រដ្ឋាភិបាល​ចង់ឱ្យ​ជប៉ុន​ជួយ​ពិនិត្យ និង​ពង្រឹង​បទដ្ឋាន​គតិយុត្ត​លើ​វិស័យ​សំណង់​នៅ​កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានស្នើ​រដ្ឋាភិបាល​ជប៉ុន​ជួយ​ត្រួតពិនិត្យ និង​ពង្រឹង​បទដ្ឋាន​គតិយុត្ត​លើ​វិស័យ​សំណង់​នៅ​កម្ពុជា។ ការស្នើ​របស់​រាជរដ្ឋាភិបាល​បែបនេះ បាន​ធ្វើឡើង​នាឱកាស​សម្ដេច​មហា​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ កាលពីពេលថ្មីៗនេះ។

នាឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ជំនួយ​របស់​ជប៉ុន ដល់​ការតាក់តែង​ច្បាប់​សំណង់​នៅ​កម្ពុជា។ បន្ថែម​លើ​នោះ​សម្ដេច បានស្នើ​សុំឱ្យ​ជប៉ុន​បន្ត​ជួយ​ដល់​កម្ពុជា ធ្វើយ៉ាងណា​ពង្រឹង​បទដ្ឋាន​គតិយុត្ត ក៏ដូចជា​ធ្វើការ​ត្រួតពិនិត្យ​លើ​វិស័យ​សំណង់​ទាំងឡាយ ដែល​កម្ពុជា​បាននិងកំពុង​សាងសង់ ដើម្បីឱ្យ​វិស័យនេះ​មាន​ភាពរឹងមាំ។

សម្ដេច បានលើកឡើង​បន្តថា ជប៉ុន​កំពុងតែធ្វើការ​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល លើ​វិស័យ​អគ្គិសនី ដោយបាន​ពិភាក្សា​ជាមួយ​ឯកឧត្ដមស៊ុយ សែម ម្តង​រួចមកហើយ និង​បន្ត​ពិភាក្សា​ម្ដងទៀត ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អគ្គិសនី។

លើសពីនេះទៅទៀត ក៏មាន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​រៀបចំ​ផែនការមេ​សម្រាប់​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ផងដែរ ដូចជា​មានការ​ពិភាក្សា និង​សិក្សា​អំពី​ផែនការមេ​ក្នុងការ​ពង្រីក និង​ពង្រឹង​វិនិយោគ​កំពង់ផែ​ក្រុងព្រះសីហនុ។

បើតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី12 ខែកុម្ភៈ កន្លងទៅ បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់ឆ្នាំ2019 CDC បានសម្រេច​អនុញ្ញាត​គម្រោង វិនិយោគ​ជប៉ុន​ចំនួន 143គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ 2,785លាន​ដុល្លារ​អាមេរិក។

សូម​រំឭក​ដែរ​ថា ច្បាប់​សំណង់​កម្ពុជា ត្រូវបាន​អនុម័ត​សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ2019 កន្លងទៅនេះ។ កន្លងមក ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​សំណង់​នេះដែរ គឺមាន​ការ រួមចំណែក​ពី​ប្រទេស​ជប៉ុន តាមរយៈ​ការ​ផ្តល់ជំនួយ​ទាំង​ថវិកា និង​ជួយ​ពង្រឹង​បទដ្ឋាន​គតិយុត្ត​នៅក្នុង​ច្បាប់​នេះ។

ជុំវិញ​ច្បាប់​សំណង់​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចាត់ទុកថា គឺជា​សមិទ្ធផល និង​ផ្លែផ្កា​ដ៏​ត្រចះត្រចង់ និង​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​ច្បាប់​នេះ ត្រូវបាន​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ និង​រង់ចាំ​លទ្ធផល​ជា​យូរណាស់​មកហើយ ដើម្បី​យកមកប្រើ​ប្រាស់​ក្នុងការ​គ្រប់គ្រង​វិស័យ​សំណង់​របស់​កម្ពុជា។

គួរ​បញ្ជាក់ថា ច្បាប់​សំណង់ ដែល​បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពីដើម​ខែវិច្ឆិកា ឆ្នាំ2019 នោះ មាន​ទាំងអស់ 22ជំពូក និង 111មាត្រា។

ច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព សន្ដិសុខ សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់​សំណង់ និង​សាធារណជន។ ច្បាប់​ថ្មី​នេះ ក៏​នឹង​បង្កើន​គណនេយ្យភាព និង​ប្រសិទ្ធភាព​ក្នុងការ​ប្រកបការងារ និង​ការប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ព្រមទាំង​បង្កើន​ការជឿទុកចិត្ត​របស់​វិនិយោគិន​នៅក្នុង​វិស័យ​សំណង់​ផងដែរ។

យ៉ាងណាក្ដី ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទទូច​ស្នើសុំ​ដល់​អ្នកវិនិយោគ អ្នក​សាងសង់ ក៏ដូចជា​អ្នកគ្រប់គ្រង​សំណង់ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​សំណង់ និង​បទ​ប្បញ្ញត្តិ​ឱ្យមាន​ប្រសិទ្ធភាព​ប្រកបដោយ​ភាពត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា៕

Advertisement