ចរន្ត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវតែ​ប្រើ​បច្ចេកវិទ្យា​

ស្រប​ពេល​ដែល​ពិភពលោក​កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​របត់​បច្ចេកវិទ្យា​ថ្មី​ ការប្រកួត​ប្រជែង​ផ្នែក​អាជីវកម្ម​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ដែរ​។ ក្រុមហ៊ុន​ទាំង​កម្រិត​សហគ្រាស​ខ្នាត​ធំ​ រហូតដល់​សហគ្រាស​ខ្នាត​មធ្យម​ និង​តូច​ រួម​ទាំង​អ្នកលក់​រាយ​ផង​ ចាំបាច់​ត្រូវតែ​យល់ដឹង​ ហើយ​បត់បែន​ទៅ​រក​របត់​ថ្មី​នៃ​បច្ចេកវិទ្យា​ដើម្បី​ទប់​លំនឹង​ និង​រក្សា​ជំហរ​បាន​ក្នុង​ទីផ្សារ​។

លោក​បណ្ឌិត​ គា​ បូរ៉ា​ អ្នកជំនាញ​គណនេយ្យ​ និង​ទីផ្សារ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​ដោយសារតែ​ការ​វិវឌ្ឍ​របស់​បច្ចេកវិទ្យា​ក្រុមហ៊ុន​ទាំង​ធំ​ ទាំង​តូច​ ចាំបាច់​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ស្រប​នឹង​របស់​ថ្មី​របស់​បច្ចេកវិទ្យា​ទើប​អាច​រក្សា​ជំហរ​ និង​ការប្រកួត​ប្រជែង​បាន​។ ជាក់ស្តែង​យើង​មើលឃើញ​ហើយ​ថា​ ពីមុន​ក្រុមហ៊ុន​នានា​ចូលចិត្ត​ប្រើប្រាស់​ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​ទាក់ទាញ​អតិថិជន​ដោយ​ឱ្យ​បុគ្គលិក​ទូរស័ព្ទ​ម្តង​ម្នា​ក់ៗ​ដើម្បី​ផ្តល់​ព័ត៌មាន​។ បច្ចុប្បន្ន​នេះ​ ប្រសិនបើ​យើង​នៅតែ​ធ្វើបែប​នេះ​ទៀត​ យើង​នឹង​ចាញ់​គេ​ជាក់ជា​មិនខាន​ ព្រោះ​ទម្រាំ​ទាក់ទង​បាន​1លាន​នាក់​ យើង​ត្រូវ​ចំណាយពេល​រាប់​ឆ្នាំ​ ខណៈ​បច្ចេក​វិទ្យា​ផ្សេង​ៗមាន​ដូចជា​ Facebook​, Telegram​ ឬ Wechat​ ជាដើម​ចំណាយពេល​ខ្លី​ តែ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​បាន​រាប់​ម៉ឺន​ រាប់​លាន​នាក់​។ នេះ​ជារ​បត់​មួយ​ដែល​យើង​មើលឃើញ​ជាក់ស្តែង​ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ជាច្រើន​ផ្សេងទៀត​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវតែ​គិតគូរ​ និង​យកចិត្ត​ទុកដាក់​ដើម្បី​ធានា​ពី​ការ​ផ្តល់​ និង​ទទួល​បាន​ព័ត៌មាន​ពីអ​តិថិ​ជន​ឱ្យ​បាន​ល្អ​ និង​ទាន់សម័យ​កាល​។

លោក​បណ្ឌិត​ គា​ បូរ៉ា​ បាន​និយាយ​ថា​៖ “ម្ចាស់​អាជីវកម្ម​ទាំងអស់​ចាំបាច់​ត្រូវតែ​ពិចារណា​លើ​ចំណុច​មូលដ្ឋាន​មួយចំនួន​ដើម្បី​រក្សា​លំនឹង​ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ​ ប្រសិនបើ​គាត់​មិនទាន់​មាន​សមត្ថភាព​ក្នុង​ចាប់​យក​បច្ចេក​វិទ្យា​ធំៗ​ទៅ​ប្រើប្រាស់​”។

អ្នកជំនាញ​ខាងលើ​បាន​បន្ថែម​ទៀត​ថា​ ម្ចាស់​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាងហោចណាស់​ក៏​គួរ​មាន​ Email​ ផ្លូវការ​មួយ​របស់​ខ្លួនឯង​ និង​មាន​វេ​បសាយ​ ដែល​មាន​ផ្ទុក​ព័ត៌មាន​សេវាកម្ម​ ឬផលិតផល​ទាំងអស់​នៅ​លើ​នោះ​ដើម្បី​បង្ហាញ​ឱ្យ​អតិថិជន​បានដឹង​។ ម្យ៉ាងវិញទៀត​ វេ​បសាយ​នោះ​ ក៏​គួរតែ​ត្រូវ​បាន​រចនា​ឱ្យ​ស្របតាម​សម័យកាល​ និង​ទម្រង់​ច្បាស់លាស់​ផង​ដែរ​ ព្រោះ​ពេលវេលា​ចេះតែ​ទៅមុខ​ ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា​លើ​វេ​បសាយ​កាន់តែ​ត្រូវការ​ មិន​អាចប​ង្កើត​តែ​វេ​បសាយ​ចោល​ បន្ទាប់មក​ទុកចោល​រាប់​ឆ្នាំ​ដោយ​មិន​រវីរវល់​នោះ​ទេ​។ នៅពេល​នេះ​ មា​នវេប​សាយ​ខ្លះ​ក៏​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​ដាក់​ឱ្យ​អតិថិជន​អាច​សួរ​ និង​ឆ្លើយឆ្លង​បា​នភ្លាមៗ​ផង​ដែរ​ ដើម្បី​ទាក់ទាញ​ឱ្យ​បុគ្គលិក​ និង​អតិថិជន​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ឡើង​។ បន្ថែម​ពីលើ​នេះ​ សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ចង់​ប្រើប្រាស់​កម្ម​វិ​ធី​ធំៗ​សម្រាប់​គ្រប់គ្រង​អាជីវកម្ម​វិញ​ ក៏​ចាំបាច់​ត្រូវ​សិក្សា​ និង​មើល​ឱ្យ​ច្បាស់​ពី​សមត្ថភាព​របស់​ស្ថាប័ន​ផង​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សមត្ថភាព​នៃ​ធនធានមនុស្ស​ និង​កម្មវិធី​បច្ចេកវិទ្យា​មាន​ភាព​ស៊ីគ្នា​ ហើយ​អនុវត្ត​បាន​ដោយ​រលូន​។ កន្លងមក​មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​គិតគូរ​ច្រើន​ហួស​តម្រូវការ​ជាក់ស្តែង​ ដោយចង់​ឱ្យ​បច្ចេកវិទ្យា​ផ្លាស់​ប្តូរ​របត់​នៃ​ក្រុមហ៊ុន​នេះ​ភ្លាម​ៗ ខណៈ​ពេល​ដែល​បុគ្គលិក​មិនទាន់​មាន​សមត្ថភាព​ល្អ​ក្នុង​ការប្រើ​ប្រាស់​នៅឡើយ​ ដែល​ធ្វើ​ឱ្យ​គាត់​ដាក់​បច្ចេកវិទ្យា​ចូល​ទៅ​ហើយក៏​នៅតែ​បរាជ័យ​ដដែល​។

បង្ហាញ​ពី​ចំណុច​នេះ​ដែរ​ លោក​ ទេព​ វណ្ណី​ នាយក​ក្រុមហ៊ុន​ Borkor​ Technology​ បាន​លើកឡើង​ថា​ របត់​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ពិភពលោក​ផ្លាស់​ប្តូរ​ ហើយ​ស្ថានភាព​នៃ​ការប្រែប្រួល​នេះ​នឹង​ចូល​មកដល់​សង្គម​យើង​ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ទាំងអស់​ត្រូវតែ​ផ្លាស់​ប្តូរ​ដូចគ្នា​ គ្រាន់តែ​យូរ​ ហើយនិង​ឆាប់​តែប៉ុណ្ណោះ​។ ជាក់ស្តែង​ យើង​ឃើញ​ហើយ​ថា​ របរ​ប្រពៃណី​មួយចំនួន​ដែល​បាន​ចាក់គ្រឹះ​រឹងមាំ​ក្នុង​សង្គម​ ហើយ​មាន​តម្រូវការ​ខ្ពស់​ខ្លាំង​ តែ​អាច​ស្លាប់​ទៅ​បាន​ដោយ​គ្រាន់តែ​មាន​បច្ចេកវិទ្យា​ថ្មី​មួយ​ចូល​មកដល់​។ ឧទាហរណ៍​ របរ​ដឹកជញ្ជូន​ជាដើម​ ពីរ​បរ​ដែល​មាន​តម្រូវការ​ខ្ពស់​ហើយ​គ្រប់គ្នា​មិនដែល​គិតថា​ វា​នឹង​មាន​អ្វី​មក​ប៉ះពាល់​នោះ​ គ្រាន់តែ​មាន​បច្ចេកវិទ្យា​ហៅ​តាក់ស៊ី​ជិះ​តាមរយៈ​ App​ ចូល​មក​ភ្លាម​ ម៉ូតូឌុប​ រ៉ឺម៉ក​កង់3​ ស្ទើរតែ​អស់ផ្លូវ​ដើរ​ ហើយ​ត្រូវតែ​ភ្ជាប់​បច្ចេកវិទ្យា​ដើម្បី​បន្ត​មុខរបរ​នេះ​។

លោក​ ទេព​ វណ្ណី​ បាន​និយាយ​ថា​៖ “មាន​អាជីវកម្ម​ខ្លះ​ប្រកួតប្រជែង​តែ​ជាមួយគ្នា​ឯង​ក្នុង​ស្រុក​ ខ្លាំង​ទៅវិញទៅមក​លើ​គ្រប់​វិធី​ តែ​ភ្លេច​គិត​ពី​បច្ចេកវិទ្យា​ ចុងក្រោយ​មាន​គេ​នាំចូល​បច្ចេកវិទ្យា​ ឬក្រុមហ៊ុន​បច្ចេកវិទ្យា​ក្រៅ​ស្រុក​តូច​មួយ​ចូល​មក​ភ្លាម​ ធ្វើ​ឱ្យ​អាច​ឈ្នះ​គេ​ទាំងអស់​ក្នុង​ប្រទេស​ក៏មានដែរ​”។

លោក​ ទេព​ វណ្ណី​ បាន​លើកឡើង​ថា​ ហេតុនេះ​ហើយ​ទើប​យើង​ទាំងអស់គ្នា​គួរ​ពិចារណា​ក្នុង​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅកាន់​បច្ចេកវិទ្យា​បន្តិច​ម្តង​ៗ ដើម្បី​ត្រៀមខ្លួន​ឱ្យ​ដើរ​ទាន់​ការប្រកួត​ប្រជែង​ដែល​កាន់តែ​ទូលំទូលាយ​ឡើងជា​រៀងរាល់ថ្ងៃ​។ ក្នុង​នោះ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ការ​ធ្វើ​ទីផ្សារ​ និង​របៀប​គ្រប់គ្រង​អាជីវកម្ម​ក៏​គួរតែ​បញ្ចូល​បច្ចេកវិទ្យា​ផង​ដែរ​ ដើម្បី​ធ្វើការងារ​ឱ្យ​បាន​លឿន​ និង​មានប្រសិទ្ធភាព​ខ្ពស់​។ ការ​រកស៊ី​ គឺ​ប្រៀប​ដូចជា​ការ​ជិះកង់​ដូច្នោះ​ដែរ​ បើ​យើង​មិនទៅ​មុខ​ គឺ​យើង​នឹង​ដួល​ ហើយ​ប្រសិនបើ​យើង​ជិះ​តាមដំណើរ​ គេ​ខំប្រឹង​ជិះ​ខ្លាំង​ជាង​ គេ​នឹង​ទៅមុខ​លឿន​ជាង​យើង​ ដែល​នឹង​ធ្វើ​ឱ្យ​យើង​នៅ​ក្រោយគេ​។ ហេតុនេះ​សម្រាប់​ការ​ធ្វើអាជីវកម្ម​ បើ​ទោះបីជា​យើង​មិន​ធ្វើអ្វី​សោះ​ក៏ដោយ​ ក៏​បញ្ហា​រត់​មករ​កយើង​ដែរ​ ឬគេ​អាច​និយាយ​បាន​ថា​ បច្ចេកវិទ្យា​នឹង​មក​រំខាន​ការ​រកស៊ី​របស់​យើង​ដែរ​ ប្រសិនបើ​យើង​បត់​មិនទាន់​បច្ចេកវិទ្យា​៕

Advertisement