អ្នកជំនាញ​ផ្នែក​បញ្ញា​សិប្បនិម្មិត វ័យ ៣៧ ឆ្នាំ ក្លាយជា CEO របស់ Twitter

Parag Agrawal គឺជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត ឥណ្ឌា និង​ជា​អ្នកឯកទេស​ផ្នែក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត នឹង​ចូលកាន់​តំណែង​នាយក​ប្រតិបត្តិ​ជំនួស​ស្ថាបនិក Jack Dorsey។

លោក​ Agrawal កើត​ឆ្នាំ ១៩៨៤ នៅ ប្រទេស​ឥណ្ឌា និង​បាន​ចូលទៅ​រស់នៅក្នុង​ទឹកដី​អាម៉េរិក ដូច​ទៅនឹង​ប្រធាន​ក្រុមហ៊ុន Microsoft លោក Satya Nadella និង នាយក​ប្រតិបត្តិ​របស់ Google លោក Sundar Pichai។ Agrawal ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញា​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា និង​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ Stanford។

Jack Dorsey ស្ថាបនិក​របស់​ Twitter

មុនពេល​ត្រូវបាន Dorsey ជ្រើសរើស​ឱ្យ​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់ Twitter លោក Agrawal ពុំមែន​ជាម​នុស្ស​ល្បីឈ្មោះ​ទេ សូម្បីតែ​ចំពោះ​បុគ្គលិក​របស់​បណ្ដាញ​សង្គម​នេះ។ លោក Agrawal បានធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នេះ​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ដោយ​ធ្លាប់បាន​កាន់តំណែងខុសៗគ្នា​ជាច្រើន។ ស្ថាបនិក Dorsey និង Agrawal ក៏​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា។

Agrawal ដែលមាន​ជំនាញ​ខាង​ប្រព័ន្ធ «Artificial Intelligence (AI)» ឬ​ហៅថា «បញ្ញា​សិប្បនិម្មិត» និង «Machine Learning (ML)» ឬ​ហៅថា «ម៉ាស៊ីន​សិក្សា» បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន Twitter កាលពី​ខែតុលា ២០១១ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី គាត់​ត្រូវបាន​ជ្រើសរើស​ជា​វិស្វករ​ឆ្នើម​របស់​ក្រុមហ៊ុន។ ឆ្នាំ ២០១៧ លោក​ក្លាយជា​នាយក​ផ្នែក​បច្ចេកវិទ្យា​របស់ Twitter។

Agrawal គឺជា​បុគ្គល​ទី ៤ ហើយ ដែល​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់ Twitter បន្ទាប់ពី Drsey, Evan Williams និង Dick Costolo។ លោក​ក៏​ជា​មេដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ដែលមាន​វ័យ​នៅ​ក្មេង​បំផុត​នាបច្ចុប្បន្ន ពោលគឺ​ស្មើនឹង​វ័យ​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Meta (Facebook) លោក Mark Zuckerberg៕

Advertisement