ធនាគារពិភពលោកអនុម័តឥណទាន $20លាន សម្រាប់ជួយកម្ពុជាក្នុងការទប់ទល់វីរុសកូវីដ-19

ធនាគារពិភពលោក ឬ World Bank(WB)បានទម្លាក់ថវិកាចំនួន 20លានដុល្លារអាមេរិក សម្រាប់ជួយកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី2 ខែមេសា ឆ្នាំ2020។

បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុ ម័តលើឥណទានទឹកប្រាក់ 20លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-19 នៅក្នុងប្រទេសកម្ពុជា ដែលឥណទាននេះ គឺជាលើក ដំបូងហើយនៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការ សម្រាប់ជួយក្នុងសភាពការណ៍បន្ទាន់តាមរយៈយន្តការ សេវារហ័សក្នុងពេលមានការរាលដាលកូវីដ-19។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសា សន៍ថា៖«ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះនឹងជួយដល់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាលទូទាំងសកលលោកដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះ គឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីជាការផ្គត់ផ្គង់គ្រឿងបរិក្ខារ និងឧបករណ៍សម្ភារពេទ្យចាំបាច់នានា ដើម្បីយកមកធ្វើតេស្តរករោគសញ្ញា និងព្យាបាលជំងឺកូវីដ-19 កាត់បន្ថយការរាលដាលឆ្លងរបស់មេរោគ ពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការរាលដាលមេរោគ និងជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ជាសះស្បើយនិងសេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។
លោកស្រីបានបន្ដថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុងផែនការមេកូវីដ-19របស់ខ្លួន ក្នុងនោះរួមមានការពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ ការរកឃើញជំងឺឱ្យបានរហ័ស ការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺ។ ជាមួយគ្នានេះ គម្រោង ក៏នឹងផ្តល់ហិរញ្ញវត្ថុ សម្រាប់ការសាងសង់មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពក្នុងការវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធរបស់មន្ទីរពេទ្យបង្អែកនៅទូទាំង 25ខេត្ត-ក្រុង។

លោកស្រីបានបញ្ជាក់ថា គម្រោងក៏នឹងជួយទៅលើការចំណាយក្នុងការជាវការផ្គត់ផ្គង់សម្ភារ បរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ។ លើសពីនេះទៀត គម្រោងនេះក៏នឹងជួយផងដែរដល់វិធានការដាក់ពង្រាយឱ្យបានរហ័សនូវក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួល និងការហ្វឹកហ្វឺនបណ្តុះបណ្តាលបុគ្គលិកបន្ថែមពង្រឹងសមត្ថភាពរបស់មណ្ឌលប្រតិបត្តិការបន្ទាន់នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈ និងឆ្លើយតបជំងឺកូវីដ-19 ទូទាំងប្រទេស និងបង្កើតមណ្ឌលប្រតិបត្តិការបន្ទាន់នៅកម្រិតខេត្តទៀត។
លោកស្រីបានបន្ថែមទៀតថា គម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ-19នេះ បំពេញបន្ថែមដល់ការងារអភិវឌ្ឍន៍វែងឆ្ងាយមួយ ដែលធនាគារពិភពលោកកំពុងជួយជ្រោមជ្រែងនៅក្នុងវិស័យសុខាភិបាល ក្នុងនោះមានគម្រោងលើកកម្ពស់សមធម៌ និងគុណភាពសុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាពរបស់ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជាឱ្យទទួលបានសេវាសុខាភិបាលមានគុណភាព។

សូមរំឭកផងដែរថា កាលពីសប្តាហ៍កន្លងទៅ ថវិកា 14លានដុល្លារអាមេរិក របស់គម្រោង H-EQIP នេះ ត្រូវបានផ្តល់តាមរយៈសមាសភាគបម្រុង សម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញរថយន្តសង្គ្រោះ និងគ្រឿងបរិក្ខារពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិឱ្យមានសមត្ថភាពឆ្លើយតបបានរហ័សទៅនឹងការរាលដាលនៃជំងឺកូវីដ-19។ ទន្ទឹមនេះ សមាសភាគ CERC នៅក្នុងគម្រោងអនុញ្ញាតឱ្យបង្វែរមូលនិធិពីផ្នែកនានានៃគម្រោង H-EQIP នេះ ដើម្បីយកទៅបំពេញភាពចាំបាច់សម្រាប់ធ្វើការឆ្លើយតបជាបន្ទាន់ ដែលអាចកើតមានឡើង។

លោកស្រីនាយកប្រតិបត្តិនៃWB បានអះអាងថា ការឆ្លើយតបកូវីដ-19 នៃក្រុមធនាគារពិភពលោកដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ហើយធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន 14ប៊ីលានដុល្លារអាមេរិក តាមយន្តការបញ្ចេញរហ័សសម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីដ-19 នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងជួយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចឆាប់ស្តារងើបឡើងវិញ។ វិធានការឆ្លើយតបភ្លាមៗ រួមមាន ជំនួយហិរញ្ញវត្ថុ ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដល់បណ្តាប្រទេសឱ្យមានលទ្ធភាពលៃលកជាមួយផលប៉ះទង្គិចរបស់ការរាត្បាតនេះទៅលើសេដ្ឋកិច្ច និងសុខាភិបាល។
ក្រៅពីនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងផ្តល់ហិរញ្ញប្បទានចំនួន 8ប៊ីលានដុល្លារអាមេរិក សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនដែលរងការប៉ះទង្គិចពីវីរុសនេះ និងដើម្បីឱ្យគេអាចរក្សាការងារបានផង។ ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍ (IBRD) និង សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) កំពុងតែដាក់ចេញកញ្ចប់ថវិកា 6ប៊ីលានដុល្លារអាមេរិក សម្រាប់វិធានការឆ្លើយតបផ្នែកសុខាភិបាល។

លោកស្រីបានបញ្ជាក់បន្ថែមថា៖«ដោយសារតម្រូវការជំនួយនៅតាមប្រទេសមានវិសាលភាពទូលំទូលាយ ក្រុមធនាគារពិភពលោកត្រៀមខ្លួននឹងដាក់ចេញកញ្ចប់ហិរញ្ញវត្ថុរហូតដល់ទៅ 160 ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល 15ខែ ដើម្បីការពារជនក្រីក្រ និងជនងាយរងគ្រោះ ជួយជ្រោមជ្រែងដល់ធុរកិច្ច និងជួយជំរុញសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ នាពេលខាងមុខ»៕

Advertisement