រដ្ឋមន្ត្រី​ទេសចរណ៍​ជំរុញ​ការ​ភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ទីក្រុង​របស់​ជប៉ុន​មកកាន់​កម្ពុជា​

ក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​(Japan​ Travel​ Fair​) លើក​ទី3​កាលពីដើម​ខែធ្នូ​ ឆ្នាំ​ 2019​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ជំរុញ​ឱ្យ​វិនិយោគិន​បង្កើត​ការហោះហើរ​ត្រង់​ និង​ការ​តភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ និង​ទី​ក្រុង​ផ្សេង​ៗទៀត​របស់​ជប៉ុន​មកកាន់​រាជធានី​ភ្នំពេញ​ព្រមទាំង​ខេត្តសៀមរាប​ ដែល​ជា​ទីតាំង​នៃ​ប្រាសាទអង្គរវត្ត​ និង​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​ និង​ភ្ញៀវ​នៃ​ប្រទេស​ទី3​ បន្ថែម​ទៀត​។

ការ​លើកឡើង​យ៉ាង​ដូច្នេះ​របស់​ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ គឺ​ដោយ​ហេតុ​ថា​ ភ្ញៀវ​ទេសចរ​ជប៉ុន​នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​។ ឧទាហរណ៍​ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​នៅ​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​លេខ7​ ក្នុងចំណោម​ទីផ្សារ​ភ្ញៀវ​ទេសចរ​សំ​ខាន់​ៗទាំង10​ របស់​ប្រទេស​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា​៖“ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​ តូក្យូ​-ភ្នំពេញ​-តូក្យូ​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ All​Nippon​ Airways​ (ANA​) បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​អស់​រយៈពេល​ប្រមាណ​ 3ឆ្នាំ​កន្លងមក​នេះ​ គឺ​មិន​ត្រឹមតែ​ផ្តល់​នូវ​ជម្រើស​ដ៏​ល្អ​ និង​កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរ​ជប៉ុន​ និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ចូលរួម​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ទាំង2​ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ផង​”។

ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ទេសចរ​ជប៉ុន​ជាង​ 21​ម៉ឺន​នាក់​ កើនឡើង3.5​% ក្នុងចំណោម​ទេសចរ​អន្តរជាតិ​សរុប​ជាង​ 6លាន​នាក់​។ នៅ​រយៈពេល​ 9ខែ​ នៃ​ឆ្នាំ2019​ នេះ​ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ជាង​ 4.8លាន​នាក់​ កើនឡើង10​% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជប៉ុន​មាន​ជិត​ 15ម៉ឺន​នាក់​ ជាមួយនឹង​កំណើន​2.8​% ធៀប​នឹង​ឆ្នាំ2018​។ ដោយឡែក​នៅ​ឆ្នាំ2018​មាន​ទេសចរ​កម្ពុជា​ប្រមាណ​ 2ម៉ឺន​នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដ៏​ស្រស់​ស្អាត​នោះ​ផង​ដែរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បន្ត​ថា​ ការសម្រេច​បាន​នូវ​កំណើន​ប្រចាំឆ្នាំ​ដ៏​ល្អ​នៃ​ការ​មកដល់​របស់​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ពិសេស​ភ្ញៀវ​ទេសចរ​ជប៉ុន​ គឺ​អាស្រ័យ​ដោយមាន​មូលដ្ឋាន​កំណត់​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូចជា​ការអនុវត្ត​គោលនយោបាយ​បើកចំហ​ជើង​មេឃ​ និង​ការសម្រួល​ការ​ធ្វើដំណើរ​រវាង​ប្រភព​ទីផ្សារ​សំ​ខាន់​ៗ ពិសេស​រវាង​កម្ពុជា​-ជប៉ុន​ ដូចជា​ការ​ផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់​ (On​ Arrival​) ទិដ្ឋាការ​អេឡិចត្រូនិក​ (E-Visa​) និង​ទិដ្ឋាការ​ Multiple​ Visa​ ចេញ​-ចូល​ច្រើនដង​សម្រាប់​រយៈពេល​ 1ឆ្នាំ​ 2ឆ្នាំ​ និង​3ឆ្នាំ​ (ចាប់​អនុវត្ត​តាំងពី2013​)។

ខណៈ​ដែល​នៅ​ឆ្នាំ2019​ នេះ​ គឺជា​ខួប​លើក​ទី​66​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ជប៉ុន​ ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី3​ នេះ​ គឺ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​និង​ជប៉ុន​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ជា​មិត្ត​ទាំង2​ ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​នឹងគ្នា​ដ៏​យូរលង់​មក​ហើយ​ និង​បន្តម​កទល់​បច្ចុប្បន្ន​នេះ​លើ​គ្រប់​វិស័យ​ ក្នុងនាម​ជា​ដៃគូ​ផ្លាស់​ប្តូរ​ខាង​ផ្នែក​វប្បធម៌​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​។ល។

ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បញ្ជាក់​ថា​ កម្ពុជា​ក៏បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​ដែល​មានស្រាប់​ តាមរយៈ​ការរៀបចំ​ផែនការមេ​នៅ​តំបន់​ប៉ូល​ទេសចរណ៍​សំ​ខាន់​ៗ ដូចជា​សៀមរាប​-អង្គរ​ តំបន់ឆ្នេរ​ សមុទ្រ​ខេត្ត​កែប​ និង​តំបន់​អេកូ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​រួម​ជាមួយនឹង​ការ​កៀរគរ​ឱ្យ​មានការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ និង​សេវាកម្ម​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ពិសេស​គម្រោង​បង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ដែល​ក្នុង​នោះ​មានការ​អភិវឌ្ឍ​ “ទេសចរណ៍​ផ្ទះ​ទី2​” (Second​ Home​ Tourism​) ទេសចរណ៍​វ័យ​ចំណាស់​ សហគមន៍​ទេសចរណ៍​ ផ្ទះ​ស្នាក់​ទេសចរណ៍​។ល។

ឯកឧត្តម​បណ្ឌិត​ជឿជាក់​យ៉ាង​មុតមាំ​ថា​ តាមរយៈ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី3​ នេះ​ កម្ពុជា​-ជប៉ុន​នឹងអាច​ផ្សព្វផ្សាយ​បាន​កាន់តែ​ទូលំទូលាយ​អំ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ ក៏ដូចជា​វប្បធម៌​ ប្រពៃណី​របស់​ជប៉ុន​ ហើយក៏​ជា​ការចូលរួម​ដល់​ការ​ពង្រឹង​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​គ្នា​ទៅវិញទៅមក​ រវាង​កម្ពុជា​-ជប៉ុន​ ពិសេស​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ជាអាទិភាព​យ៉ាង​សំខាន់​នៃ​ប្រភព​ទីផ្សារ​កម្ពុជា​ សម្រាប់​វិស័យ​ទេសចរណ៍​ជប៉ុន​ ហើយ​ជាពិសេស​ក៏​ជំរុញ​លំហូរ​ទេសចរ​កម្ពុជា​ ទៅ​ប្រទេស​ជប៉ុន​កាន់តែ​ច្រើន​ផង​ដែរ​។

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“នៅពេល​ដែល​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ យើង​ត្រូវ​បង្កើន​ការយល់​ដឹង​អំពី​ទីផ្សារ​ទេស​-ចរណ៍​ជប៉ុន​ និង​រៀន​បំពេញចិត្ត​ភ្ញៀវ​ទេសចរ​ ជប៉ុន​ព្រោះ​ទេសចរ​ជប៉ុន​ចូលចិត្ត​តំបន់​វប្បធម៌​ កន្លែង​បៃតង​ និង​សង្គម​ដែល​មាន​សណ្តាប់​ធ្នាប់​”។

នៅក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ក៏បាន​បង្ហាញ​ការ​កោតស្ញប់ស្ញែង​យ៉ាង​ដូច្នេះ​ថា​៖ “ខ្ញុំ​បាន​មក​ប្រទេស​កម្ពុជា​ក្នុងនាម​ជាឯក​អគ្គរាជទូត​កាលពី​ថ្ងៃទី1​ ខែកញ្ញា​ ឆ្នាំ2019​ ហើយ​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ 17ឆ្នាំមុន​ ប៉ុន្តែ​ទេសភាព​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​គឺ​ខុសគ្នា​ឆ្ងាយ​កាលពី​ពេលនោះ​ ហើយ​ខ្ញុំ​មានការ​ស្ងប់​ស្ញែង​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​ប្រទេស​កម្ពុជា​”។

ឯកឧត្ដម​ មិ​កាមិ​ ម៉ាស្សា​ហ៊ី​រ៉ូ​ ឯកអគ្គ​រាជទូត​ជប៉ុន​បាន​បន្ត​ថា​ ក្រោម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នេះ​ ប្រជាជន​កម្ពុជា​បាន​និង​កំពុង​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​កាន់តែ​ច្រើនជាង​ពេលមុន​។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា​ ប្រទេស​ជប៉ុន​មាន​ 4រដូវ​ គឺ​និទាឃរដូវ​ រដូវក្ដៅ​ រដូវ​ស្លឹកឈើ​ជ្រុះ​ និង​រដូវ​រងា​រ។ ជាពិសេស​ ប្រជាជន​កម្ពុជា​ជាច្រើន​បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ក្នុង​រដូវ​ផ្កា​សាគូ​រ៉ា​រីក​។ឯកឧត្ដម​ ឯកអគ្គ​រាជទូត​ បាន​បញ្ជាក់​ថា​ កាលពី​ខែមីនា​ និង​មេសា​ឆ្នាំនេះ​ ដែល​ជារ​ដូវ​ផ្កា​សាគូ​រ៉ា​រីក​ មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ 8,000នាក់​ បាន​ទៅ​

ទស្សនា​ប្រទេស​ជប៉ុន​ កើនឡើង​ចំនួន​ 36​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។ ក្នុង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​ឆ្នាំនេះ​ យើង​ដាក់​តាំង​ដើមផ្កា​សាគូ​រ៉ា​ 2ដើម​ ដើម្បី​ធ្វើជា​កន្លែង​ថតរូប​សម្រាប់​អ្នកចូលរួម​ទស្សនា​ ដូច្នេះ​លោកអ្នក​អាច​ទទួលអារម្មណ៍​ល្អ​ពី​សម្រស់​ផ្កា​សាគូ​រ៉ា​របស់​ជប៉ុន​នៅ​ទីនេះ​ ហើយក៏​អាច​ទទួល​បាន​បទ​ពិសោធ​ពី​ធម្មជាតិ​ ដូចជា​៖ ស្លឹកឈើ​ចម្រុះ​ពណ៌​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ និង​ទេសភាព​ព្រិល​ក៏ដូចជា​ទីក្រុង​ប្រវត្តិសាស្ត្រ​ជា​ណា​រ៉ា​ ព្រមទាំង​វប្បធម៌​អាហារ​ជប៉ុន​ និង​សេវាកម្ម​ល្អិតល្អន់​(បដិសណ្ឋារ​កិច្ច​ល្អ​) ដែល​នឹង​មានការ​ប្រកួត​កីឡា​អូឡាំពិក​ និង​ប៉ា​រ៉ា​ឡាំ​ពិ​កលើកក្រោយ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន​ជា​លើក​ទី2​ នៅ​រដូវ​ក្តៅ​ខាងមុខនេះ​។

លោក​ លូ​ ម៉េ​ង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ការហោះហើរ​របស់​ក្រុមហ៊ុន​ ANA​ រវាង​ទីក្រុង​តូក្យូ​និង​ភ្នំពេញ​ នៅតែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​មួយ​ ទៅ​ប្រទេស​មួយ​។ ក្នុង​ឆ្នាំ2016​ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​មួយ​នេះ​ បាន​បើក​ការហោះហើរ​ត្រង់​រវាង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ណា​រី​តា​នៃ​ទីក្រុង​តូក្យូ​ និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

លោក​មានប្រសាសន៍​ថា​៖“ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ នឹង​ផ្តល់​ភាព​វិជ្ជមាន​កាន់តែ​ច្រើន​ដល់​វិស័យ​ទេសចរណ៍​ ព្រោះ​ការហោះហើរ​ត្រង់នេះ​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​នោះ​ទេ​ តែ​វា​ថែមទាំង​អាច​នាំ​យក​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ទី3​ មក​បន្ថែម​ទៀតផង​។ ក្នុងនាម​វិស័យ​ទេសចរណ៍​ យើង​ពិតជា​ស្វាគមន៍​ខ្លាំង​ណាស់​ ព្រោះ​តាមរយៈ​នេះ​ វា​មិន​ត្រឹមតែ​អាច​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​កម្ពុជា​ប៉ុណ្ណោះទេ​ តែ​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាជន​ខ្មែរ​ដែល​ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ឱ្យ​មាន​កំណើន​ផង​ដែរ​។បច្ចុប្បន្ន​ កម្ពុជា​មាន​សក្តា​នុ​ពល​គ្រប់គ្រាន់​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ពី​ប្រទេស​ជប៉ុន​”។

សូម​បញ្ជាក់​ថា​ ប្រទេស​ចិន​នៅតែ​បន្ត​គ្រប​ដណ្តប់​លើ​ទីផ្សារ​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ តែ​ទោះ​យ៉ាងណា​ ក្រសួងទេសចរណ៍​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​។ ចាប់ពី​ខែមករា​ ដល់​ខែកញ្ញា​កន្លងទៅ​ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ 1.8លាន​នាក់​កើនឡើង​ 29,4​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រសួង​មាន​គោលបំណង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ 3លាន​នាក់​នៅ​ឆ្នាំ2020​ ចំនួន​ 5លាន​នាក់​នៅ​ឆ្នាំ​2025​ និង​ 8លាន​នាក់​នៅ​ឆ្នាំ2030​។

ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា​ ប៉ុន្តែ​នេះ​មិន​មែនមាន​ន័យ​ថា​ យើង​ផ្តោត​តែ​ភ្ញៀវ​ទេសចរ​ចិន​នោះ​ទេ​ យើង​ក៏​ផ្តោត​លើ​ជនជាតិ​ជប៉ុន​ កូរ៉េ​ និង​អ្នកដទៃ​ទៀត​ដែរ​។

ក្រសួងទេសចរណ៍​រំពឹង​ថា​ យ៉ាងហោចណាស់​ នឹង​មាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ចំនួន​ 230,000នាក់​មក​ទស្សនា​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​។ គោលដៅ​របស់ក្រ​សួង​ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ​ជប៉ុន​ឱ្យ​បាន​ជាង30ម៉ឺន​នាក់​ក្នុង​ 1ឆ្នាំ​ ត្រឹម​ឆ្នាំ2020​៕

Advertisement