កម្ពុជា-វៀតណាម នឹងបង្កើនទំហំពាណិជ្ជកម្ម ឲ្យដល់ 5ពាន់លានដុល្លារ

ភ្នំពេញៈ មេដឹកនាំកម្ពុជា-វៀតណាម បានខិតខំជំរុញធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន 5ពាន់លានដុល្លារអាមេរិក នៅក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ថាច់ យ៉ឺ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ជាក់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី50 ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (24 មិថុនា ឆ្នាំ1967-24 មិថុនា ឆ្នាំ2017) នាយប់ថ្ងៃទី22 ខែមិថុនាម្សិលមិញនេះថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមកដល់ពេលនេះវៀតណាមបានក្លាយជាដៃគូសេដ្ឋកិច្ចមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចចម្បងរបស់កម្ពុជា។
ក្នុងឆ្នាំ2016 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជិតដល់ 3ពាន់លានដុល្លារអាមេរិក ហើយភាគីទាំងពីរបានឯកភាពគ្នាថា នឹងខិតខំជំរុញ ដើម្បីឱ្យទំហំពាណិជ្ជកម្មទ្វេភាគីអាចសម្រេចបានដល់ 5ពាន់លានដុល្លារអាមេរិក នៅក្នុងពេលឆាប់ៗខាងមុខ។

សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា លោកជឿថាពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម និងជាមួយប្រទេសក្នុងតំបន់ដទៃទៀតនឹងបន្តរីកចម្រើនទៅមុខ ប៉ុន្តែបើគិតពីការនាំចូលវិញ គឺកម្ពុជាបាននាំចូលទំនិញពីប្រទេសថៃច្រើនជាងវៀតណាម។ លោកបន្តថា មានការលើកឡើងពីអ្នកជំនាញនៃមូលនិធិរូបិយប័ណ្ណអន្តរជាតិថា ប្រទេសដែលស្ថិតនៅក្បែរប្រទេសជឿនលឿននឹងទទួលបានភាពជឿនលឿនផងដែរ ដោយសារតែការទទួលបានឥទ្ធិពលវិជ្ជមានពីប្រទេសទាំងនោះ។

លោកបន្តថា “គំនិតធំនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់គឺ ធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយគ្នា ហើយទំហំសេដ្ឋកិច្ចតូចឬធំជារឿងធម្មតា”។ លោកបន្តថា “យើងមានវត្ថុធាតុដើម ប៉ុន្តែយើងមិនអាចកែច្នៃបាន ហេតុនេះយើងត្រូវពឹងប្រទេសជិតខាងដែលមានកន្លែងកែច្នៃ មានកំពង់ផែជិតដែលធ្វើឲ្យតម្លៃដឹកជញ្ជូនទាបជាងយើង”៕

Advertisement