កសិដ្ឋាន​រាង​មូល​ខ្នាត​យក្ស​លើ​សមុទ្រ​ខ្សាច់របស់អេមីរ៉ាត់​អារ៉ាប់រួម

កសិដ្ឋាន​ស្ថិតនៅក្នុង​រដ្ឋ Sharjah រួមមាន​តំបន់​ដាំ​ដុះ​ចំនួន 8 ដែលមាន​រាង​មូល ប្រើប្រាស់​បញ្ញា​និមិត្ត (IA) និង​ប្រព័ន្ធ​ស្កេ​នក​ម្ដៅ​ដើម្បី​គ្រប់គ្រង​ទឹក​ស្រោចស្រព និង​តាមដាន​ដំណាំ។

កសិដ្ឋាន​ទំនើប​នេះ​ជួយ​បង្កើន​សន្តិសុខ​ស្បៀង​នៅក្នុង​ដែនដី​នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE)។ វា​ស្ថិតនៅ Sharjah ដែលជា​រាជាណាចក្រ​ធំជាងគេ​លំដាប់​ទី​បី​នៅ UAE។ កសិដ្ឋាន​នេះ​មាន​តំបន់​ដាំ​ដុះ​ចំនួន 8 ដែលមាន​រាង​មូល និង​​ខ្នាត​យក្ស។ កសិដ្ឋាន​នេះ​ត្រូវបាន​ស្រោចស្រព​ទឹក​ដែល​បាន​បន្សាប​​ជាតិ​ប្រៃ ប្រមាណ​ 18 លាន​លីត្រ​ជា​រៀងរាល់ថ្ងៃ។

កសិដ្ឋាន​នេះ​ដាំ​ស្រូវ​សាលី​ចំនួន 35 ប្រភេទ​ដែល​យកមក​ពី​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងរក​ប្រភេទ​ដែល​សមស្រប​បំផុត​សម្រាប់​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស។ កសិដ្ឋាន​នេះ​មិន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត គីមី ឬ​ដំណាំ​ដែល​បាន​កែប្រែ​ហ្សែ​ន។

បញ្ញា​និម្មិត និង​ប្រព័ន្ធ​ស្កេ​នក​ម្ដៅ វិភាគ​ទិន្នន័យ​ស្ដីពី​អាកាសធាតុ និង​ដី។ វិធី​នេះ​ជួយ​ឱ្យ​កសិដ្ឋាន​ទទួលបាន​ការស្រោចស្រព​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព ទន្ទឹមនឹង​ការតាមដាន​ការលូតលាស់​របស់​ដំណាំ។ តាម​ការរំពឹងទុក កសិដ្ឋាន​នេះ​អាច​ផ្ដល់​ទិន្នផល​ស្រូវ​សាលី​​ប្រមាណ 1,600 តោន​ជា​រៀងរាល់ឆ្នាំ។ ប៉ុន្តែ​តួលេខ​នេះ​នឹង​កើនឡើង​ខ្ពស់​នាពេល​ដ៏​ខ្លី​ខាងមុខ ព្រោះ UAE មាន​គម្រោង​បង្កើន​ទំហំ​ផ្ទៃដី​នៃ​កសិដ្ឋាន​នេះ​ឱ្យបាន​ដល់ 1,400 ហិកតា​នៅ​ឆ្នាំ 2025 ហើយ​ចុងក្រោយ​គឺ 1,900 ហិកតា។

នៅពេល​មាន​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ដូចខាងលើ រដ្ឋាភិបាល UAE សង្ឃឹមថា កសិដ្ឋាន​របស់​ពួកគេ​អាច​ប្រកួតប្រជែង​តម្លៃ​ជាមួយនឹង​ស្រូវ​សាលី​​ដែល​នាំចូល​ពី​បរទេស។ UAE នាំចូល​ស្រូវ​សាលី 1.7 លាន​តោន​ក្នុង​ឆ្នាំ 2022។

អេ​មី​រ៉ា​ត​អារ៉ាប់​រួម​កំពុងតែ​ប្រឹងប្រែង​ក្នុង​ការផលិត​ស្បៀង​ក្នុងស្រុក បន្ទាប់ពី​បានទទួល​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព និង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន។ ព្រឹត្តិការណ៍​ទាំងពីរ​នេះ​សុទ្ធតែ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សន្តិសុខ​ស្បៀង​របស់​ពិភពលោក៕

Advertisement