ្នា​ត្រូវមាន​ការវាយតម្លៃ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ មុននឹង​សម្រេចយក​បុគ្គល​ណាមួយ​ជា​គំរូ៕

Advertisement