សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា កៀរគរធនធានហិរញ្ញវត្ថុ និងសម្ភារពេទ្យ ចូលរួមប្រយុទ្ធនឹងវីរុសកូវីដ-19

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តួចផ្តើមកៀរគរធនធានហិរញ្ញវត្ថុ និងសម្ភារបរិក្ខារពេទ្យ និងទឹកប្រាក់មួយចំនួនក្នុងចំណោមសមាជិករបស់ខ្លួន។

នៅក្នុងដំណាក់កាលដំបូងនេះ សមាគមទាំង2 បានប្រមូលថវិកា និងសម្ភារដូចជា៖
1-ទឹកប្រាក់ចំនួន 280,350,000រៀល និងប្រាក់ដុល្លារចំនួន 48,545ដុល្លារអាមេរិក។
2-សម្ភារបរិក្ខារពេទ្យរួមមាន៖ ទឹកអាល់កុ​ល​ចំនួន 50ប៊ីដុង ទឹកលាងដៃសម្លាប់មេរោគ(ជែល) ចំនួន30ប៊ីដុង ព្រមទាំងម៉ាស់ចំនួន 3,700សន្លឹក ដែល​មានទឹកប្រាក់សរុបចំនួន 6,356 ដុល្លារ អាមេរិក។

កាលពីថ្ងៃទី7 ខែមេសា ឆ្នាំ2020 សមាគមទាំង2 បានយកថវិកា និងសម្ភារខាងលើទៅ ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋ​មន្ត្រី។  ថវិកា និងសម្ភារទាំងអស់នោះទទួលបានមកពីការចូល​រួមវិភាគទានរបស់សមាគមទាំង2 រួមជាមួយសមាជិករបស់ខ្លួន។
សមា​ជិកទាំងនោះរួមមានចំនួន 16គ្រឹះស្ថានធនាគារ និង 31គ្រឹះ​ស្ថា​នមីក្រូហិរញ្ញវត្ថុ ក្រុម​ហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ សមាគមទាំង2 បានថ្លែងអំណរគុណ​ដល់​សមាជិករបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈកា​របរិច្ចាគ​ជា​ថវិកា ឬជាសម្ភារ ដោយផ្ទាល់ ឬតាមរយៈសមាគម។

ជាមួយគ្រាដ៏លំបាកមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល សមាគមទាំង​2 រួមជាមួយសមាជិកជាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងចូលរួមយ៉ាង​សកម្មជា​មួយរាជ​រដ្ឋាភិបាល​ ដើម្បីជួយប្រជាជនកម្ពុជាយើងឆ្លងកាត់ឧបសគ្គមួយនេះ ​ហើយ​សមាគមក៏​បាន​ជឿ​ជាក់ថា នឹងអាចយកឈ្នះការលំបាកជាមួយគ្នា ក្នុងពេលឆាប់ៗ។

សូមបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវការលំបាក ដែល​បង្កឡើង ដោយវីរុសកូវីដ-19 សមាជិកសមាគមទាំង2​ កន្លងមកក៏បាន​ចូលរួមបរិច្ចាគថវិកា​សប្បុរ​សធម៌តាម ស្ថាប័នរៀងៗ​ខ្លួនផងដែរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុសកូវីដ-19នេះ។ សមាគមទាំង2 ក៏នឹងបន្តសម្របសម្រួល និងទទួលការបរិច្ចាគ​ ពីសំណាក់​សមា​ជិក​របស់ខ្លួន ដើម្បីយកទៅជូនរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងវីរុសកូវីដ-19៕

Advertisement