អតីត​កីឡាករ​បាល់ទាត់ ប្រែក្លាយ «ការងារ​ដៃ​ឆ្វេង» ឱ្យទៅជា​យីហោ​មានតម្លៃ ២ ពាន់​លាន​ដុល្លារ

Tim Brown ដែលជា​អតីត​កីឡាករ​បាល់ទាត់​មួយរូប បាន​ចែករំលែក​បទពិសោធន៍​ក្នុងការ​កសាង​យីហោ Allbirds ដ៏​ល្បីឈ្មោះ​នៅ អឺរ៉ុប និង​មានតម្លៃ ២ ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការងារ​បន្ថែម​កាលពី​គាត់​នៅ​រត់​លើ​វាលស្មៅ។

លោក Tim Brown ឱ្យដឹងថា កាលពី​នៅ​ជា​កីឡាករ​បាល់ទាត់ គាត់​ចូលចិត្ត​ផលិតផល​ដែល​បណ្ដា​ក្រុមហ៊ុន​ជូន​ដល់​លោក​ដោយ​មិន​គិតថ្លៃ​សម្រាប់​ការប្រើប្រាស់​សាកល្បង ប៉ុន្តែ គាត់​មានការ​បារម្ភ​អំពី​វិធី​ផលិត​របស់​វា។

ដូច្នោះ គាត់​ក៏បាន​សហការ​បង្កើត​ក្រុមហ៊ុនកាត់ដេរ Allbirds នៅ អឺរ៉ុប។ Allbirds បាន​ចុះ​បញ្ជិកា​លើ​ផ្សា​រមូល​ប​ត្រ​កាលពី​ខែវិច្ឆិកា ២០២១ ជាមួយនឹង​ការកំណត់​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ។

ជា​កីឡាករ​ដែល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ នូ​វែ​ល​សែ​ឡង់ នៅ World Cup ២០១០ លោក Brown ឱ្យដឹងថា៖ «ខ្ញុំ​បានដឹងថា ខ្ញុំ​អាចមាន​ឥទ្ធិពល​កម្រិតណា​ដល់ «សហគមន៍» របស់ខ្ញុំ»។

ជាក់ស្ដែង Brown ចាប់ផ្ដើម​ផលិត​ស្បែកជើង​ដូច​ទៅនឹង​ការងារ​ដៃ​ឆ្វេង​របស់គាត់ ក្រៅពី​អាជីព​ជា​កីឡាករ​បាល់ទាត់។ កាលណោះ គាត់​មិនទាន់បាន​គិតដល់​បញ្ហា​ស្ថិរភាព​នៅឡើយ។ ប៉ុន្តែ ដល់ពេល​បាន​ជួប Joey Zwillinger ដែលជា​វិស្វករ និង​ជា​អ្នកជំនាញ​ផ្នែក​ថាមពល​កកើត​ឡើងវិញ ទើប​គាត់​ចាប់ផ្ដើម​យល់​អំពី​ការគំរាមកំហែង​ពី​បំរែបំរួល​អាកាសធាតុ​មកលើ​ផែនដី និង​មនុស្សជាតិ។

អ្នក​ទាំងពីរ បាន​សហការគ្នា​កសាង​ក្រុមហ៊ុន Allbirds នេះ​ឡើង ដើម្បី​បង្កើត​ដំណោះស្រាយ​ជំនួស​ប្រកបដោយ​ស្ថិរភាព​សម្រាប់​ទីផ្សារ​ស្បែកជើង។ Allbirds មាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ ២០១៥ ក្នុងនាម​ជា​ក្រុមហ៊ុន​ប្រភេទ B Corp ដែល​ក្រុមហ៊ុន​ដែលមាន​ការទទួលខុសត្រូវ​ចំពោះ​សង្គម​ទាក់ទង​នឹង​បរិស្ថាន​ដែល​កើតឡើង​ពី​សកម្មភាព​ផលិត។

ពួកគេ​អភិវឌ្ឍ​ដំណោះស្រាយ​មួយ​ជំនួស​ឱ្យ​សារធាតុ ethylene-vinyl acetat ដែលមាន​ប្រភពពី​ប្រេង​ឆៅ ជា​ប្រភេទ​ជ័រ​មួយ​ដែល​ស្រដៀង​ទៅនឹង​កៅស៊ូ ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​បាត​ស្បែកជើង។ វត្ថុ​ធាតុ​របស់ Allbirds គឺមាន​ប្រភពពី​ផលិតផល​សំណល់​របស់​យន្ត​ការកែ​ច្នៃ​ស្ករអំពៅ ជា​វត្ថុ​ដែល​ល្អ​សម្រាប់​បរិស្ថាន។

ប៉ុន្តែ មិន​ឈប់​ត្រឹមនេះ​ទេ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Allbirds បានឱ្យដឹងថា៖ «យើង​អាច​កាត់បន្ថយ​ការចំណាយ​របស់ខ្លួន​ដោយ​វិធី​កែប្រែ​ដំណើរការ​នៃ​ការផលិត​វត្ថុ​ធាតុ​នេះ​ឱ្យទៅជា «open source» សម្រាប់​ភាគីផ្សេងៗយកទៅ​កែច្នៃ ដូច្នេះ យើង​អាចបង្កើត​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត»។

កសាង​ក្រុមការងារ​ដែល​ខ្លាំងក្លា

ប្រការ​អ្វីដែល​បង្កើតបាន​ក្រុមការងារ​ខ្លាំងក្លា? យោងតាម Brown នោះ​គឺ​ភាពខុសគ្នា។ «ភាពខុសគ្នា បង្កើតបានជា​កម្លាំង ក៏ដូចជា​សមត្ថភាព​ដើម្បី​បោះជំហាន​ទៅមុខ​បាន​ឆ្ងាយ​ជាង​អ្វីដែល​អ្នក​អាចធ្វើ​ម្នាក់ឯង»។ ការសហការ​គ្នា​រវាង Allbirds និង Adidas សម្រាប់​ការផលិត​ស្បែកជើង Futurecraft Footprint គឺជា​ឧទាហរណ៍​ជាក់ស្ដែង​មួយ​សម្រាប់ «ភាពខុសគ្នា» ដែល​ក្រុមហ៊ុន Allbirds បានលើកឡើង។

បង្ហាញខ្លួន និង​ស្ដាប់

Brown ផ្ដល់​អនុសាសន៍​ដល់​ប​ណ្ដា​សហគ្រិន​នានា ឱ្យ​យកចិត្តទុកដាក់​ទៅលើ​ការកែលំអ​ជា​បន្តបន្ទាប់​នូវ​ផលិត​ផល​​របស់ខ្លួន ដោយ «បង្ហាញខ្លួន» និង​ស្ដាប់​មតិ​ស្ថាបនា​ពី​អតិថិជន៕

Advertisement