ជំរុញ​ការអភិវឌ្ឍ​ផ្លូវ​ជនបទ ឆ្លើយតប​តម្រូវការ​ព​ល​រដ្ឋ​ជនបទ ស្របតាម​កំណើន​សេដ្ឋកិច្ចជាតិ

ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​ផែនការ​របស់ខ្លួន​សម្រាប់​ឆ្នាំ2020 ចំនួន 15ចំណុច ដោយ​ក្នុងនោះ​មាន 3ចំណុច បានធ្វើ​ឱ្យមាន​ការចាប់-​អារម្មណ៍​ខ្លាំង ដោយបាន​បញ្ជាក់ថា ចំណុច​នេះ​ជាការ​ឆ្លើយតប​តម្រូវកា​រ​ពលរដ្ឋ​ជនបទ ឱ្យស្រប​តាម​កំណើន​សេដ្ឋកិច្ចជាតិ។

នៅក្នុង​ការលើកឡើង ដោយ​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានបង្ហាញ​ពី​ចំណុច​ទី13-ជំរុញ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ជនបទ និង​សហគ្រិនភាព ដើម្បី​គាំទ្រ​ការបង្កើន​ប្រាក់ចំណូល​តាម​គ្រួសារនីមួយៗ តាមរយៈ​ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី ចិញ្ចឹម​ក្តាម និង​ចិញ្ចឹម​ឃ្មុំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន និង​ជំរុញ​ការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ចល័ត។

14-ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​អង្គការ​ដៃគូ វិស័យ​ឯកជន និង​បណ្តា​ប្រទេស​ជា​មិត្ត​នានា ដើម្បី​កៀរគរ​ប្រភពធនធាន​ហិរញ្ញវត្ថុ បច្ចេកទេស និង​បច្ចេកវិទ្យាថ្មីៗ សម្រាប់​ទ្រទ្រង់​វិស័យ​អភិវឌ្ឍន៍ជនបទ​ឱ្យមាន​ការរីកចម្រើន។

15-សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​រៀបចំ​បែបបទ និង​វិធីសាស្ត្រ​បង្កើត​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ផ្លូវថ្នល់​តាម​ជនបទ ការរៀបចំ​ប្លង់ និង​ការកំណត់​អាទិភាព​គម្រោង។

ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី17 កុម្ភៈ បាន​ថ្លែង​ទាក់ទិន​នឹង​ចំណុច​ទី15 ថា ក្នុងការ​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​មួយចំនួន ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការចូល​រួម​ទប់ស្កាត់​យានយន្ត​ធុន​ធ្ងន់​ពី​ការប្រើប្រាស់ និង​ធ្វើឱ្យ​ខូច​ផ្លូវ​ជនបទ។

ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា៖“កន្លងមក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកទំនិញ​លើស​កំណត់​នៅតាម​ដងផ្លូវ​ជាតិ និង​ក្នុង​ទី​រួម​ខេត្ត​ដែល​ធ្វើឱ្យ​ផ្លូវ​ជនបទ​ខូច។

ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ

ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការចូល​រួមទាំង 2ក្រសួង ដូច្នេះ​ក្រសួង​អភិវឌ្ឍន៍ជនបទ​គិតថា វា​គួរតែមាន​យុត្តាធិការ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ”។

ឯកឧត្តម​បាន​បន្ថែមថា ក្រសួង​ទាំង2 ក៏​នឹង​សហការគ្នា​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ចិញ្ចើមផ្លូវ​នៅតាម​បណ្តោយ​ផ្លូវជាតិ និង​ផ្លូវដែក និង​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យ​កាន់តែ​ប្រសើរឡើង ក្នុង​គោលបំណង​លើកកម្ពស់​ការដឹកជញ្ជូន និង​ការថែទាំ​ផ្លូវថ្នល់។

ដើម្បី​រក្សា​គុណភាព​ផ្លូវថ្នល់​ឱ្យប្រើ​ប្រាស់​បានយូរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកទឹកចិត្ត​ឱ្យ​អ្នករកស៊ី​ដឹកទំនិញ​ទាំងអស់​ត្រូវគោរព​ច្បាប់ ពិសេស​កុំ​ផ្ទុកទំនិញ​លើសពី​អ្វីដែល​រដ្ឋ​បានកំណត់ បើ​មិន​ដូច្នេះ​ទេ ក្រសួង​នឹងមិន​លើកលែង​ឡើយ ហើយនឹង​ត្រូវ​ផាកពិន័យ​ទៅតាម​ច្បាប់​កំណត់​ជា​ធរមាន។ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​កាលពី​ថ្ងៃទី21 ខែកុម្ភៈ​កន្លងទៅ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា៖“គ្រប់​រថយន្ដ​ដឹកទំនិញ​ទាំងអស់​ត្រូវ​ផ្ដល់​ការអនុគ្រោះ​ឱ្យ​ផ្ទុកទំនិញ​លើស​ទម្ងន់​ត្រឹមតែ 5%នៃ​ទម្ងន់​ដែល​ច្បាប់​បានកំណត់​ប៉ុណ្ណោះ ដើម្បី​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រសួង​មិន​អនុញ្ញាតឱ្យ​ដឹក​លើស​ទម្ងន់​ច្រើន​ទេ បើ​លើស​កំណត់ ក្រសួង​នឹងមិន​លើកលែង​ឡើយ”។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

ឯកឧត្តម​បាន​បញ្ជាក់ថា៖“ក្នុង 1ឆ្នាំៗ ជា​មធ្យម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ត្រូវ​ចំណាយ​ថវិកា​ជាតិប្រមាណ 200លាន​ដុល្លារ​លើ​ការងារ​ជួសជុល​ផ្លូវ។ បើសិនជា​យើង​អាច​កាត់បន្ថយ​បាន​នូវ​ការដឹកជញ្ជូន​លើស​ទម្ងន់​ដែល​បណ្តាលឱ្យ​ខូច​ផ្លូវ​នោះនឹងធ្វើ​ឱ្យ​យើង​អាច​នៅសល់​ថវិកា​ប្រមាណ 200លាន​ដុល្លារ​ក្នុង 1ឆ្នាំៗ ដើម្បី​យកទៅ​សាងសង់​សាលារៀន និង​យកទៅ​ធ្វើ​ផ្លូវ​បាន​ច្រើន​ថែម​ទៀតផង”។

យោងតាម​របាយការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បានឱ្យដឹង ថា​គិត​ត្រឹម​ឆ្នាំ​កន្លងទៅ​ព្រះរាជាណាចក្រ​មាន​ផ្លូវ​ជនបទ​សរុប​ប្រវែង 46,150គីឡូម៉ែត្រ។ ក្នុងនោះ​មាន​ចម្ងាយ 2,400 គីឡូម៉ែត្រ​ជា​ផ្លូវ​ក្រាល​បេតុង និង​កៅស៊ូ ស្មើនឹង 3.5%។

ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“អ្វី​ដែលជា​ទិសដៅ​របស់​ក្រសួង​សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ2020 នេះ គឺ​ចំណុច​ទាំង15 ដែល​ក្រសួង​បានលើកឡើង ប៉ុន្តែ​ប្រសិនបើ​ការអនុវត្ត​មាន​ឧបសគ្គ ឬ​បញ្ហា​រាំងស្ទះ​យ៉ាងណា​នោះ​ក្រសួង​នឹង​ដោះស្រាយ​ជាដំណាក់ៗ ដើម្បីឱ្យ​ការអនុវត្ត​នោះបាន​បន្តទៅ​មុខ”។

ឯកឧត្តម​ក៏បាន​ឱ្យដឹង​ដែរ​ថា ចំពោះ​ការដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានធ្វើ​កិច្ចការ​ដូចគ្នា(ធ្វើ​ផ្លូវ) តែ​ការទទួលខុសត្រូវ គឺ​ក្រសួង​សាធារណ​ការទទួល​ការងារ​ផ្លូវជាតិ ផ្លូវ​ក្នុង​ទី​រួម​ខេត្ត ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​រថភ្លើង។ ឯ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ទទួល​បន្ទុក​ផ្លូវ​នៅក្នុង​ជនបទ។ ក្នុង​ការធ្វើ​ផ្លូវ​នៅតាម​ទីជនបទ ក្រសួង​មាន​ថវិកា​តិចតួច តែ​តម្រូវការ​របស់​យើង​មាន​ច្រើន ដូច្នេះ​ត្រូវធ្វើ​ផ្លូវ​ណា​ដែល​អាទិភាព​ជាមុន ពោលគឺ ត្រូវ​មើលផ្លូវ​ណា​ដែល​ចាំបាច់​ជាងគេ​សម្រាប់​ឆ្នាំនេះ បន្ទាប់មក​យើង​នឹង​ជ្រើស​យក​ផ្លូវ​ណា​សម្រាប់​ជា​ជំហាន​បន្ត និង​ឆ្នាំ​បន្ទាប់។

ឯកឧត្តម ចាន់ ដា​រ៉ុង ក៏បាន​បញ្ជាក់ថា៖“នេះ​ក៏​ដោយសារតែ​ថវិកា​យើង​មិន​គ្រប់គ្រាន់ ព្រោះ​បើ​យើង​មាន​ថវិកា​ច្រើន​ក្នុង​ការកសាង​ផ្លូវ​នោះ វា​គ្មាន​បញ្ហា​អ្វី​ទេ យើង​នឹង​ដោះ​តែម្តង​ឱ្យ​ហើយ។ ហេតុនេះ​ទើប​យើង​បានលើកឡើង​នៅ​ចំណុច​ទី14 ស្តីពី​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គការ​ដៃគូ វិស័យ​ឯកជន និង​បណ្តា​ប្រទេស​ជា​មិត្ត​នានា ដើម្បី​កៀរគរ​ប្រភពធនធាន​ហិរញ្ញវត្ថុ បច្ចេកទេស និង​បច្ចេកវិទ្យាថ្មីៗ សម្រាប់​ទ្រទ្រង់​វិស័យ​អភិវឌ្ឍន៍ជនបទ​ឱ្យមាន​ការរីកចម្រើន”។

ឯកឧត្តម​រដ្ឋលេខា​ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា៖“…ប៉ុន្តែ​គ្រប់​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​នេះ មិន​ដែលមាន​ប្រទេស​ណា​ដោះ​បញ្ហា​តែម្តង​អស់​ទេ គឺ​យើង​ដោះ​ជាដំណាក់ៗ និង​ដោះ​ជា​អាទិភាព​លើ​អាទិភាព។ ក្រសួង​នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ផ្លូវ​ជនបទ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជនបទ​ឱ្យស្រប​តាម​កំណើន​សេដ្ឋកិច្ចជាតិ”៕

Advertisement