ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ចំការ​ចេក​របស់​ក្រុម​ហ៊ុន​វៀតណាម THACO AGRI នៅ​ កម្ពុជា

កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។

នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។

បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ – ចិញ្ចឹម​គោ និង​ពពែ​។

បច្ចុប្បន្ន សកម្មភាព​វិនិយោគ​សាកល្បង​របស់​ក្រុម​ហ៊ុន​ខាងលើនៅ​ កម្ពុជា បាន​ទទួល​ជោគ​ជ័យ និង​អាច​វិនិយោគ​ទ្រង់​ទ្រាយ​ធំ​​។ ប្រការ​នេះត្រូវ​បាន​បញ្ជាក់​ដោយ​​​ប្រធាន​ក្រុម​ហ៊ុន THACO AGRI តាម​រយៈ​ការ​ស្នើសូម​ការ​អនុញ្ញាត​ពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត ដើម្បី​​បង្កើត​ក្រុម​ហ៊ុន​វិនិយោគ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​ចំនួន​ពីរ​នៅ​ក្នុង​ស្រុកស្នួល ខេត្តក្រចេះ និង​ស្រុក​លំផាត់ ខេត្ត​រតនគីរី។ គម្រោង​នេះ​អាច​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។

ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ កាល​ពិ​ថ្ងៃទី 12 ធ្នូ 2023 នៅ​ ហាណូយ ប្រទេស​វៀតណាម

THACO AGRI ក៏​គ្រោង​នឹង​​វិនិយោគ​​នៅ​តំបន់​សេដ្ឋកិច្ច​ក្បែរ​ព្រំ​ដែន​ គម្រោង​ផលិត​ម៉ាស៊ីន​ ​ឧស្សាហកម្ម​ជំនួយ​ ក៏ដូច​ជា​ពាណិជ្ជកម្ម និង​សេវា​កម្ម​ជា​ដើម​។ល។

ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ THACO AGRI សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​អបអរសាទរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​វិនិយោគ​របស់ THACO AGRI ក្នុង​វិស័យ​កសិកម្ម​នៅ​ កម្ពុជា ព្រម​ទាំង​គាំទ្រ​ចំពោះ​​ការ​អនុវត្ត​គម្រោង​វិនិយោគ​នា​ពេល​ខាង​មុខ​ របស់​ក្រុម​ហ៊ុន​វៀតណាម​មួយ​នេះ​ផងដែរ​៕

Advertisement