អង់គ្លេស​ប្រកាស​សន្យា​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​នាំចូល​របស់​កម្ពុជា​

រដ្ឋាភិបាល​អង់គ្លេស​តាមរយៈ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​បាន​ប្រកាស​ថា​ អង់គ្លេស​នឹង​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា​តាម​គំរូ​សហភាព​អឺរ៉ុប​ដែរ​ បន្ទាប់ពី​ខ្លួន​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នា​ពេល​ខាងមុខ​។ ប៉ុន្តែ​ជា​ថ្នូរ​នឹង​ការ​ធ្វើបែប​នេះ​ អង់គ្លេស​ក៏​មាន​លក្ខខណ្ឌ​មួយ​សម្រាប់​កម្ពុជា​ដែរ​ គឺ​សុំ​ឱ្យ​កម្ពុជា​គាំទ្រ​ខ្លួន​ធ្វើជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​នៅពេល​ដែល​ខ្លួន​លែង​ជាស​មា​ជិ​កសហភាព​អឺរ៉ុប​ទៀត​នោះ​។

ការប្រកាស​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទំនិញ​នាំចូល​ពី​កម្ពុជា​របស់​អង់គ្លេស​នេះ​ បាន​ធ្វើឡើង​ដោយ​លោកស្រី​ Heather​ Wheeler​ អនុរដ្ឋ​លេខាធិការ​សភា​ និង​ជារ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការបរទេស​អង់គ្លេស​នៅក្នុង​ជំនួប​ជាមួយ​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី17​ ខែកញ្ញា​ ឆ្នាំ2019​។

លោកស្រី​ Heather​ Wheeler​ បាន​ប្រាប់​ប្រមុខ​ការទូត​កម្ពុជា​ថា​ អង់គ្លេស​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នា​ពេល​ខាងមុខនេះ​ ប៉ុន្តែ​អង់គ្លេស​នៅតែ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ ព្រមទាំង​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ចំនួន​ 47ប្រទេស​ទៀត​។ នេះ​បើ​តាម​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក​ មាស​ គឹ​មហេង​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ក្រោយ​កិច្ចប្រជុំ​នោះ​។

លោក​ មាស​ គឹ​មហេង​ ក៏បាន​អះអាង​ឱ្យ​ដឹង​ដែរ​ថា​ ជាមួយនឹង​ការសន្យា​បែបនេះ​ លោកស្រី​ Heather​ Wheeler​ ក៏បាន​ស្នើសុំ​ និង​រំពឹង​ថា​ កម្ពុជា​នឹង​គាំទ្រ​ខ្លួន​ក្នុង​ការ​ធ្វើជា​ដៃគូ​សន្ទនា​ជាមួយនឹង​អាស៊ាន​នៅពេល​ណា​ដែល​អង់គ្លេស​ចេញផុត​ពី​សហភាព​អឺរ៉ុប​។ ជា​ការ​ឆ្លើយតប​វិញ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​សន្យា​ទៅវិញ​ថា​ កម្ពុជា​នឹង​គាំទ្រ​បេក្ខភាព​អង់គ្លេស​ក្នុង​រឿង​នេះ​។

“ប្រសិនបើ​គាត់​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​យើង​នោះ​ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ ដោយសារ​ប្រទេស​អង់គ្លេស​បច្ចុប្បន្ន​នេះ​នៅក្នុង​សហគមន៍​អឺរ៉ុប​ បន្ទាប់​ពី​អាល្លឺ​ម៉ង​មក​ គឺ​អង់គ្លេស​ជា​ប្រទេស​ទី2​ ហើយ​ ដែល​យើង​នាំចេញ​ទៅ​អឺរ៉ុប​គឺ​អាល្លឺម៉ង់​ហ្នឹង​ ជាង​ 1ពាន់​លាន​ដុល្លារ​ ទៅ​អង់គ្លេស​ហ្នឹង​ ក៏​ជាង​ 1ពាន់​លាន​ដុល្លារ​ដូចគ្នា​ដែរ​”។ ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​មហាអំណាច​អង់គ្លេស​នឹង​ក្លាយជា​ការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ ហើយ​កម្ពុជា​នឹង​ទទួល​បានផល​ប្រយោជន៍​បន្ថែម​ទៀត​កាន់តែ​ច្រើនឡើង​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ មាស​ គឹ​មហេង​។

សូម​កត់សម្គាល់​ថា​ ការប្រកាស​ពី​ជំហរ​របស់​អង់គ្លេស​នេះ​ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រឈមមុខនឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ ពី​សហភាព​អឺរ៉ុប​ ដោយសារតែ​បញ្ហា​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ក៏ប៉ុន្តែ​នៅពេល​នេះ​កម្ពុជា​កំពុង​មាន​សុទិដ្ឋិនិយម​ឡើងវិញ​ ក្រោយ​ការប្រកាស​របស់​អង់គ្លេស​បែបនេះ​។ លោក​ មាស​ គឹ​មហេង​ បាន​គូសបញ្ជាក់​ថា​ សម្រាប់​កម្ពុជា​ នេះ​គឺជា​ចំណុច​វិជ្ជមាន​។ វិជ្ជមាន​ដោយហេតុថា​ អង់គ្លេស​ គឺជា​ទីផ្សារ​ធំ​ទី2​ ហើយ​បន្ទាប់ពី​អាល្លឺម៉ង់​ដែល​បាន​ទិញទំនិញ​ពី​កម្ពុជា​តាម​ច្រក​ទីផ្សារ​សហភាព​អឺរ៉ុប​។

យោង​តាម​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស​ មាន​សម្ទុះ​រីកចម្រើន​ពី1ឆ្នាំទៅ​ 1ឆ្នាំ​។ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​អង់គ្លេស​មាន​ទំហំ​ 465​លាន​ដុល្លារ​ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ2019នេះ​។

ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ នៅ​ឆមាស​ទី1​ ឆ្នាំ2019នេះ​ កម្ពុជា​បាន​នាំចេញ​ទៅ​អង់គ្លេស​ចំនួន​ 450លាន​ដុល្លារ​ ចំណែក​អង់គ្លេស​បាន​នាំចូល​មក​កម្ពុជា​មាន​ចំនួន​ 15លាន​ដុល្លារ​។

កាលពី​ឆ្នាំ2018​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង2​ មាន​ចំនួន​ 1ពាន់​ 83លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំទៅ​អង់គ្លេស​មាន​ចំនួន​ 1ពាន់​ 18លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​ មានតែ​ 65លាន​ដុល្លារ​។

នៅ​ឆ្នាំ2017​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​ទឹកប្រាក់​ 1ពាន់​ 44លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​អង់គ្លេស​ចំនួន​ 1ពាន់​ 14លាន​ដុល្លារ​ ចំណែក​អង់គ្លេស​នាំចូល​មក​កម្ពុជា​វិញ​ ចំនួន​ 30លាន​ដុល្លារ​។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ ផលិតផល​របស់​កម្ពុជា​ដែល​អង់គ្លេស​បញ្ជាទិញ​ភាគច្រើន​ គឺ​សម្លៀកបំពាក់​ ផលិតផល​ស្បែកជើង​ និង​កង់​។ ចំណែក​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​រួមមាន​ សម្លៀកបំពាក់​ ស្បែកជើង​ កង់​ជិះ​ អង្ករ​ និង​ផលិត​កសិកម្ម​ផ្សេងទៀត​។

ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​មហាអំណាច​អង់គ្លេស​ ត្រូវ​បាន​គេ​ពណ៌នា​ថា​ នឹង​រួមចំណែក​ជួយ​អភិវឌ្ឍ​កម្ពុជា​ ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​បន្ថែម​ទៀត​កាន់តែ​ច្រើនឡើង​។ ចក្រភព​អង់គ្លេស​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ផង​ដែរ​សម្រាប់​កម្ពុជា​ក្នុង​តំបន់​អឺរ៉ុប​ ហើយ​ប្រទេស​អង់គ្លេស​ គឺជា​ទីផ្សារ​ទី3​ ក្នុង​តំបន់​អឺរ៉ុប​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាង​គេ​៕

Advertisement