អ្នកជំនាញ និង​ពលរដ្ឋ គាំទ្រ​ឱ្យមាន​ការវិនិយោគ​លើ​គម្រោង​សាងសង់​ចំណត​យានយន្ត​ក្រោម​ដី​បន្ថែមទៀត​នៅ​ភ្នំពេញ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្តេ​ជ្ងា​នឹង​ធ្វើការ​រួមគ្នា​ជំរុញឱ្យមាន​ការវិនិយោគ​លើ​គម្រោង​សាងសង់​ចំណត​យានយន្ត​សាធារណៈ ឬ​ចំណតរថយន្ត​ក្រោម​ដី​ឱ្យបាន​ច្រើន​កន្លែង​ថែមទៀត​នៅក្នុង​រាជធានី​ភ្នំពេញ។ ស្របពេល​គ្នា​នេះប្រជាពលរដ្ឋ និង​អ្នកជំនាញ​ខាង​អភិវឌ្ឍន៍ បានបង្ហាញ​ការ​សាទរ និង​រំពឹងថា ផែនការ​នេះ​នឹង​ជួយ​កាត់បន្ថយបញ្ហា​កកស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។

យុវជន ជា វណ្ណ​ណេ​ត ជា​និស្សិត​ផ្នែក​គ្របគ្រង​ឆ្នាំ​ទី3 នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​យល់ស្រប​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​លើ​ការសាងសង់​ចំណត​ក្រោម​ដី​នៅ​ភ្នំពេញ។

យុវជន​រូបនេះ​បាន​និយាយថា៖ “ការចត​យានយន្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខ្ញុំ​ឃើញ​អ្នកខ្លះ សូម្បីតែ​កន្លែង​ហាម​ចត ក៏​ពួកគាត់​ចត​ដែរ វា​ជាហេតុ​នាំឱ្យ​ចៀស​មិន​រួច​ពី​ការកកស្ទះ​ចរាចរណ៍ ដូចជា​នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ​ជាដើម”។

ហេតុនេះ យុវជន​រូបនេះ​យល់ថា “ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ខ្ញុំ​ចង់ឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​សហការគ្នា​ដើម្បី​ចាប់ផ្តើម​បង្រៀន​ពី​ច្បាប់​ចរាចរណ៍ និង​សីលធម៌ ពិសេស​កសាង​ចំណត​ក្រោម​ដី​ឱ្យបាន​ច្រើន ដែល​នេះ​ជា​មធ្យោបាយ​រយៈពេល​វែង​ក្នុងការ​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍”។

ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​នេះដែរ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ដែល​ជំរុញឱ្យមាន​ការ​វិយោគ​លើ​ការកសាង​ចំណត​ក្រោម​ដី​នេះ​ផងដែរ។ លោក​យល់ថា បញ្ហា​កកស្ទះ​ចរាចរណ៍ បានធ្វើឱ្យ​បាត់បង់​សោភណភាព​នៅក្នុង​រាជធានី​ភ្នំពេញ ហេតុនេះ​ការវិនិយោគ​ឱ្យមាន​ចំណត​យានយន្ត​ក្រោម​ដី វា​ជួយ​ច្រើន​ដល់​ការរក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​ទីក្រុង ម្យ៉ាង​វា​ក៏​ជួយ​ឱ្យមាន​ចំណូល​ដល់​ជាតិ និង​អ្នកវិនិយោគ​ផងដែរ។

តែ​យ៉ាងណា អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​រូបនេះ ក៏បាន​ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យមាន​ការបង្កើត​វគ្គ​បណ្តុះបណ្តាល ដល់​បណ្តា​អ្នកវិនិយោគ​ឱ្យដឹងពី​គោលដៅ​រយៈពេល​វែង ជាពិសេស​ពន្យល់​ឱ្យ​ប្រជាជន​បានដឹង​ពី​ការប្រើប្រាស់​ចំណត​ក្រោម​ដី ដើម្បីឱ្យ​ផែនការ​នេះ​មាន​ប្រសិទ្ធភាព។

ពាក់ព័ន្ធ​នឹង​ផែនការ​សាងសង់​ចំណត​យានយន្ត​ក្រោម​ដី​នេះដែរ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន ព​ន្លឿ​ន​ការអនុវត្ត​គម្រោង​សាងសង់​ចំណតរថយន្ត​សាធារណៈ​ឱ្យបាន​ឆាប់ដើម្បី​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ព្រមទាំង​សម្រួល​ដល់​ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ផង។

ឯកឧត្ដម​បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជធានី​ភ្នំពេញ​មិនមាន​ចំណត​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង ចត​យានយន្ត​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យមាន​ការចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ រំលោភ​លើ​ដងផ្លូវ និង​ចំណីផ្លូវ​ដែលនាំឱ្យ​មានការ​កកស្ទះ​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ។

ឯកឧត្ដម​បានបញ្ជាក់​ថា៖“ក្រសួង​សាធារណការ និង​សាលា​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​អនុវត្ត​ផែនការ​នេះ​ឱ្យបាន​ជោគជ័យ ដែល​ស្របតាម​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​រដ្ឋាភិបាល”។

ឆ្លើយតប​ពាក់ព័ន្ធ​នឹង​ផែន​ការកសាង​ចំណត​យានយន្ត​ក្រោម​ដី​នេះដែរ លោក ម៉េ​ត មាស​ភក្តី មន្ត្រី​នាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់បាន​លើកឡើងថា បច្ចុប្បន្ន​នៅ​ភ្នំពេញ​មាន​ចំណត​ក្រោម​ដី​ដែល​បាន​សាងសង់​រួចរាល់ គឺ​ស្ថិតនៅក្រោម​សួនច្បារ​ផ្សារ​ចាស់ ដែល​ស្ថិត​នៅមុខ​ស្ថានីយ​រថភ្លើង ចន្លោះ​ពី​អគារ​វឌ្ឍនៈ និង​អគារ​កាណាឌីយ៉ា និង​ចំណត​ក្រោម​ដី ឆ្ពោះទៅ​ផ្សារ​រាត្រី។

លោក​បានឱ្យដឹងថា បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ដែល​ចត​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់ ហើយក៏​កំពុង​ជំរុញឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន ក្នុងការវិនិយោគ​លើ​ការសាងសង់​ចំណតរថយន្ត​សាធារណៈ និង​ចំណត​ក្រោម​ដី​នៅក្នុង​ទីក្រុង​ភ្នំពេញ​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត។

ជាមួយគ្នា​នោះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ក្រៅពី​ពង្រឹង​កិច្ចសហការ​បង្កើន​ការសាងសង់​ចំណត​យានយន្ត​ក្រោម​ដី​ហើយ​នោះ ក្រសួង​នឹង​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​បន្តការងារ​ស្ដារ ជួសជុល និង​សាងសង់​ផ្លូវតូចៗនៅក្នុង​ទីក្រុង ដើម្បី​អាចធ្វើ​ចរាចរណ៍​បាន​ទៅកាន់ផ្លូវធំៗទាំងអស់​របស់​ទីក្រុង សាងសង់​ផ្លូវ​វាង​ និង​ផ្លូវ​រំលង ព្រមទាំង​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ​ថែមទៀត​ផងដែរ។

គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​សាងសង់ និង​កំពុង​សាងសង់​ចំណតរថយន្ត​សាធារណៈ​ក្រោម​ដី​មួយចំនួន ស្ថិតនៅក្រោម​ទីតាំង​សួនច្បារ​មុខ​ព្រះ​សក្យមុនីចេតិយ និង​ចំណត​ក្រោម​ដី​មុខ​សួនច្បារ​សាន់វេ ខាងលិច​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ផងដែរ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស​់ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕

Advertisement