មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម ថា ចំនួន​ពាក្យស្នើសុំ​ធ្វើ​អាជីវកម្ម​ដែល​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​កើនឡើង​ខ្ពស់

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងនៅឯសណ្ឋាគារ អូឡាំព្យា ស៊ីធី កាលពីថ្ងៃទី ១២ កក្កដា

គិត​មកដល់​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានទទួល​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បាន​កើន​ដល់​ជិត ៧,០០០ ពាក្យ​ហើយ នេះ​បើតាម​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម។

ប្រសាសន៍​របស់ ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​លើក​ឡើង​​​នៅឯ​សណ្ឋាគារ អូ​ឡាំ​ព្យា ស៊ី​ធី ក្នុង​ពិធី​បិទ​វគ្គ និង​ប្រគល់​វិញ្ញាបនបត្រ​បណ្តុះបណ្តាល ស្តីពី​អាជីវកម្ម​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម កាលពី​រសៀល​ថ្ងៃទី ១២ កក្ដ​ដា។

យោងតាម​ប្រសាសន៍​របស់លោក​ជំទាវ តឹក​រ៉េត កំរង ចរន្ត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤ កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ ក្នុងនោះ វិស័យ​ធុរកិច្ច​ទទួលរង​ឥទ្ធិពល​ពី​បច្ចេកវិទ្យា​ឌីជីថល ខ្លាំងក្លា​ជាងគេ។ អាជីវកម្ម​បែប​ឌីជីថល​បច្ចុប្បន្ន ពិតជា​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​បច្ចេក​វិទ្យា​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ។

កម្មវិធី​បណ្តុះបណ្តាល ស្តីពី​អាជីវកម្ម​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ខាងលើនេះ ត្រូវបាន​អនុវត្ត​ដោយ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា គាំទ្រ​ដោយ​ភ្នាក់ងារ​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ក្រោម​ការផ្តួចផ្តើម​ថ្មី នៃ​គម្រោង​ពង្រីក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​នៅ កម្ពុជា ផ្តោតលើ​ជំនាញ និង​សហគ្រិនភាព សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដែល​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង កម្មវិធី EIF (Enhanced Integrated Framework)៕

Advertisement