សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ចុះហត្ថលេខា​បង្កើត​ធនាគារ​ SME​ ដែល​មាន​ដើមទុន100លាន​ដុល្លារ​អាមេរិក​

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ចុះហត្ថលេខា​ទម្លាក់​ថវិកាជាតិ​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​ធម្យម​ ឬ SMEs​ Bank​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​ និង​ជួយ​សម្រួល​ដល់​កសិករ​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​សម្តេច​មហា​អគ្គសេនាបតី​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​កាលពី​ពេល​ថ្មី​ៗនេះ​។

សម្ត​ចតេ​ជោ​បាន​មានប្រសាសន៍​ថា​៖“ការ​ចុះហត្ថលេខា​នេះ​ គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​អ្នក​ដែល​មាន​អាជីវកម្ម​ធុន​តូច​ និង​ធម្យម​ ជាពិសេស​លើកស្ទួយ​កសិករ​កម្ពុជា​។ អ៊ីចឹង​ទេ​ យើង​ត្រូវតែ​មើល​ឱ្យ​ឃើញថា​ រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ តែ​បណ្តាញ​វិស័យ​ឯកជន​ត្រូវតែ​ចូលរួម​ ដើម្បី​គាំទ្រ​ដល់​តម្លៃ​ស្រូវ​របស់​កសិករ​របស់​យើង​ និង​កសិផល​ដទៃទៀត​របស់​ប្រជាជន​”។

សម្ដេច​បាន​មានប្រសាសន៍​ថា​៖“3-4ថ្ងៃនេះ​ ខ្ញុំ​ក៏បាន​ចុះហត្ថលេខា​ប្រមាណ​ 100ពាន់​លាន​រៀល​ ស្មើនឹង​ 100លាន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ជាផ្នែក​មួយ​ក្នុង​ការ​ជួយ​ដល់​សហគ្រាស​ធុន​តូន​ និង​មធ្យម​របស់​យើង​ដើម្បី​មានលទ្ធភាព​ទិញ​ស្រូវ​អង្ករ​របស់​កសិករ​”។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ កាលពី​ពេល​កន្លងទៅ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដើមទុន​បន្ថែមចំនួន​ 50លាន​ដុល្លារ​អាមេរិក​ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​ប្រែក្លាយ​ “ធនាគារ​អភិវឌ្ឍន៍​ជនបទ​” ទៅជា​“ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​”ដែល​មាន​ចំណាត់ថ្នាក់​ ជា​ធនាគារពាណិជ្ជ​ សម្រាប់​បម្រើ​វិស័យ​កសិកម្ម​ ជាពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​តម្លៃ​ និង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ ហើយ​ស្តុក​ទុក​ កិន​កែច្នៃ​ និង​នាំចេញ​។

ឯកឧត្តម​ ឡាំ​ គឹម​ឡេង​ អគ្គនាយក​នៃ​អគ្គ​នា​យក​ដ្ឋាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សិប្បកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា​ មាន​ឧបសគ្គ​ 3យ៉ាង​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ (SME​)មានការ​លំបាក​ និង​ប្រឈម​ក្នុង​ការ​ទទួល​បាន​ឥណទាន​ពី​ធនាគារ​ ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​។ ទី1​- SME​ ខ្លួនឯង​មិនទាន់​មាន​សមត្ថភាព​ទទួល​បាន​ឥណទាន​ ដោយសារ​ការគ្រប់គ្រង​មិនទាន់​មាន​លក្ខណៈ​ស្តង់​ដា​ ការរៀបចំ​បញ្ជី​របាយការណ៍​ហិរញ្ញវត្ថុ​នៅ​មានកម្រិត​ ខ្វះខាត​ទ្រព្យ​ធានា​ និង​មិន​មាន​ផែនការអាជីវកម្ម​ច្បាស់លាស់​។ ទាំងអស់​នោះ​ ដោយហេតុថា​ SME​ នៅ​មាន​លក្ខណៈ​ជា​អាជីវកម្ម​បែប​គ្រួសារ​នៅឡើយ​ ដែល​ធ្វើតាម​ទម្លាប់​តមក​ពី​ឪពុក​ម្តាយ​។ ទី2​- ធនាគារ​ មាន​លក្ខខណ្ឌ​ស្មុគស្មាញ​សម្រាប់​កំណត់​ការ​ផ្តល់​ឥណទាន​ ដោយ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់​។ ចំពោះ​អត្រា​ការប្រាក់​វិញ​ អាច​មានកម្រិត​ខ្ពស់​ និង​រយៈពេល​នៃ​ការ​ស្នើសុំ​អាច​មាន​រយៈពេល​យូរ​ ដោយសារតែ​ត្រូវ​ពិនិត្យ​លើ​បច្ច័យ​ជាច្រើន​មុននឹង​ផ្តល់​ឥណទាន​ ថា​តើ​នៅពេល​ផ្តល់​ឥណទាន​ដល់​ SME​ ហើយ​ អាច​មាន​ប្រាក់​សង​ត្រឡប់​មក​ធនាគារ​វិញ​ដែរ​ឬទេ​?។ ទី3​- យន្តការ​ដើម្បី​អនុវត្តន៍​ការ​គាំទ្រ​ដល់​ SME​ នៅ​មានកម្រិត​នៅ​ឡើយ​ពីសំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ បើ​ទោះជា​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​គ្រប់គ្រាន់​រួចហើយ​ក្តី​។

ឯកឧត្តម​ ឡាំ​ គឹម​ឡេង​ បាន​បន្ត​ថា​ នៅ​កម្ពុជា​មាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន52ម៉ឺន​មូលដ្ឋាន​ (សហគ្រាស​) ចែកចេញជា​ 4ផ្នែក​៖ ទី1​- ផ្នែក​កសិកម្ម​មាន21​% នៃ​ចំនួន​សហគ្រាស​ទាំងអស់​។ ទី2​- ផ្នែក​ឧស្សាហកម្ម​ ឬកម្មន្តសាល​ មាន30​%។ ទី3​- ផ្នែក​ធុរកិច្ច​ ឬពាណិជ្ជកម្ម​ មាន43​% និង​ទី4​- ផ្នែក​សេវាកម្ម​ និង​ទេសចរណ៍​ ដែល​មាន​ប្រហែល7​%។ សហគ្រាស​ធុន​តូច​ និង​មធ្យម​នេះ​ បាន​ផ្តល់​ការងារ​ជូន​ពលរដ្ឋខ្មែរ​បាន​ចំនួន​ពី​ 70​% ទៅ​ 72​%នៃ​ការងារ​ដែល​មាននៅ​កម្ពុជា​ ដែល​ស្មើនឹង​ប្រមាណ​ពី​ 3 ទៅ​ 3.5លាន​នាក់​។

យោង​តាម​ក្រសួង​ បញ្ហា​ប្រឈម​ធំ​ គឺ​មាន​ SME​ មក​ចុះបញ្ជី​មាន​ចំនួន​តិចតួច​ រហូតមកដល់​ពេលនេះ​មានSME​ ប្រមាណ​តែ​ 10​%ប៉ុណ្ណោះ​ដែល​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​ ដែល​ប្រការ​នេះ​ វា​ធ្វើ​ឱ្យ​រដ្ឋ​ពិបាក​ក្នុង​ការគ្រប់គ្រង​ និង​មិនដឹង​ពី​ចំណុច​ខ្វះខាត​ដែល​វិស័យ​ឯកជន​កំពុង​ត្រូវការ​។

លោក​ លី​ វិសាល​ ប្រធានប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ធ្លាប់​បាន​មានប្រសាសន៍​ថា​៖“បើSME​ មិន​ចុះបញ្ជី​ដូចសព្វថ្ងៃ​ អាជ្ញាធរ​ពិតជា​ពិបាក​នឹង​ដឹង​ថា​ តើ​ពួកគាត់​ត្រូវការ​ឱ្យ​រដ្ឋាភិបាល​ជួយ​លើ​ផ្នែក​ណាមួយ​នោះ​ទេ​។ ការ​ផ្តល់​កម្ចី​ អាច​ជា​ការចាំបាច់​ដើម្បី​ជួយ​ពង្រឹង​វិស័យ​SME​ នៅ​កម្ពុជា​ ដូច្នេះSME​ ទាំងអស់​ត្រូវតែ​ចុះបញ្ជី​ ដើម្បី​ធ្វើ​ឱ្យ​ការ​រកស៊ី​កាន់តែ​មាន​តម្លាភាព​ឡើង​ហើយ​រដ្ឋ​ក៏​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ផង​ដែរ​ ពិសេស​ការ​លើកកម្ពស់​ និង​ដាក់ចេញ​នូវ​គោលនយោបាយ​សម្រាប់​ជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​មួយ​នេះ​”។

លោក​ឧកញ៉ា​ តែ​ តាំង​ប៉រ​ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (Fasmec​) បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នៅ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​៖“ធនាគារ​SME​ នឹង​អនុញ្ញាត​ឱ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​បន្ថែម​ទៀត​នូវ​ការពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​។ ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​នឹងអាច​ពឹងពាក់​បាន​នៅ​ចុងឆ្នាំ​នេះ​ ជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​មូលនិធិ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ស្រុក​។

សូម​រំឭក​ដែរ​ថា​ ក្រោម​ការ​ចង្អុលបង្ហាញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​ ហ៊ុន​ សែន​បាន​សម្រេច​ផ្តល់​ថវិកា​ចំនួន​ 100លាន​ដុល្លារ​អាមេរិក​សម្រាប់​ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​(ធ.ស.ក​)ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ SME​ សំដៅ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន។

ជា​រួម​ មកទល់​ពេលនេះ​ ការសិក្សា​អំពី​លទ្ធភាព​ក្នុង​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ ព្រមទាំង​ការរៀបចំ​ផែនការអាជីវកម្ម​ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​ធនាគារ​ ដើម្បី​ឈាន​ដល់​ការបង្កើត​ធ.ស.ក.នេះ​ ត្រូវ​បាន​និង​កំពុង​រៀបចំ​បញ្ចប់​ស្ទើរ​ទាំងស្រុង​ហើយ​ ដោយ​ធនាគារ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ ដោយសារ​ការ​ចុះហត្ថលេខា​ទម្លាក់​ថវិកាជាតិ​ប្រមាណ​ 100លាន​ដុល្លារ​អាមេរិក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕

Advertisement