ទេសចរណ៍​ក្នុងស្រុក​មាន​កំណើន​ភ្ញៀវ​ពី1ឆ្នាំ ទៅ1ឆ្នាំ ប្រមាណ 6%

ពិព័រណ៍​ទេសចរណ៍​ជាតិ​ដ៏​ធំ ជា​លើកដំបូង​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA =The Cambodia Association of Travel Agents)ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​ដែល​កំពុងមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី22 ខែកក្កដា ឆ្នាំ2018 ម្សិលមិញ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយថា វិស័យ​ទេសចរណ៍​កម្ពុជា ដែលជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកជា «មាស​បៃតង»។ វិស័យនេះ​បាន​នឹង​កំពុង​បោះជំហាន​ទៅមុខ និង​រីកចម្រើន​ជា​លំដាប់ ដោយ​រក្សាបាន​នូវ​កំណើន​ជា​រៀងរាល់ឆ្នាំ បានរួម​ចំណែក​ប្រមាណ12% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង 62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​ទៀត។

លោក​រដ្ឋមន្ត្រី​បន្តថា សម្រាប់​ទេសចរណ៍​ក្នុងស្រុក កំណើន​ភ្ញៀវ​មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ (6% ជា​មធ្យម)។ ជាក់ស្តែង នៅ​ឆ្នាំ2015 ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង 9.6លាន​នាក់ កើន​ដល់​ជាង 10លាន​នាក់​នៅ​ឆ្នាំ2016 និង​ជិត 11លាន​នាក់​នៅ​ឆ្នាំ2017 ហើយ​ជា​ចក្ខុវិស័យ​ក្រសួងទេសចរណ៍​រំពឹងថា នឹងមាន​ទេសចរ​ប្រមាណ 19លាន​នាក់​នៅ​ឆ្នាំ2025។

ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​មាន 5.6លាន​នាក់​នៅ​ឆ្នាំ2017 កើនឡើង11.8%។ ហើយ​ក្នុង​រយៈពេល5ខែ ដើមឆ្នាំ2018នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ 2,6លាន​នាក់។ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ 6.2លាន​នាក់​នៅ​ឆ្នាំ2018នេះ 7លាន​នាក់​នៅ​ឆ្នាំ2020  និង15លាន​នាក់​នៅ​ឆ្នាំ2030។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​បញ្ជាក់ថា ពិព័រណ៍​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​រដ្ឋាភិបាល​ឱ្យសម្រេចបាន​ទិសដៅ​ទេសចរណ៍​របស់ខ្លួន។ «ខ្ញុំ​ជឿថា តាមរយៈ​ពិព័រណ៍​នេះ​ជា​លើកដំបូង​នៅ​កម្ពុជា​យើង​នឹង​ខិត​កាន់តែ​កៀក​ដល់​គោលដៅ​របស់​យើង​ក្នុងចំណោម​ទេសចរ​ក្នុងស្រុក​ចំនួន 11 លាន​នាក់​ត្រឹម​ឆ្នាំ2025»។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម CATA បាន​ថ្លែងថា៖ «ការតាំងពិព័រណ៍​នេះ​បាន​លើកកម្ពស់​តំបន់​ទេសចរណ៍​កម្ពុជា​ជាមួយនឹង​ការធ្វើដំណើរ​ក្នុងស្រុក» ។ ប្រតិបត្តិ​ករ​ទេសចរណ៍ ភោជនីយដ្ឋាន និង​អ្នក​ផលិត​ផលិតផល​ក្នុងស្រុក ក៏បាន​បង្ហាញ​ពី​សេវាកម្ម និង​ផលិតផល​របស់​ពួកគេ​ក្នុង​រយៈពេល 3ថ្ងៃ ហើយ​ក៏បាន​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ទទួល​បានកា​រ​យល់ដឹង​កាន់តែ​ប្រសើរឡើង​អំពី​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​ផលិតផល និង​ម្ហូបអាហារ ដែល​ក្នុង​ពិព័រណ៍​នេះ​មាន​ស្តង់​បង្ហាញ​ផលិតផល​ទេសចរណ៍​ប្រមាណ​ជា 150ស្តង់។

លោកស្រី​បន្តថា៖ «ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​កំពុង​ជ្រើសរើស​ធ្វើដំណើរ​ទេសចរណ៍​ក្នុងប្រទេស ពិសេស​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ។ ការកែលម្អ​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ត្រូវតែ​ជា​អាទិភាព​សម្រាប់​វិស័យ​សាធារណៈ និង​ឯកជន។ យើង​ចាំបាច់​ត្រូវ​បន្ត​ធ្វើឱ្យ​គោលដៅ​ទេសចរណ៍​របស់​យើង​កាន់​តែមាន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក និង​បរទេស»៕

Advertisement