អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូ មកជួយលើវិស័យគាំពារសង្គម របស់កម្ពុជា

សហគមន៍អឺរ៉ុប បានសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង 56លានអឺរ៉ូពីកម្មវិធីកំពុង​ដំណើរ​ការមួយចំនួន មកជួយលើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបា​ល​កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី21 ខែមេសានេះ។

យោងតាមសេច​ក្តីប្រកាសព័ត៌មាន បានឱ្យដឹងថាកាលពីថ្ងៃទី20 ខែមេសា ឆ្នាំ2020 ឯកឧត្ដមអគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានជួប​ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួម​របស់សហ​ភាព​អឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹង​ការរាតត្បាត​នៃ​វីរុសកូវីដ-19 និងស្ដារសម្បទាសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ ចំពោះសហភាពអឺរ៉ុបក្នុង​កិច្ច​សហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈ​បច្ចុ​ប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាដែរ កំពុងប្រឈម និងប្រយុទ្ធដោះស្រាយចំពោះវិបត្ដិសកល​ដោយ​សារវីរុសកូវីដ-19 (COVID-19)។

កម្ពុជា បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃវីរុសកូវីដ-19 បានល្អប្រសើរ ប៉ុន្តែកម្ពុជា​នៅតែមិន​បន្ធូរដៃនោះទេ និងរឹតតែសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវ​វិធាន​​ការ​ជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-19​និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺនេះ ។

សូមបញ្ជាក់ថា វីរុសកូវីដ-19 មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈប៉ុណ្ណោះទេ តែជំងឺនេះ ក៏បានបង្ក​ផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ រួមមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។

លោកស្រី Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ​របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃវីរុសកូវីដ-19 នេះ និងបានថ្លែងបញ្ជាក់​អំពីជំហរ​គាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃវីរុសកូវីដ-19 នេះ។

លោកស្រី បានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន 56លានអឺរ៉ូ ពី កម្មវិធីកំពុងដំណើរការមួយចំនួន ដែលជាហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកប្រើប្រាស់លើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាល  ក្នុងការស្ដារ សម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ ពីវិបត្តិនៃវីរុសកូវីដ-19 នេះ។

អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្ដិ​ការ​រឹង​មាំកន្លងមករបស់​សហភាពអឺរ៉ុបជាមួយនឹងកម្ពុជា ជាពិសេសស្វាគមន៍ចំពោះការចូលរួមចំណែកនៅក្នុងគ្រា​ដ៏លំបាកនេះ។

អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ឡើងវិញថា ក្នុងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច​សង្គមពីផលប៉ះពាល់នៃវីរុសកូវីដ-19 រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន4 រួម​មាន៖ 1-ក្រុមការងារចំពោះកិច្ច គ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងវីរុសកូវីដ-19។

2-ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធនឹងវីរុសកូវីដ-19។

3-ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់ គ្រងការប្រយុទ្ធនឹងវីរុសកូវីដ-19។

4-ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃវីរុសកូវីដ-19 និងការ ព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខ័ណ្ឌ «ទំនិញគ្រប់យ៉ាងលើក​លែង​តែសព្វា​វុធ ​(EBA)»៕

 

Advertisement