ការ​បើក​ជើងហោះហើរ​ត្រង់​ថ្មី​ៗមក​កម្ពុជា​ ជា​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​

ការ​បើក​ជើងហោះហើរ​អន្តរជាតិ​ដើម្បី​គាំទ្រ​វិស័យ​អាកាសចរណ៍​ជាមួយនឹង​ស្តង់​ដា​ពិភពលោក​ទាក់ទង​នឹង​សុវត្ថិភាព​ និង​និរន្តរភាព​ គឺជា​ការជំរុញ​ទំនាក់ទំនង​អាជីវកម្ម​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ការ​ធ្វើវិនិយោគ​ រួម​ទាំង​បង្កើន​ជើងហោះហើរ​សម្រាប់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​ និង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។

ឯកឧត្តម​ ជា​ អូន​ រដ្ឋលេខាធិការ​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​ថា​ កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍​ដូច​តាម​ការ​គ្រោងទុក​។ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ Citilink​ បាន​ចុះចត​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​ជា​ចំណុច​សំខាន់​ថ្មី​មួយ​ក្នុង​ការ​តភ្ជាប់​ដោយ​ត្រង់​រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​តពីលើ​កដំបូង​នៅ​ឆ្នាំ1969​ ហើយ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​នៃ​ប្រទេស​ទាំង2​ បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​ការ​តភ្ជាប់​តាមផ្លូវអាកាស​ជាថ្មី​នៅក្នុង​ឆ្នាំ2006​។

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“កិច្ច​ព្រមព្រៀង​សេវា​អាកាសចរណ៍​ និង​ MoU​ រវាង​ប្រទេស​ទាំង2​ បាន​ជួយ​យើង​ឱ្យ​ចរចា​ និង​បង្កើត​ជើងហោះហើរ​ដោយ​ត្រង់នេះ​។ ដោយ​ផ្អែកលើ​អង្គការ​អាកាសចរណ៍​ស៊ីវិល​ អន្តរជាតិ​ និង​តម្រូវការ​នៅ​កម្ពុជា​ យើង​ក៏បាន​ពិនិត្យមើល​រចនាសម្ព័ន្ធ​ក្រុម​-ហ៊ុន​ ឯកសារ​ និង​ទិដ្ឋភាព​ច្បាប់​ផ្សេង​ៗទៀត​ ដើម្បី​ធានា​ថា​ ការហោះហើរ​មក​ប្រទេស​កម្ពុជា​បាន​បំពេញ​តាម​ស្តង់​ដា​ជាតិ​ និង​អន្តរជាតិ​”។

ឯកឧត្តម​បាន​បន្ថែម​ថា​៖ “យើង​ គឺជា​អាជ្ញាធរ​ដែល​ធ្វើ​ឱ្យ​ការហោះហើរ​មាន​សុវត្ថិភាព​ និង​មាន​ស្ថិរភាព​”។ យើង​ក៏បាន​ចេញ​វិញ្ញាបនបត្រ​ប្រតិបត្តិ​ការ​យន្តហោះ​បរទេស​ទៅ​ឱ្យ​ក្រុមហ៊ុន​ Citilink​ ផង​ដែរ​”។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ជើងហោះហើរ​ត្រង់​នឹង​បង្កើន​លំហូរ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង2​។ ការហោះហើរ​ត្រង់នេះ​ និង​ការ​កែ​លម្អ​សម្ភារ​នៅក្នុង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​របស់​កម្ពុជា​កំពុង​ក្លាយជា​ច្រក​ទ្វារ​ចូល​ដ៏​មានប្រសិទ្ធភាព​នឹង​ជួយ​បង្កើន​វិស័យ​ទេសចរណ៍​រវាង​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​។ ខ្ញុំ​រំពឹង​ថា​ ភ្ញៀវ​ទេសចរ​កម្ពុជា​ជាច្រើន​នឹង​ធ្វើដំណើរ​ទៅកាន់​កោះ​បាលី​ បូ​ឡូ​ប៊ូ​ឌួ​ និង​កន្លែង​ដ៏​ស្រស់​ស្អាត​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​”។

ស្រប​ជាមួយគ្នា​នេះ​ ក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជាមួយ​គណៈប្រតិភូ​ចិន​មក​ពី​ខេ​ត្ត​ជឺ​ជាំ​ង ដឹកនាំ​ដោយ​លោក​ចាង​ សឺ​ស៊ី​ (Zhang​ Zexi​) អនុប្រធាន​សភា​ប្រឹក្សា​យោបល់​ខេ​ត្ត​ជឺ​ជាំ​ងក៏បាន​បង្ហាញ​ពី​គោលបំណង​ចង់​មក​វិនិយោគ​បង្កើត​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ ជាពិសេស​សម្រាប់​ទេសចរ​វ័យ​ចំណាស់​ ខណៈ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ2019​ នេះ​។

គណៈប្រតិភូ​ចិន​បាន​បញ្ជាក់​ថា​ នៅ​ខេ​ត្ត​ជឺ​ជាំ​ងសម្បូរទៅដោយ​ប្រជាជន​ច្រើន​ ហើយ​នៅ​ឆ្នាំ2018​ ទេសចរ​ចិន​នៅ​ខេ​ត្ត​ជឺ​ជាំ​ងដែល​បាន​ចេញ​ដើរកម្សាន្ត​នៅ​ក្រៅប្រទេស​មាន​ចំនួន​ 2លាន​ 8 សែន​នាក់​ ក្នុង​នោះ​មក​កម្ពុជា​ប្រមាណ​ 8ម៉ឺន​នាក់​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​ជំរុញ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​ឱ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ពី​ខេត្ត​មួយ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​។ លោក​ ចាង​ សឺ​ស៊ី​ បាន​ឆ្លើយតប​ថា​ ខេ​ត្ត​ជឺ​ជាំ​ងរ​បស់​លោក​ក៏បាន​ខិតខំ​ជំរុញ​ការងារ​នេះ​ដែរ​ ហើយ​នៅ​អំឡុង​ឆ្នាំ2019នេះ​ ជើងហោះហើរ​ត្រង់​ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​នឹង​ត្រូវ​ដំណើរការ​ឡើងជា​ផ្លូវការ​។

ដោយឡែក​គណៈប្រតិភូ​នៃ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ក៏បាន​អះអាង​ឱ្យ​ដឹង​ដែរ​ថា​ ខ្លួន​ក៏​មានបំណង​វិនិយោគ​ និង​ធ្វើ​សហប្រតិបត្តិ​ការ​វិនិយោគ​លើ​វិស័យ​ចំនួន6​ នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។

លោក​ Maeng​ Gyeong​ Jae​ នាយក​នៃ​ការិយាល័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ខេត្ត​មួយ​របស់​កូរ៉េ​បាន​បញ្ជាក់​ថា​ គម្រោង​វិនិយោគ​ទាំង6​ នោះ​គឺ​ Bio​ Industry​, Solar​ Power​ and​ New​ Energy​ Industry​, Cosmetic​ and​ Beauty​ Industry​, Organic​ and​Food​ Industry​, New​ Transportation​ and​ Aviation​ Industry​ និង​ ICT​ Convergence​ Industry​ ដែល​ក្នុង​នោះ​ក៏​មាន​គម្រោង​វិនិយោគ​ផ្នែក​អាកាសចរណ៍​ផង​ដែរ​។

ឯកឧត្តម​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ផ្នែក​អាកាសចរណ៍​ស៊ីវិល​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖ “វិស័យ​អាកាសចរណ៍​ជា​រៀងរាល់​ឆ្នាំ​ យើង​សង្ឃឹមថា​ នឹង​មាន​កំណើន​ ចំណុច​ទី1​-(ការ​កើនឡើង​នូវ​ជើងហោះហើរ​ កំណើន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ និង​កំណើន​ផ្លូវ​ហោះ​ថ្មី​)នេះ​យើង​គិតថា​ នឹង​មាន​កំណើន​។ ទី2​-ខ្ញុំ​គិតថា​ អ្វី​ជា​អត្ថ​ប្រយោជន៍​ យើង​ត្រូវ​គិតថា​ អាកាសចរណ៍​មិន​មែន​កើនឡើង​ដោយខ្លួនឯង​ទេ​ វា​ជា​កតា​លី​ករ​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដែល​មាន​កំណើន​បាន​ គឺ​ដោយសារ​វិស័យ​ទេសចរណ៍​ វិស័យ​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​”។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖“ជាដើម​ចម​ គឺ​ចេញពី​វិស័យ3​ ខាងលើ​នេះ​ បាន​ធ្វើ​ឱ្យ​ផ្នែក​អាកាសចរណ៍​កើនឡើង​។ ខ្ញុំ​លើក​ឧទាហរណ៍​ថា​ បើ​អ្នក​វិនិយោគ​មក​ប្រទេស​យើង​ចង់​វិនិយោគ​ គាត់​ត្រូវការ​ជិះ​យន្តហោះ​ យើង​មាន​កំណើន​ជើងហោះហើរ​។ បើ​គាត់​មក​ធ្វើ​ពាណិជ្ជកម្ម​ គាត់​ត្រូវ​ធ្វើ​ចរាចរណ៍​ ធ្វើការ​ទាក់ទងគ្នា​ យើង​មានការ​កើន​អ្នកដំណើរ​ និង​ពាណិជ្ជកម្ម​រួម​ទាំង​កំណើន​ភ្ញៀវ​ទេសចរ​ផង​ដែរ​”។

សម្រាប់​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​លើ​វិស័យ​អាកាស​ចរ​ណ័​នេះ​ដែរ​ ឯកឧត្តម​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ បាន​បញ្ជាក់​ថា​៖“បើ​និយាយ​ពី​កំណើន​ជើង​ហោះហើរ​ថ្មី​ដែល​ចូល​មក​ស្រុកខ្មែរ​ យើង​បាន​ធ្វើការ​សិក្សា​រួចហើយ​ពី​អាកាសយាន​ដ្ឋាន​ដែល​ធ្វើការ​អភិវឌ្ឍ​រហូតដល់​ឆ្នាំ2022​ នឺង​មាន​ជើងហោះហើរ​ថ្មី​ៗសម្រាប់​អាកាសយាន​ដ្ឋាន​សំខាន់​ទាំង3​ គឺ​អាកាសយាន​ដ្ឋាន​ភ្នំពេញ​នឹង​មាន​ 19ក្រុមហ៊ុន​ នៅ​ខេត្តសៀមរាប​នឹង​មាន​ 17ក្រុមហ៊ុន​ និង​នៅ​ខេត្ត​ព្រះសីហនុ​នឹង​មាន​ 10ក្រុមហ៊ុន​”។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា​៖ “ដូច្នេះ​ គឺ​ផ្នែក​អភិវឌ្ឍន៍​អាកាសយាន​ដ្ឋាន​យើង​បាន​ត្រៀម​រៀបចំ​ខ្លួន​សម្រាប់​ត្រៀម​ដើម្បី​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​ខ្លួនឯង​ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទទួល​ជើងហោះហើរ​ អ្នកដំណើរ​ និង​អ្នកទេសចរ​ ហើយក៏​អាច​ដូច​នឹង​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​ដែរ​ពីព្រោះ​គាត់​បាន​សិក្សា​លម្អិត​ដែរ​ ដោយ​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ទទួល​នូវ​កំណើន​នេះ​។ ពោល​គឺ​យើង​អាច​ទទួលយក​បាន​នូវ​កំណើន​នេះ​ដោយ​យើង​នឹង​គ្មាន​ការ​លំបាក​ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដោយ​ពុំ​មាន​បញ្ហា​”៕

Advertisement