រយៈពេល​ 9ខែ​ឆ្នាំ2019​គយ​ប្រមូល​ពន្ធ​លើ​យាន​យន្ត​បាន​ប្រមាណ​ 1,244​លាន​ដុល្លារ​អាមេរិក​

រយៈពេល​ 9ខែ​ ឆ្នាំ2019​ នេះ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​ប្រមូល​ពន្ធ​លើ​យានយន្ត​ និង​គ្រឿងចក្រ​បាន​ប្រមាណ​ 1,244​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ តួលេខ​នេះ​ស្មើនឹង​ជាង​ 52​% នៃ​ចំណូល​ពន្ធ​សរុប​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​។

យោង​តាម​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​រយៈពេល​ 9ខែ​ ឆ្នាំ2019​ ឯកឧត្តម​បណ្ឌិត​ គុណ​ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ សម្រាប់​ 9ខែ​ ឆ្នាំ2019​ ចំណូល​សរុប​មាន​ប្រមាណ​ជាង​ 9.7ទ្រី​លាន​រៀល​(ប្រមាណ​ 2,391​ លាន​ដុល្លារ​អាមេរិក​) កើនឡើង​ប្រមាណ​ 35​% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។

លទ្ធផល​ចំណូល​នេះ​ត្រូវ​នឹង​ប្រមាណ​ជា106​% នៃ​ផែនការ​ឆ្នាំ​ ដែល​កំណត់ដោយច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ លទ្ធផល​ ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំ​ខាន់​ៗ ដែល​ប្រមូល​ដោយ​គយ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​នោះ​ពន្ធគយ​ (ពន្ធ​នាំចូល​)មាន​កំណើន​ជិត​ 38​% អាករ​ពិសេស​កើន​ប្រមាណ​ 39​% និង​អាករ​លើ​តម្លៃបន្ថែម​ (VAT​) កើន​ជាង​ 32​%។

របាយការណ៍​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​ប្រមូល​ចំណូល​ពន្ធ​លើ​មុខទំនិញ​ជា​ប្រភព​ចំណូល​សំ​ខាន់​ៗផ្សេងទៀត​ ដូចជា​ប្រង​ឥន្ធនៈ​ និង​ថាមពល​សម្រេច​បាន​ប្រមាណ​ 406លាន​ដុល្លារ​អាម​រិក​ ស្មើ​ នឹង​ 17​%នៃ​ចំណូល​ពន្ធ​សរុប​ និង​មុខទំនិញ​ចម្រុះ​ និង​គ្រឿង​សំណង់​ប្រមូល​បាន​ 705លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ប្រមាណ​ 29.5​% នៃ​ចំណូល​សរុប​។

ការ​កើនឡើង​នៃ​ចំណូល​ពន្ធ​លើ​យានយន្ត​ និង​គ្រឿងចក្រ​នេះ​ កើតឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​ កាលពី​ពេល​ថ្មី​ៗបាន​ប្រកាស​ដំឡើង​ពន្ធ​រថយន្ត​ និង​គ្រឿងចក្រ​ឡើង​រហូត​ពី​ជាង​ 80​% ទៅ​ 110​% តាម​ប្រភេទ​ទំហំ​ស៊ីឡាំង​នៃ​រថយន្ត​។ ជាមួយគ្នា​នេះ​ដែរ​យានយន្ត​ និង​គ្រឿងចក្រ​ប្រភេទ​ជជុះ​ក៏​ត្រូវ​បាន​ដំឡើង​ផង​ដែរ​ នៅក្នុង​នោះ​អង្គភាព​គយ​ ក៏បាន​កំណត់​តម្លៃ​ពន្ធ​ថ្មី​ ទៅលើ​ប្រភេទ​យានយន្ត​ទេសចរណ៍​ សម្រាប់​ទំហំ​ស៊ីឡាំង​មិន​លើស​តម្លៃ​ពន្ធ​ 93​% រហូតដល់​ជាង​ 152​% សម្រាប់​ប្រភេទ​រថយន្ត​កម្លាំង​លើស​ 5000សេះ​។

ការ​បង្កើន​ពន្ធ​យានយន្ត​ និង​គ្រឿងចក្រ​ មិន​ត្រឹមតែ​ជួយ​បង្កើន​ចំណូល​ចូល​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះទេ​ គឺ​ថែមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​ទៅ​ប្រើប្រាស់​រថយន្ត​ថ្មី​ ដែល​ធានា​សុវត្ថិភាព​ប្រើ​ប្រាស់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ឱ្យមក​បណ្តាក់​ទុន​កាន់តែ​ច្រើន​ក្នុង​ស្រុក​នា​ពេល​អនាគត​។

ថ្មី​ៗនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កោតសរសើរ​ដល់​អង្គភាព​គយ​ដែល​បាន​ខិតខំ​ប្រមូល​ពន្ធ​ឱ្យ​មាន​កំណើន​គួរ​ជា​ទី​មោទ​នៈ​ជាពិសេស​ចំណូល​ពន្ធ​យានយន្ត​ និង​គ្រឿងចក្រ​នេះ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អះអាង​ថា​ ការ​កើនឡើង​ចំណូល​ពន្ធ​លើ​យានយន្ត​និង​គ្រឿងចក្រ​ គឺជា​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ​ ហើយដែល​តម្រូវ​ឱ្យ​ការប្រើ​ប្រាស់​យានយន្ត​ និង​គ្រឿងចក្រ​កាន់តែ​កើនឡើង​ ដើម្បី​ប្រើប្រាស់​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រើប្រាស់​ សម្រួល​ដល់​មុខរបរ​របស់​ខ្លួន​ និង​ដឹកជញ្ជូន​ទំនិញ​ជាដើម​ ដែល​ជំរុញ​នូវ​ចំណូល​ពន្ធ​យានយន្ត​ និង​គ្រឿងចក្រ​កើនឡើង​ផង​ដែរ​។

បើ​តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ ចំណូល​គយ​ បើ​គិតជា​មធ្យម​មាន​ប្រមាណ​ 250លាន​ដុល្លារ​ក្នុង​ 1ខែ​ ហើយ​មាន​ខែ​ខ្លះ​ អាច​មាន​រហូតដល់​ 300លាន​ដុល្លារ​ ហើយ​ការ​ប្រមូល​ពន្ធ​នៅសល់​ពេល​ 2ខែ​ទៀត​សម្រាប់​ឆ្នាំនេះ​ ដូច្នេះ​ចំណូល​គយ​ឆ្នាំនេះ​ រំពឹង​ថា​ នឹង​កើនឡើង​លើ​ផែនការ​ 800លាន​ដុល្លារ​អាមេរិក​។

សម្តេច​ ហ៊ុន​ សែន​ បញ្ជាក់​ទៀត​ថា​ ក្នុង​ 1ខែៗ​ កម្ពុជា​ប្រមូល​ចំណូល​សរុប​បាន​ប្រមាណ​ 500លាន​ដុល្លារ​អាមេរិក​ និង​ចំណាយ​ទៅវិញ​ប្រមាណ​ 300​លាន​ដុល្លារ​ នៅសល់​ 200លាន​ដុល្លារ​សម្រាប់​ការ​សន្សំ​ ដើម្បី​វិនិយោគ​ដោយខ្លួនឯង​ ដោយ​មិន​រង់ចាំ​តែ​ការ​វិនិយោគ​ពី​បរទេស​នោះ​ទេ​។

លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​ គឺ​បាន​មក​ដោយសារ​តែ​កម្ពុជា​ មាន​ស្ថិរភាព​នយោបាយ​ ការអនុវត្ត​កម្មវិធី​កែទម្រង់​របស់​ អ.គ.រ​(អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​)ស្របតាម​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ​ និង​ការយល់​ដឹង​កាន់តែ​ទូលាយ​ ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ ពន្ធអាករ​របស់​ធុរជន​ពាក់ព័ន្ធ​៕

Advertisement