ក្រសួងកសិកម្មចេញវិធានការ6ចំណុចជំរុញឱ្យប្រជាជនបង្កើត និងពង្រឹងអាជីកម្មកសិកម្ម

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីណែនាំ​ស្តីពី​ការបង្កើត និង​ពង្រឹង​បណ្តុះ​អាជីវកម្ម​កសិកម្ម ក្រុម​ក​សិ​ផលិត និង​សហគមន៍​កសិកម្ម ដើម្បីឱ្យ​វិស័យនេះ​មាន​កម្លាំង​កាន់តែខ្លាំង​ក្នុង​ការផលិត និង​ការ​ចរាចរណ៍​ផលិតផល​កសិកម្ម​ក្នុង​ទីផ្សារ។

នៅក្នុង​សេចក្តីណែនាំ​នោះ ក្រសួង​បានដាក់​នូវ​ផែនការ ក៏ដូចជា​វិធានការ​ចំនួន6ចំណុច ដើម្បី​ធ្វើយ៉ាងណា​ទាញយក​ផលប្រយោជន៍​ជា​វិជ្ជមាន​សម្រាប់​វិស័យ​កសិកម្ម និង​ជាពិសេស​សម្រាប់​កសិករ​នៅក្នុង​ប្រទេស។ វិធានការ​ទាំងអស់នោះ​មានដូចជា៖

  1. ត្រូវ​រៀបចំ​បង្កើត​បន្ថែម​នូវ​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឱ្យបាន​កាន់ តែ​ច្រើនឡើង​ថែមទៀត ក្នុងន័យ​បង្កើនបាន​ពេញលេញ នូវ​សមត្ថភាព​ផ្គត់ផ្គង់ ជាពិសេស​បង្កើន​នូវ​សមត្ថភាព​ចរចា​ថ្លៃ ជាមួយ​អ្នកប្រមូល​ទិញ​ផលិតផល​កសិកម្ម ដែល​វិធានការ​នេះ​នឹង​លើកទឹកចិត្ត​ប្រជាកសិករ ឱ្យធ្វើ​ការដាំដុះ​ដំណាំ​ស្បៀង ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​កាន់តែ​សកម្ម និង​មិនមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ទីផ្សារ។
  2. ត្រូវខិតខំ​បន្តទៀត​នូវ​ផែន​ការផលិត របស់​ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍ កសិកម្ម​ឱ្យ​ផលិត​ស្របទៅតាម​តម្រូវការ និង​ពេលវេលា​ដែល​ត្រូវ​ចុះ ទៅ​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន ឬ​អ្នកប្រមូល​ទិញ ផលិតផល​កសិកម្ម ដែល​អាច​ជៀសវាង​បាន​នូវ​ការផលិត​ជន់​ជោរ និង​មិនមាន​ទីផ្សារ​ច្បាស់លាស់។
  3. ត្រូវ​សហការ​ឱ្យបាន​ល្អប្រសើរ​ជាមួយ គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​បង្កើត និង​អនុវត្ត​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា​រវាង​ក្រុម​បណ្ដុះ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម សំដៅ​ផ្គត់ផ្គង់​ស្បៀងអាហារ អង្ករ ត្រី សាច់ ប្រកបដោយ​ភាពជឿជាក់ និង​មាន​ប្រសិទ្ធភាព។
  4. ត្រូវ​រៀបចំ​បង្កើត​ផ្សារ​កសិករ ឬ​ទីតាំង​សមស្រប​ណាមួយ ដែល​អាចឱ្យ​កសិករ​យក​ផលិតផល​សុវត្ថិភាព មក​តាំង​លក់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ ធានាបាន​នូវ​ការផ្គត់ផ្គង់ និង​រក្សាបាន​តុល្យភាព​តម្លៃ​ទីផ្សារ។
  5. ត្រូវ​ពិចារណា​ធ្វើ​ហិរញ្ញប្បទាន និង​បណ្ដុះបណ្ដាល ណែនាំ​ផ្សព្វផ្សាយ​បច្ចេកទេស ឱ្យបាន​សកម្ម​ដល់​ក្រុម​ប​ណ្ដុ អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស និង​ការគ្រប់គ្រង​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់។
  6. ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​សម្រួល​ដល់ ក្រុម​បណ្ដុំ​អាជីវកម្ម​កសិកម្ម ក្រុម​កសិករ​ផលិត និង​សហគមន៍​កសិកម្ម ឱ្យទទួល​បាន​ឥណទាន​មាន​អត្រា​ការប្រាក់​ទាប សមរម្យ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម និង​ប្រើប្រាស់​អគ្គិសនី ក្នុង​វិស័យ​កសិកម្ម​ប្រកបដោយ​ភាពអនុគ្រោះ។
  7. រដ្ឋបាល​ជលផល​ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ នូវ​សំណើសុំ​នាំចូល​ផល ផលិតផល​ជលផល​ពី​បរទេស ដោយ​មិនត្រូវ​អនុញ្ញាតឱ្យ​នាំចូល​នូវ​ផល ផលិតផល​ជលផល ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​ផល​ផលិតផល​វារីវប្បកម្ម​ក្នុងស្រុក៕

Advertisement