ហាង​កាហ្វេ បម្រើភ្ញៀវ​ដោយ​មនុស្ស​យន្ត​ដែលមាន​ជនពិការ​បញ្ជា​ពី​ចម្ងាយ​រាប់​រយ​គីឡូដី

មនុស្ស​យន្ត​ទាំងឡាយ​នៅក្នុង​ហាង​កាហ្វេ​នេះ សុទ្ធតែ​ត្រូវបាន​បញ្ជា​ដោយ​បុគ្គលិក​ដែលជា​ជនពិការ ចាប់ពី​ការ​ឆុង​កាហ្វេ រហូតដល់​ការសន្ទនា​ជាមួយ​អតិថិជន និង​ការលើក​ភេសជ្ជៈ​ជូន​ភ្ញៀវ។

ឆ្នាំ 2017 ក្រោយ​រយៈពេល 7 ឆ្នាំ​ដែល​បានធ្វើការ​ជា​បុគ្គលិក​ឆុង​កាហ្វេ Mikako Fujita ដឹងខ្លួន​ថា ការចង​សក់​របស់ខ្លួន​បានក្លាយ​ជា​រឿង​លំបាក។ ក្រោយមក នាង​ក៏​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យឃើញថា កើត​ជំងឺ​ពិការ​មួយ​ចំហៀង​ខ្លួន ឬ​ហៅថា ALS ជា​ជំងឺ​ដែល​មិនអាច​ព្យាបាល​ជា។

ប៉ុន្តែ 4 ឆ្នាំ​ក្រោយមក Fujita នៅតែ​បម្រើការ​ជា​អ្នក​ឆុង​កាហ្វេ​នៅ​ហាង Dawn Avatar Robot Cafe ស្ថិតក្នុង​ខណ្ឌ Nihonbashi នៃ​រាជធានី​តូ​ខ្យូ ប្រទេស​ជប៉ុន។ ចំនុច​ខុសគ្នា​តែមួយគត់ នោះ​គឺ​ពេលនេះ នាង​ធ្វើការ​ពី​ផ្ទះ​ក្នុង​ខេត្ត Aichi ភាគ​កណ្ដាល​ប្រទេស ដែលមាន​ចម្ងាយ 300 គីឡូម៉ែត្រ​ពី​ហាង​កាហ្វេ។

បុគ្គលិក​ម្នាក់​របស់​ហាង​កាហ្វេ​ Dawn

ដើម្បី​ធ្វើការ​បាន Fujita ប្រើប្រាស់​មនុស្ស​យន្ត​មួយគ្រឿង​ដែលមាន​ឈ្មោះថា Tele-Barista។ មនុស្ស​យន្ត​នេះ​អាច​ឆុង​កាហ្វេ​ដូច​ទៅនឹង​បុគ្គលិក​ជា​មនុស្សពិត។ Fujita បញ្ជា​ទៅលើ​មនុស្ស​យន្តហោះ​ដោយ​ប្រើប្រាស់​កុំព្យូទ័រ។ នៅពេល​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើឱ្យ​ការ​កម្រើក​ដៃជើង​ក្លាយជា​រឿង​លំបាក នាង Fujita ក៏​ចាប់ផ្ដើម​មាន​គម្រោង​ងាក​ទៅ​បញ្ជា​រ៉ូ​បូត​ដោយ​ប្រើ​ចលនា​របស់​ភ្នែក។

Fujita ក៏​ប្រើប្រាស់​រ៉ូ​បូត​ផ្សេង​មួយទៀត​ដែល​ឈរ​នៅលើ​ស្មា​របស់​រ៉ូ​បូត​មួយគ្រឿង​ដែលមាន​តួនាទី​ឆុង​កាហ្វេ។ វា​មាន​រូបរាង​តូច និង​មាន​កាមេរ៉ា​ដើម្បី​អាច​និយាយ​ទាក់ទង​បាន​ជាមួយ​អតិថិជន។ កូន​រ៉ូ​បូត​នេះ​មាន​ឈ្មោះថា OriHime កម្ពស់​ប្រហែល 20 សង់ទីម៉ែត្រ។

Fujita វ័យ 50 ឆ្នាំ បាន​ប្រាប់ថា ក្រោយពី​ដឹងថា មាន​ជំងឺ ALS នាង​យំ​ស្ទើរ​ពេញ​មួយ​យប់។ ប៉ុន្តែ តាំងពី​ធ្វើការ​តាមរយៈ OriHime ចាប់ពី​ឆ្នាំ 2018 នាង​មាន​អារម្មណ៍​ថា មាន​ក្ដីសង្ឃឹម​ថ្មី។

«ខ្ញុំ​ពុំដែល​ស្រមៃ​ដល់​ការ​ឆុង​កាហ្វេ​ពី​ចម្ងាយ​នោះទេ។ អរគុណ​ការគាំទ្រ​របស់​គ្រប់គ្នា ព្រោះ​បាន​ជួយ​ឱ្យ​ខ្ញុំ​មាន​ក្ដីសង្ឃឹម។ នៅពេល​ខ្ញុំ​ឆុង​កាហ្វេ​ឱ្យ​ភ្ញៀវ ពួកគេ​និយាយថា វា​ពិតជា​ឆ្ងាញ់» Fujita រៀបរាប់​ដូច្នេះ។

បើទោះជា​ហាង​កាហ្វេ Dawn មាន​បុគ្គលិក​ជា​មនុស្ស​យន្ត ប៉ុន្តែ​វា​នៅតែ​រក្សាបាន​នូវ​អារម្មណ៍​របស់​មនុស្ស ដោយសារតែ​បុគ្គលិក​ប្រហែល 60 នាក់ គឺជា​អ្នកបញ្ជា​រ៉ូ​បូត​ដូច Fujita ហើយ​ពួកគេ​ស្ទើរតែ​ទាំងអស់ ជា​ជនពិការ។ ការសន្ទនា និង​សំណើច​រវាង​អ្នកបញ្ជា​មនុស្ស​យន្ត និង​ភ្ញៀវ បន្លឺឡើង​ពាសពេញ​ហាង ខណៈដែល​មនុស្ស​យន្ត​លើក​ភេសជ្ជៈ OriHime-D ផ្លាស់​ទី​ពី​តុ​មួយ ទៅ​តុ​មួយ។

ហាង Dawn ត្រូវបាន​គ្រប់គ្រង​ដោយ Ory Lab។ ហាង​នេះ​បើក​ដំណើរការ​កាលពី​ខែមិថុនា បន្ទាប់ពី​បាន​សាកល្បង​បួន​លើក​តាំងពី​ឆ្នាំ 2018។ ហាង​នេះ​ស្ថិតនៅក្នុង​អគារ​ជាមួយគ្នា​នឹង​ការិយាល័យ​របស់​ក្រុមហ៊ុន ដូច្នេះ ក្រុម​អ្នក​អភិវឌ្ឍ​អាច​ចុះមក​កែតម្រូវ​រ៉ូ​បូត​បាន​គ្រប់ពេល បើសិនជា​ចាំបាច់។

Yoshifuji ដែលជា​ស្ថាបនិក​របស់ Ory Lab គឺជា​វិស្វករ​ម្នាក់​ធ្លាប់​នៅផ្ទះ 3 ឆ្នាំកន្លះ ដោយសារតែ​ជំងឺ​កាលពី​នៅ​វ័យ​ជំទង់។ កាលណោះ គាត់​ស្រមៃ​ចង់បាន​រាងកាយ​ពីរ ឬ​បី ដាច់ដោយឡែក។ ក្ដី​ស្រមៃ​នេះ នាំឱ្យមាន​វត្តមាន​រប​ស់មនុស្ស​យន្ត OriHime កំណែ​ដំបូង​នៅ​ឆ្នាំ 2010។ ពីរ​ឆ្នាំ​ក្រោយមក Yoshifuji ក៏បាន​បង្កើត Ory Lab។

Kentaro Yoshifuji ស្ថាបនិករបស់ Ory Lab

ដោយ​ប្រើប្រាស់​រ៉ូ​បូត OriHime-D ដែល​អាច​នាំយក​សម្ភារ និង​ផ្លាស់​ទី​បាន​យ៉ាង​ល្អ ជួយ​ឱ្យ​ការបើក និង​គ្រប់គ្រង​ហាង​កាហ្វេ​ពី​ចម្ងាយ​ក្លាយជា​រឿង​អាចទៅរួច។ Ory Lab ប្រមូល​ទុន​បាន​ជាង 44 លាន​យ៉េន (400,000 ដុល្លារ​អាមេរិក) ចាប់ពី​ខែមីនា ដល់​ខែឧសភា សម្រាប់​ការបើក​ដំណើរការ​ហាង។ ក្រុមហ៊ុន​នេះ​ក៏​ទទួលបាន​ការឧបត្ថម្ភ គាំទ្រ​ពី​ក្រុមហ៊ុនធំៗជាង 10 ផងដែរ។

«ជនពិការ​ដែល​មិនអាច​ធ្វើការ​បាន ប៉ុន្តែ យើង​ចង់​បង្ហាញថា ឱកាស​ការងារ​តែងតែ​មាន​សម្រាប់​មនុស្ស​ដែល​មិនអាច​បញ្ជា​លើ​រាងកាយ ឬ​មិនអាច​និយាយបាន។ ខ្ញុំ​ចង់ឱ្យ​អតិថិជន​ដឹងថា មនុស្ស​ទាំងនេះ​គឺមាន ហើយ​ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​សង្គម​របស់​យើង» Yoshifuji ថ្លែង​ដូច្នេះ។

ហាង​កាហ្វេ Dawn កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អន្តរជាតិ។ កាលពី​សប្ដាហ៍​មុន Sophie Cluzel រដ្ឋមន្ត្រី​ជាតិ​ដើម្បី​ជនពិការ​របស់ បារាំង បាន​ចូលធ្វើ​ទស្សនកិច្ច​ហាង​កាហ្វេ​នេះ នៅក្នុង​ដំណើរ​មកកាន់ តូ​ខ្យូ ដើម្បី​ចូលរួម​ពិធី​បើក​ការ​ប្រ​កូត​កីឡា Paralympics សម្រាប់​ជនពិការ កាលពី​ថ្ងៃទី 24 សីហា។ «ពិតជា​មានការ​ច្នៃប្រឌិត​ខ្ពស់ នៅពេល​គ្រប់គ្នា​អាច​រក្សាបាន​ការងារ​រ​បស់​ខ្លួន» លោកស្រី​និយាយ​ដូច្នេះ និង​យល់ថា នេះ​គឺជា​ការទាក់ទាញ​ប្រកបដោយ​មនុស្សធម៌។

ក្រៅពី​ការគ្រប់គ្រង​ហាង​កាហ្វេ Ory Lab ក៏​ថែមទាំង​រកប្រាក់​តាមរ​យៈ​ការដាក់ឱ្យ​ជួល​រ៉ូ​បូត និង​បុគ្គលិក​បញ្ជា​រ៉ូ​បូត សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​ដែលមាន​តម្រូវការ​ផងដែរ។ Yoshifuji ឱ្យដឹងថា បុគ្គលិក​ជាង 30 នាក់​របស់ខ្លួន កំពុងធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ដទៃ៕

Advertisement