អាសន្នរោគ​​ Corona មិន​ទាន់​ចប់​ផង ចិន​ត្រូវ​ទទួល​ផ្ដាសាយ​បក្សី H5N1 មួយ​ជាន់​ទៀត​!

ក្រសួង​កសិកម្ម​ចិន បាន​ឱ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​​ក្នុង​ខេត្ត ហ៊ូណាន ប្រទេស​ចិន​ បណ្ដាល​ឱ្យ​មាន់​ចំនួន​ 4,500ក្បាល​បាន​ងាប់​ នេះ​បើ​តាមទី​ភ្នាក់​ងារ​​សារ​ព័ត៌មាន​ Reuters។

កសិដ្ឋាន​មួយ​ ស្ថិត​នៅ​ជាយ​ក្រុង​​សាយាង (Shaoyang) ខេត្ត​ហ៊ូណាន​ (Hunan) ភាគ​ខាង​ត្បូង​ប្រទេស​ចិន មាន​ចិញ្ចឹម​មាន់​ចំនួន 7ុ850ក្បាល ហើយ​ពាក់​កណ្ដាល​​បាន​ងាប់ដោយ​សារ​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី H5N1 នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​កសិកម្ម​កាល​ពី​ម្សិល​មិញ (1កុម្ភៈ)។ មន្ត្រី​មូល​ដ្ឋាន​បាន​ចាត់​វិធាន​ការ​ចាំ​បាច់​ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍ ក្នុង​នោះ​បាន​ដុត​កម្ទេច​​មាន់​ដែល​បានឆ្លង​ផ្ដាសាយ​បក្សី​​ចំនួន​ 17ុ828​ក្បាល​។

H5N1 គឺជាអម្បូរ​​​វីរូស​ផ្ដាសាយ​ដែល​មាន​សមត្ថ​ភាព​ឆ្លង​រាល​ដាល​ខ្ពស់ ក្នុង​នោះ​មាន​ប្រភេទ​ខ្លះ​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស​។ កាល​ពី​ឆ្នាំ 1997 មេរោគ​នេះ ត្រូវ​គេ​រក​ឃើញ​ថា​បាន​ឆ្លង​រាល​ដាល​​​នៅ​តាម​ផ្សារ​​លក់​មាន់​ទារស់​មួយ​ចំនួននៅ​ក្រុង​ហុង​កុង បណ្ដាល​ឱ្យ​មាន​មនុស្ស​សា្លប់​ 6នាក់ក្នុង​ចំណោម​អ្នក​ឆ្លង​វីរូស​18នាក់​។ ឆ្នាំ​2014 ពលរដ្ឋ​កាណាដា​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ជំងឺ​ដំបូង​គេ​នៅ​អាមេរិក​ខាង​ជើង​ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​ផ្ដាសាយ​បក្សី H5N1 បន្ទាប់​ពី​មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ជា​ច្រើននាក់​​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី។

សម្បុក​មេរោគ​ផ្ដាសាយ​បក្សី​ថ្មី​នេះ​ ត្រូវ​បាន​រក​ឃើញ​ខណៈ​ដែល​មេរោគបង្ក​រលាក​សួត​ថ្មី​ Corona (nCoV)​កំពុង​​​ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភព​លោក​ ដោយ​ចាប់​ផ្ដើម​ពី​តំបន់​ Wuhan ប្រទេស​ចិន​ ហើយ​បាន​ឆ្លង​ទៅ​​មនុស្ស​ជាង​ 14,627នាក់ និង​សម្លាប់​មនុស្ស​​យ៉ាង​តិច​​ 305នាក់​នៅ​ទូទាំង​ពិភព​លោក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

ករណី​ស្លាប់​ដោយ​សារ​មេរោគ​ Corona ដំបូង​បង្អស់នៅ​ខាង​ក្រៅ​ប្រទេស​ចិន​

Advertisement