ការ​ធ្វើ​ទំនើបកម្ម​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធដារ​ ជំរុញ​ឱ្យ​មាន​កំណើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​បង្ហាញ​នូវ​ក្តី​រំពឹង​ជឿ​ជាក់​ថា​ នៅ​ឆ្នាំ2019​ នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​អាច​ប្រមូល​ចំណូល​ពន្ធ​សម្រេច​លើស​ផែនការ​ច្បាប់​កំណត់​ ក្នុង​អត្រា​មួយ​គួរ​ជាទី​ពេញចិត្ត​សម្រាប់​រាជរដ្ឋាភិបាល​។ នេះ​បើ​តាម​ឯកឧត្តម​ គង់​ វិបុល​ ថ្លែង​សុន្ទរកថា​បើក​នៅក្នុង​វេទិកា​ពន្ធ​ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​(The​ European​ Chamber​ of​ Commerce​ (Eurocham​)។

ការ​បង្ហាញ​ជំនឿ​ចិត្ត​បែបនេះ​ ធ្វើឡើង​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ និង​អាករ​គ្រប់​ប្រភេទ​ រយៈពេល​ 10ខែ​ ឆ្នាំ2019​ នេះ​សម្រេច​បាន​លើស​ពី​ផែនការ​ច្បាប់​ ដោយ​ក្នុងរយៈពេល​ 10ខែ​កន្លងទៅ​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​បាន​លើស​ផែនការ​ពេញ​ 1ឆ្នាំ​ 5.06​% ខណៈ​សល់​រយៈពេល​ នៃ​ការ​ប្រមូល​ចំណូល​ 2ខែ​ទៀត​។

ឯកឧត្តម​ គង់​ វិបុល​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ (GDT​) ក្នុង​ជំនួប​ជាមួយ​វិស័យ​ឯកជន​ធុរជន​ ពាណិជ្ជករ​ក្នុង​វេទិកា​ស្តី​ពី​ពន្ធដារ​-សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ បាន​មានប្រសាសន៍​ថា​៖“តាមរយៈ​ការអនុវត្ត​យ៉ាង​យកចិត្ត​ទុកដាក់​នូវ​កំណែទម្រង់​រដ្ឋបាល​ និង​គោលនយោបាយ​សារពើពន្ធ​ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ពន្ធដារ​ លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ និង​អាករ​គ្រប់​ប្រភេទ​រយៈពេល​ 10ខែ​ ឆ្នាំ2019​ នេះ​ នឹងអាច​សម្រេច​លើស​ផែនការ​ច្បាប់​កំណត់​ ក្នុង​អត្រា​មួយ​គួរ​ជាទី​ពេញចិត្ត​សម្រាប់​រាជរដ្ឋាភិបាល​”។

រយៈពេល​ 10ខែ​ ឆ្នាំ2019​ ចំណូល​ពន្ធ​-អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ មាន​ចំនួន​9,616.83ប៊ី​លាន​រៀល​ ឬស្មើនឹង​ប្រមាណ​ជា​ 2,404.21​លាន​ដុល្លារ​អាមេរិក​ កើនឡើង​ 28.31​% ស្មើនឹង​ 530,5លាន​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​។ ចំណូល​ក្នុងរយៈពេល​ 10ខែ​នេះ​ គឺ​មាន​បរិមាណ​ស្មើនឹង​ 105.06​%នៃ​ផែនការ​ប្រមូល​ចំណូល​ប្រចាំឆ្នាំ2019​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ GDT​។

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ កំណែទម្រង់​ថ្មី​ជាច្រើន​ត្រូវ​បាន​អនុវត្ត​នៅ​ឆ្នាំនេះ​ ដើម្បី​ធានា​បាន​នូវ​ដំណើរការ​បង់ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព​។ ឯកឧត្តម​ ក៏បាន​ចង្អុលបង្ហាញ​អំពី​ការ​អនុម័ត​ប្រព័ន្ធ​ឯកសារ​អេឡិចត្រូនិក​ ដែល​រៀបចំ​ការ​ទូទាត់​ដោយ​ស្វ័យប្រវត្តិ​។

ឯកឧត្តម​បន្ថែម​ទៀត​ថា​ គិត​ត្រឹម​ពេលនេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ និង​កម្មវិធី​ចំនួន71​ ដែល​ក្នុង​នោះ​មាន​ប្រព័ន្ធ​ E-VAT​ និង​ E-FILING​។

តាម​ការ​គ្រោងទុក​ ក្នុង​ខែមករា​ ឆ្នាំ2020​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​តាម​ប្រព័ន្ធ​អន​ឡាញ​ (E-Filing​) ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​ ដោយ​អ្ន​កជាប់់​ពន្ធ​អាច​បញ្ចូល​បញ្ជី​ទិញ​-លក់​ ព័ត៌មាន​ពន្ធ​កាត់​ទុក​ ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ ពន្ធ​លើ​អត្ថ​ប្រយោជន៍​បន្ថែម​ និង​ពន្ធ​-អា​ករ​ផ្សេង​ៗតាម​ប្រព័ន្ធ​អន​ឡាញ​។

ឯកឧត្តម​បញ្ជាក់​ទៀត​ថា​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​នៅតែ​បន្ត​ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​ និង​បង្កើន​ការប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​ជា​ចក្ខុវិស័យ​រួម​ គឺ​នឹង​កែប្រែ​រដ្ឋបាល​សារពើពន្ធ​ឱ្យទៅ​ជារ​ដ្ឋ​បាល​សារពើពន្ធ​ឌីជីថល​ ដែល​ផ្តល់​នូវ​ E-Tax​ Service​ ល្អ​ប្រសើរ​ និង​ងាយស្រួល​សម្រាប់​អ្នកជាប់ពន្ធ​ ព្រមទាំង​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ទាំងអស់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ថ្មី​ៗនេះ​ ដើម្បី​ទទួល​បាន​នូវ​ភាព​ងាយស្រួល​ ចំណេញពេលវេលា​ ក៏ដូចជា​ចូលរួម​ពង្រឹង​អនុលោម​ភាព​សារពើពន្ធ​ទាំងអស់គ្នា​ ដែល​ជា​ការចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​នូវ​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​ (Level​ Playing​ Field​)។

ប្រព័ន្ធ​នេះ​នឹង​កាត់បន្ថយ​ពេលវេលា​ និង​ការ​លំបាក​ក្នុង​ការ​បំពេញ​លិខិត​ប្រកាស​ដោយដៃ​ ជំនួស​ដោយ​ការ​បោះពុម្ព​របាយការណ៍​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ​។ ចំពោះ​វិធាន​នៃ​ការប្រើ​ប្រាស់​វិក្កយបត្រ​ថ្មី​ នឹង​កំណត់​ឱ្យ​បាន​ច្បាស់លាស់​អំពី​វិធី​ ឬបែបផែន​នៃ​ការប្រើ​ប្រាស់​វិក្កយបត្រ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ និង​តម្លាភាព​ក្នុង​ការ​ប្រមូល​ពន្ធអាករ​នានា​។

ឯកឧត្តម​ គង់​ វិបុល​ បាន​មានប្រសាសន៍​ថា​៖ “ខ្ញុំ​និង​ក្រុមការងារ​មាន​គោលបំណង​ដោះស្រាយ​កង្វល់​ពី​វិស័យ​ឯកជន​ផង​ដែរ​ ដោយចង់​ដោះស្រាយ​បញ្ហា​ទាំងអស់​របស់​ក្រុមហ៊ុន​ដោយ​ស្មើភាព​។ GDT​ គិតគូរ​រាល់​ការ​ព្រួយបារម្ភ​ និង​ការ​កែ​លម្អ​បញ្ហា​នេះ​ គឺជា​ការ​ផ្តោត​អារម្មណ៍​របស់​យើង​ ហើយ​អនុក្រឹត្យ​ថ្មី​កំពុង​ដំណើរការ​ ដើម្បី​ដោះស្រាយ​កង្វល់​ និង​បញ្ហា​នានា​នៅក្នុង​ប្រព័ន្ធ​ពន្ធ​ ហើយនឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ឆ្នាំក្រោយ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖“ចាំបាច់​ត្រូវ​មានការ​សន្ទនា​គ្នា​ជា​បន្ត​នៅក្នុង​សភា​ពាណិជ្ជកម្ម​ និង​ GDT​ព្រោះថា​ រវាង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ និង​ GDT​ ការកែទម្រង់​មិន​បញ្ចប់​សម្រាប់​នាយកដ្ឋាន​ ឬប្រទេស​នោះ​ទេ​ ហើយ​វា​ក៏​អនុវត្ត​ចំពោះ​ប្រទេស​អភិវឌ្ឍន៍​ផង​ដែរ​។ទ្វារ​របស់​នាយកដ្ឋាន​ពន្ធ​តែងតែ​បើក​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​ពិភាក្សា​អំពី​បញ្ហា​ណាមួយ​ជានិច្ច​។ នាយកដ្ឋាន​ពន្ធដារ​ គឺជា​ស្ថាប័ន​មាន​តម្លាភាព​ និង​ជំរុញ​ឱ្យ​សមាជិក​នៃ​វិស័យ​ឯកជន​ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធ​របស់​ពួកគេ​”។

ឯកឧត្តម​អគ្គនាយក​ បាន​បញ្ជាក់​ទៀត​ថា​ តាមរយៈ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម2019​-2023​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​បន្ត​កែ​លម្អ​នូវ​គោលនយោបាយ​ចាំបាច់​មួយចំនួន​ក្នុង​ន័យ​ធានា​ឱ្យ​បាន​នូវ​ភាព​ងាយស្រួល​ សមធម៌​ និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​បង់ពន្ធ​ ខណៈ​ដែល​គោលដៅ​ នៃ​ការ​ប្រមូល​ចំណូល​កំណត់ដោយច្បាប់​ ត្រូវ​បាន​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

លោក​ Arnaud​ Darc​ ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ (EUROCHAM​) បាន​មានប្រសាសន៍​ថា​៖“វិស័យ​ឯកជន​ទទួលស្គាល់​ពីសា​រៈសំ​ខាន់​នៃ​ការអនុវត្ត​ពន្ធ​ និង​អត្ថ​ប្រយោជន៍​ និង​ស្ថិរភាព​ដែល​ការ​ប្រមូល​ពន្ធ​បាន​នាំមក​។ ពិសេស​ការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​យកចិត្ត​ទុកដាក់​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក្នុង​ការ​ដោះស្រាយ​យ៉ាងសកម្ម​ រាល់​បញ្ហា​ប្រឈម​”។

លោក​ Arnaud​ Darc​ ក៏បាន​បន្ត​សរសើរ​ការ​កែ​លម្អ​ប្រព័ន្ធ​ពន្ធ​របស់​ប្រទេស​នូវ​សំណូមពរ​នានា​ក៏ដូចជា​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ពង្រឹង​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​ (Level​ Playing​ Field​) ប្រកបដោយ​តម្លាភាព​ ប្រសិទ្ធភាព​ ស័ក្តិសិទ្ធិ​ភាព​ និង​សមធម៌​ក្នុងចំណោម​សហគ្រាស​ទាំងឡាយ​ ទាំង​សហគ្រាស​អ្នកជាប់ពន្ធ​ធំ​ អ្នក​ជាប់​ពន្ធ​មធ្យម​ និង​អ្នកជាប់ពន្ធ​តូច​តាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​គោលនយោបាយ​ និង​រដ្ឋបាល​សារពើពន្ធ​ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ និង​កំពុង​អនុវត្ត​ក្នុងរយៈពេល​ 7ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ Frank​ Viault​ តំណាង​សហភាព​អឺរ៉ុប​ (EU​)ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​វេទិកា​ហិរញ្ញវត្ថុ​នេះ​។ កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​មាន​ស្នាដៃ​ល្អ​ជាងគេ​ ទាក់ទង​នឹង​ការ​កៀរគរ​ប្រាក់ចំណូល​ក្នុង​ស្រុក​ ហើយ​សមិទ្ធផល​នេះ​ គឺជា​សក្ខីភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ GDT​”។

លោក​ Franck​ Viault​ បាន​កោតសរសើរ​ចំពោះ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​លើ​ការងារ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​គោលនយោបាយ​សារពើពន្ធ​ និង​ទំនើបកម្ម​ពន្ធដារ​ ឈាន​ទៅ​សម្រេច​បាន​នូវ​វឌ្ឍនភាព​ជា​វិជ្ជមាន​នៃ​ការ​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ផ្ទៃក្នុង​ ដែល​ជា​និន្នាការ​ក្នុង​តំបន់​ និង​សកលលោក​ គឺ​ពន្ធ​ផ្ទៃក្នុង​នឹង​ដើរតួ​នាទី​សំខាន់​សម្រាប់​ទ្រទ្រង់​ចំណូលជាតិ​។

លោក​ Franck​ Viault​ បានឱ្យ​ដឹង​ថា​ សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយឥតសំណង​នូវ​ទឹកប្រាក់​ប្រមាណ​2,5លាន​អឺ​រ៉ូ​ដល់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ឆ្នាំ2019​ដើម្បី​បង្កើន​រចនាសម្ព័ន្ធ​ដោយ​និរន្តរភាព​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក្នុង​សហភាព​អឺរុប​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ប្រមាណ​ 400​អាជីវកម្ម​ និង​និយោជិត​ 2ម៉ឺន​នាក់​ នឹង​ជួយ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។

ក្នុងរយៈពេល​ 3ឆ្នាំ​ចុងក្រោយ​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​សម្រេច​បាន​កំណើន​ចំណូល​ពន្ធ​ក្នុងរង្វង់​ 20​%ក្នុង​ 1ឆ្នាំ​ ក្នុង​នោះ​ឆ្នាំ2016​ បាន​ជាង​ 1,5ពាន់​លាន​ដុល្លារ​។ ឆ្នាំ2017​ បាន​ជាង​ 1,97​ ពាន់​លាន​ដុល្លារ​ និង​ឆ្នាំ2018​ បាន​ជាង​ 2,19ពាន់​លាន​ដុល្លារ​៕

Advertisement