ចិន បង្កើត «សណ្ឋាគារ​ជ្រូក» ដើម្បី​ការពារ​ប្រភព​ផ្គត់ផ្គង់

«សណ្ឋាគារ​ជ្រូក» កម្ពស់​ច្រើន​ជាន់​គឺជា​ដំណោះស្រាយ​ថ្មី​មួយ​សម្រាប់​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ដូច ចិន ដើម្បី​ការពារ​ជ្រូក​របស់​ប្រទេស​នេះ ពី​ការយាយី​របស់​ជំងឺឆ្លង​មួយចំនួន ដូចជា​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ជាដើម។

ចិន កំពុងតែ​នាំយក​បញ្ហា​សុវត្ថិភាព​ជីវសាស្ត្រ​សម្រាប់​សត្វ​ជ្រូក ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត។ អគារ​កម្ពស់ 13 ជាន់ ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​នេះ ត្រូវបាន​សាងសង់ឡើង​ដើម្បី​ចិញ្ចឹម​ជ្រូក​ប្រមាណ 10,000 ក្បាល។ ជ្រូក​នៅទីនេះ រស់នៅក្នុង​បរិស្ថាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ក្នុងនោះ​មាន​ទាំង​កាមេរ៉ា​តាមដាន ផ្លូវចេញចូល​មានកំណត់ សេវាកម្ម​ពេទ្យសត្វ​នៅនឹងកន្លែង ហើយ​អាហារ​ក៏ត្រូវ​បានរៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន។

ដំណើរការ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​ផ្នែក​ជីវសាស្ត្រ​ដល់​ប្រភព​ផ្គត់ផ្គង់​សាច់​ជ្រូច នៅ​ចំពោះមុខ​វីរុស​ជាច្រើន​ប្រភេទ រួមទាំង​ជំងឺប៉េស្ត​ជ្រូក (African swine fever) ដែល​ធ្លាប់បាន​លុបបំបាត់​ជ្រូក​ប្រមាណ​ពាក់កណ្ដាល​នៃ​ចំនួន​ជ្រូក​សរុប​ទូទាំងប្រទេស​របស់​ចិន ក្នុង​ឆ្នាំ 2018 និង 2019។

រូបមន្ត​ដែលមាន​រហ័ស​នាម​ថា «សណ្ឋាគារ​ជ្រូក» នេះ ត្រូវ​សាងសង់ឡើង​ដោយ​បណ្ដា​ក្រុមហ៊ុន​ដូចជា Muyuan Foods និង New Hope Group។ រូបមន្ត​នេះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេសផ្សេងៗតាំងពី​យូរ​មកហើយ ដើម្បី​គ្រប់គ្រង និង​ការពារ​សត្វ​ជ្រូក​ពី​ជំងឺ​កាច​សាហាវផ្សេង។

Rupert Claxton ប្រធាន​ផ្នែក​សាច់​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Gira នៃ​ប្រទេស អង់គ្លេស បាន​វាយតម្លៃថា ប្រទេស​ចិន កំពុង​រៀនសូត្រ​អំពី​វិធីសាស្ត្រ​ល្អ​បំផុត​ពី អឺរ៉ុប និង សហរដ្ឋអាមេរិក ដើម្បី​កាត់បន្ថយ​គម្លាត​ផ្នែក​សុវត្ថិភាព​ជី​វិ​សាស្ត្រ។ «ក្នុង​រយៈពេល 20 ឆ្នាំ ពួកគេ​អាចធ្វើ​បាន​នូ​វប្រ​ការដែល​ជនជាតិ​អាមេរិក ប្រហែលជា​ត្រូវ​ចំណាយពេល 100 ឆ្នាំ ទើប​អាច​ធ្វើបាន»។

ជំងឺ​បេ​ស្ដ​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះ​ឆ្លង​រាលដាល​យ៉ាងខ្លាំង​ក្លា​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំ 2018។ ក្នុង​រយៈពេល 1 ឆ្នាំ ជ្រូក​ជាង 400 លាន​ក្បាល​របស់​ប្រទេស​នេះ ត្រូវបាន​សម្លាប់ចោល ដែល​ចំនួន​នេះ ច្រើនជាង​ចំនួន​ជ្រូក​ប្រចាំឆ្នាំ​របស់ សហរដ្ឋអាមេរិក និង ប្រេ​ស៊ី​ល បូក​ចូលគ្នា​ទៅទៀត។ បញ្ហា​នេះ​ក៏បាន​នាំឱ្យ​តម្លៃ​សាច់ជ្រូក​កើនឡើង​ខ្ពស់ បណ្ដាលឱ្យ​តម្រូវការ​នៃ​ការនាំ​ចូល​ពី​បរទេស កើនឡើង​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក។

នៅពេល​បញ្ហា​អតិ​ភរ​ណា​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុងអំឡុងពេល 8 ឆ្នាំ រដ្ឋាភិបាល​ចិន ត្រូវ​ងាក​ទៅរក​ប្រភព​សាច់ជ្រូក​ក្លាសេ​ជាបន្ទាន់ ដើម្បី​បញ្ចុះតម្លៃ ទន្ទឹមនឹង​គោលនយោបាយ​ថ្មី សម្រាប់​ការប្ដូរ​ទៅរក​សកម្មភាព​ចិញ្ចឹម​ជ្រូក​តាមបែប​ឧស្សាហកម្ម​ទំនើប។

មកដល់​បច្ចុប្បន្ន បរិមាណ​ជ្រូក​ក្នុងស្រុក បាន​ងើប​ឡើងវិញ​លឿន​ជាង​ការ​ព្យាករ ដោយសារ​កសិដ្ឋានធំៗ នាំគ្នា​បង្កើន​ទំហំ​នៃ​ការចិញ្ចឹម។ តម្លៃ​របស់​សាច់ជ្រូក​ក៏បាន​ធ្លាក់ចុះ​រហូតដល់​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​សញ្ញា​អាសន្ន ហើយ​ឃ្លាំង​ជាតិ ក៏ត្រូវ​បើក​យុទ្ធនា​ការប្រមូលទិញ​សាច់ជ្រូក​យកមក​រក្សាទុក ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ក្នុង​ទីផ្សារ។

ប៉ុន្តែ ការ​គំរាម​ពី​វីរុស​នានា នៅតែ​កើតមាន។ ជំងឺឆ្លង​ចំនួន 11 លើក បានកើត​ឡើងលើ​សត្វ​ជ្រូក ក្នុង​ឆ្នាំ 2021 នាំឱ្យ​ជ្រូក​ជាង 2,000 ក្បាល​ត្រូវបាន​សម្លាប់ចោល ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស ដូចជា សហរដ្ឋអាមេរិក ដា​ណឺ​ម៉ាក និង​ហូ​ឡង់ ជាដើម ពុំ​ធ្លាប់មាន​របាយការណ៍​ស្ដីពី​ជំងឺ​ដូច​នៅ​ប្រទេស​ចិន។

ដូច្នេះហើយ ចិន ក៏​ព្យាយាម​កែលម្អ​វិធីសាស្ត្រ​ចិញ្ចឹម​ជ្រូក និង​បង្កើន​បរិមាណ​សត្វ​ជ្រូក​ក្នុងប្រទេស។ គិត​មកដល់​ឆ្នាំ 2020 57% នៃ​បរិមាណ​សាច់ជ្រូក​របស់​ប្រទេស​នេះ គឺ​បានមកពី​កសិដ្ឋានធំៗ ដែល​អាច​ចិញ្ចឹម​បាន​ជាង 500 ក្បាល ក្នុងមួយឆ្នាំ។

ការកែលម្អ​វិធីសាស្ត្រ​ចិញ្ចឹម​ជ្រូក​នៅ​ប្រទេស​ចិន រួមមាន​ដូចជា ការសាងសង់​កសិដ្ឋាន​បែប​ឧស្សាហកម្ម​ទំនើប ក្នុងនោះ​ក៏មាន​ការសាងសង់​អគារខ្ពស់ៗសម្រាប់​ចិញ្ចឹម​ជ្រូក ការសាងសង់​កន្លែង​ស្នាក់នៅ​សមរម្យ​សម្រាប់​បុគ្គលិក កម្មករ​នៅ​កសិដ្ឋាន ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​របស់​ពួកគេ​ជាមួយនឹង​បរិស្ថាន​នៅ​ខាងក្រៅ។ល។

Advertisement