កាំភ្លើង និង​ព្រះខ័ន​រាជ្យ​​របស់​អធិរាជ​បារាំង ត្រូវបាន​ទិញ​ក្នុងតម្លៃរាប់​លាន​ដុល្លារ​អាម៉េរិក

(សហរដ្ឋ​អាម៉េរិក)-ព្រះខ័នរាជ្យ​របស់​អធិរាជ ណាប៉ូឡេអុង ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ១៧៩៩ រួម​នឹង​កាំភ្លើង​ចំនួន ៥ ដើម របស់​ស្ដេច​អង្គ​នេះ ត្រូវបាន​ទិញ​ក្នុងតម្លៃ​ជាង ២.៨ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ការលក់​ដេញថ្លៃ។

Kevin Hogan ប្រធាន​ក្រុមហ៊ុន​រៀបចំ​ការលក់​ដេញថ្លៃ Rock Island ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅក្នុង​រដ្ឋ Illinois សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ៧ ធ្នូ បានឱ្យដឹងថា អាវុធ​របស់​អធិរាជ​បារាំង ណាប៉ូឡេអុង បូ​ណា​ប៉ា​រត៍ (Napoleon Bonaparte) ត្រូវបាន​ដាក់លក់​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​កាលពី​ថ្ងៃទី ៣ ធ្នូ ២០២១។

ដោយ​ចំណាយ​ប្រាក់ ២.៨៧ លាន​ដុល្លារ «អ្នកទិញ​កំពុងតែ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ផ្នែក​មួយ​ដ៏​មានតម្លៃ​របស់​ប្រវត្តិសាស្ត្រ» Kevin Hogan បាន​ប្រាប់ AFP ដូច្នេះ។ ព្រះខ័នរាជ្យ និង​កាំភ្លើង​ចំនួន ៥ ដើម ដំបូង​ឡើយ ត្រូវបាន​កំណត់​តម្លៃ​ចាប់ពី ១.៥ ដល់ ៣.៥ លាន​ដុល្លារ។

ព្រះខ័ន​នេះ​គឺជា​អាវុធ​លេចធ្លោ​បំផុត​នៅក្នុង​ចំណោម​អាវុធកំពូលៗដែល​ត្រូវបាន​ច្នៃ​ឡើង​ដោយ Nocolas-Noel Boutet ដែលជា​ប្រធាន​រោងចក្រ​ជាតិ​ផលិត​អាវុធ នៅ​តំបន់ Versailles។ អធិរាជ ណាប៉ូឡេអុង បាន​ប្រើប្រាស់​ព្រះខ័ន​នេះ​នៅពេល​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ ១៧៩៩ ដែល​បាន​ផ្ដួលរំលំ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ និង​បង្កើត​រដ្ឋាភិបាល​ថ្មី ជួយ​ឱ្យ​លោក​ក្លាយជា​បុគ្គល​ដែលមាន​អំណាច​ខ្លាំង​បំផុត​នៅ ប្រទេស​បារាំង។ ៥ ឆ្នាំ ក្រោយ​រដ្ឋប្រហារ ណាប៉ូឡេអុង បាន​ឡើង​គ្រង​រាជសម្បត្តិ​នៅ ប្រទេស​បារាំង។

បន្ទាប់ពី​បាន​ឡើង​គ្រង​រាជសម្បត្តិ អធិរាជ ណាប៉ូឡេអុង ក៏បាន​ប្រទាន​ព្រះខ័ន​នេះ​ដល់​មន្ត្រី​មួយរូប​ឈ្មោះ Jean-Andoche Junot ប៉ុន្តែ ក្រោយមក ភរិយា​របស់​មន្ត្រី​ម្នាក់នេះ បាន​លក់​ចោល ដើម្បី​យកប្រាក់​មក​ដោះស្រាយ​បំណុល។ យោងតាម​ក្រុមហ៊ុន Rock Island សារមន្ទីរ​មួយ​បាន​ទិញ​ព្រះខ័នរាជ្យ​នេះ ហើយ​ម្ចាស់​ចុងក្រោយ​បំផុត​របស់​អាវុធ​មួយ​នេះ​គឺជា​ជនជាតិ​អាម៉េរិក ដែល​ទើបតែ​បានទទួល​មរណភាព​កាលពីពេលថ្មីៗនេះ។

ណាប៉ូឡេអុង កើត​ឆ្នាំ ១៧៦៩ និង​បាន​សោយ​ទិវង្គត​ក្នុង​ឆ្នាំ ១៨២១។ អធិរាជ​អង្គ​នេះ ធ្លាប់បាន​កសាង​អាណាចក្រ​ដ៏​ធំ​ទូលាយ​​ដែល​គ្របដណ្ដប់​ស្ទើរតែ​ពេញ​មួយ​ទ្វីបអឺរ៉ុប។ ណាប៉ូឡេអុង ត្រូវបាន​ចាត់ទុកថា​ជា​មេដឹកនាំ​កងទ័ព​មួយរូប​ដែល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក៕

Advertisement