ជំហានជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជុំទី2

ជំហានជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជុំទី2

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹង​ថា ការចរចា​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្មសេរី​រវាងកម្ពុជា-ចិន (the free-trade agreement  ឬ​ FTA) ទទួលបានជោគជ័យប្រមាណ 70% ហើយ​ហើយ​គេ​រំពឹង​ថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះ​ហត្ថលេខា​នៅចុងឆ្នាំនេះ។

ឯកឧត្តម សុខ សុភ័ក្ត្ររដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងអំឡុង ពេលនៃកិច្ចចរចា FTA លើកទី2 ភាគីទាំង2 ទទួលបានលទ្ធផលល្អពីក្រុមការងារចរចាចំនួន 10 ចំណុច​តាមរយៈវេទិកាអនឡាញ ដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ មេរោគCOVID-19 ។ ជុំទី1 បានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី20 និង 21 ខែមករា ឆ្នាំ2020។

ឯកឧត្តមបន្ថែមថា៖«ក្រុមចរចាទាំង2 បានឯកភាពគ្នាលើជំពូកជាច្រើនក្នុងជុំទី2 រួមមានកិច្ច​សហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិត ផ្តួចផ្តើមខ្សែក្រវាត់1 ផ្លូវខ្សែ1 និងប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ យើងសម្រេច​បាន​ច្រើនសម្រាប់ការចរចាជុំទី2 ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ទោះយ៉ាងណា​យើងមិនអាចបង្ហាញព័ត៌មានលម្អិតជាសាធារណៈបានទេ ពី​ព្រោះកិច្ចការ​មួយ​ចំនួនកំពុងស្ថិត​ក្នុង​ការ​ពិភាក្សាផ្ទៃក្នុងនៅឡើយ»។

ឯកឧត្តមបានឱ្យដឹងដែរថា ក្រុមចរចា ក៏បានឯកភាពជាគោលការណ៍លើបញ្ហាដែលមិនទាន់​បានដោះស្រាយ ហើយបានឯកភាព និងប្រគល់ភារកិច្ចមួយចំនួនដល់ក្រុមតូចៗ ដើម្បីនាំបញ្ហាទាំង​នោះមកពិភាក្សាបន្តទៀត ហើយរាយការណ៍ជូនប្រធានក្រុមអ្នកចរចា នៅមុនដល់ខែឧសភា ឆ្នាំ 2020 ហើយក៏សង្ឃឹមថា ការចរចារនៅក្នុងលក្ខខណ្ឌនៃក្រុមបច្ចេកទេស នឹងត្រូវបញ្ចប់នៅ​ក្នុងខែមិថុនា​ឆ្នាំនេះដែរ។ ជំពូកខ្លះ យើងបានបញ្ចប់ជាគោលការណ៍ហើយ ប៉ុន្តែជំពូកទាំងនោះ​ត្រូវឆ្លងកាត់រដ្ឋ​មន្រ្តីក្រសួង​ពាណិជ្ជ​កម្ម និងទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ជាមុនសិន។

ឯកឧត្តមបន្ថែមថា៖«រហូតមកដល់ថ្ងៃនេះជំងឺរាតត្បាតរ៉ាំរ៉ៃ វីរុសកូវីដ-19  បានកាត់បន្ថយខ្សែ​ចង្វាក់ផ្គត់ផ្គង់ ​និង​ខ្សែ​ចង្វាក់តម្លៃ។ ការដឹកជញ្ជូន និងការបញ្ជាទិញទំនិញត្រូវបានលុបចោល ពីព្រោះ​ប្រទេសមួយចំនួន​ ស្ថិត​ក្នុងស្ថានភាពអាសន្ន ដូច្នេះវាប៉ះពាល់ដល់ពាណិជ្ជកម្ម។ យើងកំពុងធ្វើ​ការចរចាតាម​រយៈ​វីដេអូ ដូច្នេះនៅពេលដែលវីរុសកូវីដ-19 បញ្ចប់ យើងអាចធ្វើសកម្មភាពសេដ្ឋកិច្ច​របស់យើង​ឡើង​វិញយ៉ាងឆាប់រហ័សជាមួយប្រទេសចិន»។

ទាក់ទងនឹងរយៈពេលកំណត់ ឯកឧត្តមបាននិយាយថា លោកកំពុងសម្លឹងមើលខែមិថុនាដើម្បីចែកចាយឯកសារស្នើសុំជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ប្រសិនបើមិនមានបញ្ហាអ្វី​ទេ រដ្ឋាភិបាល​នៃប្រទេសទាំង2 គួរតែស្ថិតនៅលើគោលដៅ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅពេលណាមួយនៅចុងឆ្នាំ2020នេះ។

ប្រទេសខ្លះត្រូវការពេលយ៉ាងតិច 3ឆ្នាំសម្រាប់ការចរចា ប៉ុន្តែយើងបានធ្វើការចរចា​នៅ​ខែ​ធ្នូ​ ឆ្នាំ2019 ខែមករា ឆ្នាំ2020 និងខែមេសា ឆ្នាំ2020 ទាំងអស់នេះ គឺ​ដោយសារកម្ពុជាស្ថិត​នៅក្នុងសមា​ជិក​អាស៊ាន ដែល​មានទំនាក់ទំនងរួចហើយ។ យើងគ្រាន់តែត្រូវការកែទម្រង់​ច្បាប់ និងនីតិវិធីនៃច្បាប់​ ដើម្បី​សម្រួលដល់ការវិនិយោគពាណិជ្ជកម្ម ការនាំចូល និងការនាំចេញតែប៉ុណ្ណោះ។

យោងតាមឯកឧត្តម បានមានប្រសាសន៍ថា ប្រសិនបើបញ្ចប់ដោយជោគជ័យនោះ FTA នឹង ក្លាយជា​យន្ត​ការថ្មីមួយដែលនឹងជំរុញ និងបង្វែរសក្តានុពលសេដ្ឋកិច្ច និងទស្សនវិស័យរបស់​ប្រទេស ទាំង2។ គោលបំណងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺដើម្បីពង្រីកពាណិជ្ជកម្ម វិនិយោគ សេវា កម្ម និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងប្រទេសទាំង2។ សំខាន់វាក៏នឹងជួយឱ្យ​ប្រទេស​កម្ពុជា​នាំចេញនូវផលិតផលដ៏ច្រើនរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តមបានបន្ថែមថា៖«ទាក់ទងនឹងការវិនិយោគ FTA នឹងរួមចំណែកដល់ភាពងាយ​ស្រួល​របស់​វិនិយោគិនដែលមានស្រាប់ ឱ្យពង្រីកអាជីវកម្មរបស់ពួកគេ និងទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​មកកម្ពុជា។ វានឹងមានឱកាសដ៏ធំមួយសម្រាប់ព្រះរាជាណាចក្រ នៅពេលនិយាយអំពីការបង្កើនបរិមាណផលិតផលរបស់ខ្លួន ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី2 នៅលើ​ពិភពលោក និងមានប្រជាជនធំជាងគេនៅលើពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា៖«តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រទេសកម្ពុជានឹងអាចជំរុញការនាំចេញ ជាពិសេសផលិតផលកសិកម្មទៅកាន់ទីផ្សារ ហើយវាក៏នឹងពង្រឹងខ្សែចង្វាក់តម្លៃផលិតផលរបស់ប្រទេសកម្ពុជាផងដែរ» ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2 បានកើនឡើងជាលំដាប់ពី 5.16ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2016 ដល់ 7.4ពាន់លានដុល្លារ ក្នុងឆ្នាំ2018  នេះបើយោងតាមតួលេខរបស់​រដ្ឋា​ភិបាល។ គោលបំណង គឺដើម្បីឈានដល់ទំហំពាណិជ្ជកម្មទ្វេភាគីចំនួន 10ពាន់លានដុល្លារ​នៅ​ឆ្នាំ 2023។

ប្រធានក្រុមចរចានៃប្រទេសទាំង2 បានណែនាំឱ្យអនុក្រុមការងារ ពន្លឿនការពិភាក្សា និង ដោះស្រាយបញ្ហាសំខាន់ៗដែលនៅសេសសល់ទាំងនេះ ទោះជាតាមប្រព័ន្ធអនឡាញក៏ដោយ សំដៅបញ្ចប់ជំពូកថ្មីៗ បន្ថែមឱ្យបានមុនកិច្ចប្រជុំបន្ទាប់ ដែលគ្រោងធ្វើនៅខែមិថុនា ខាងមុខនេះ៕

 

Advertisement