សម្តេច​នាយក​រដ្ឋមន្ត្រី​ ស្នើ​ឱ្យ​ចិន​ជួយ​បណ្តុះ​បណ្តាល​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​

សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​សហការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ និង​សហការ​ជាមួយនឹង​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏ដូចជា​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ផង​ដែរ​ ដើម្បី​ជំរុញ​វិស័យ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ស្ដីពី​ជំនួប​រវាង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាមួយ​លោក​ វ៉ាង​ កាង​ (Wang​ Gang​) អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ចិន​។

សម្ដេច​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​៖“កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ គឺ​ចាំបាច់​ត្រូវការ​ធនធានមនុស្ស​ ការស្រាវជ្រាវ​ និង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​ ឬក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ​ ដែល​ចាំបាច់​ណាស់​ត្រូវ​មានការ​សិក្សា​ស្រាវជ្រាវ​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ និង​វិទ្យាសាស្ត្រ​ដទៃទៀត​”។

សម្តេច​បន្ត​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​នេះ​ផង​ដែរ​ ក្នុង​ន័យ​នេះ​ កម្ពុជា​កំពុងតែ​តម្រង់​ទិស​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សមស្រប​ទៅតាម​ចរន្ត​នៃ​យុគសម័យ​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​ត្រូវការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឱ្យ​បាន​កាន់តែ​ច្រើន​លើ​វិស័យ​នេះ​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏​នៅតែ​ត្រូវការ​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ​ថែមទៀត​ដែរ​។

ក្នុង​ជំនួប​នេះ​ លោក​ Wang​ Gang​ បាន​ជម្រាប​ជូន​សម្តេច​ថា​ នេះ​ជា​លើក​ទី1​ ហើយដែល​លោក​បាន​មកកាន់​ប្រទេស​កម្ពុជា​ ហើយ​បានឃើញ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​ពេលនេះ​ គឺ​មាន​គោលបំណង​សំខាន់2​៖ ទី1​ គឺ​ដើម្បី​ចូល​ជួប​សម្តែង​ការគួរសម​ចំពោះ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ទី2​ គឺ​ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ ជាពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។ ក្នុង​ឱកាស​នោះ​ លោក​ វ៉ាង​ កាង​ បាន​គោរព​ស្នើសុំ​ទស្សន​របស់​សម្ដេច​តេជោ​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នេះ​។

សូម​បញ្ជាក់​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​បាន​បង្កើត​ឱកាស​សម្រាប់​អាជីវ​កម្ម​ថ្មី​ៗ និង​ការ​ច្នៃប្រឌិត​មួយចំនួន​ រួម​ទាំង​សហគ្រិនភាព​ឱ្យ​មានការ​រីកចម្រើន​ជា​បណ្តើរ​ៗ ស្រប​នឹង​និន្នាការ​ប្រទេស​ក្នុង​តំបន់​។ ក៏ប៉ុន្តែ​សមត្ថភាព​ចាប់​យក​ និង​សកម្មភាព​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​នៅ​មានកម្រិត​ទាប​នៅឡើយ​ មិនថា​នៅក្នុង​វិស័យ​សាធារណៈ​ ឬនៅ​ក្នុង​វិស័យ​ឯកជន​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ​ការ​ទទួលយក​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ​មាន​ភាពយឺត​យ៉ាវ​ ហើយ​ការ​ទទួលយក​សេវា4Gវិញ​ កាន់តែ​មាន​អត្រា​ទាប​ថែមទៀត​។ អត្រា​នៃ​ការប្រើ​ប្រាស់​សេ​វា​អុីន​ធើ​ណិ​តអចល័ត​ដែល​អាច​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ​ធំៗ​វិញ​ នៅ​មានកម្រិត​ទាប​នៅឡើយ​។

ម្យ៉ាងវិញទៀត​ ការ​វិនិយោគ​ដោយ​វិស័យ​ឯកជន​ក្នុង​បច្ចេកវិទ្យា​ឌីជីថល​នេះ​ក៏​មានការ​យឺតយ៉ាវ​ផង​ដែរ​ ដែល​ឆ្លុះបញ្ចាំង​ពី​សម្ពាធ​នៃ​ការប្រកួត​ប្រជែង​ និង​បរិយាកាស​វិនិយោគ​ស្រប​ពេល​ដែល​ការ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល​ដោយ​មជ្ឈដ្ឋាន​ធនាគារ​ក៏​ហាក់​ដូចជា​មានកម្រិត​ទាប​នៅឡើយ​ដែរ​។

លើស​ពីនេះ​ទៀត​ ការយល់​ដឹង​អំពី​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុងចំណោម​ប្រជាជន​ ជាពិសេស​នៅ​តាម​ទី​ជនបទ​នៅ​មានកម្រិត​ទាប​នៅឡើយ​ ក្នុង​ខណៈ​ដែល​ការអប់រំ​ផ្នែក​នេះ​នៅ​មាន​បរិមាណ​តិចតួច​។ ក្នុង​ន័យ​នេះ​ ការ​យកចិត្ត​ទុកដាក់​គួរតែ​ផ្តល់​អាទិភាព​លើ​រៀបចំ​ និង​ការ​វិនិយោគ​បន្ថែម​លើ​ហេ​ដ្ឋា​រចនា​សម័ន្ធ​ឌីជីថល​ ព្រមទាំង​ការរៀបចំ​ និង​កែ​លម្អ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​នានា​ រួម​ទាំង​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។

ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ធ្លាប់​បាន​ថ្លែង​ឱ្យ​ដឹង​កាលពី​ពេល​កន្លងមក​ថា​ ដើម្បី​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​បែប​បច្ចេកវិទ្យា​ឱ្យ​ទាន់ពេល​វេលា​ ត្រូវ​ផ្អែកលើ​កត្តា​ចំនួន4​ ដូចជា​ទី1​ ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​ដែល​មានការ​អប់រំ​ខ្ពស់​ និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់រហ័ស​។ ទី2​ ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​វៃឆ្លាត​ (Smart​ Device​)។ ទី3​ ការ​រីកចម្រើន​យ៉ាង​រហ័ស​លើ​ផ្នែក​បច្ចេកវិទ្យា​តាមរយៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ទី4​ ឥទ្ធិពល​ដ៏​លឿន​នៃ​ឌីជីថល​ភា​វូ​នី​យក​ម្ម​ដែល​កំពុង​មាននៅ​ក្នុង​គ្រប់​វិស័យ​សំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​៕

Advertisement