រោងចក្រ​ថាមពល​ធ្យូងថ្ម​ កំពុង​ផ្ដោត​លើ​លទ្ធភាព​ផលិត​ថាមពល​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​

ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ (Royal​ Group​) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ផ្តល់​ការអនុញ្ញាត​កាលពី​ពេល​ថ្មី​ៗនេះ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​សាងសង់​រោងចក្រ​ថាមពល​ធ្យូង​ ថ្ម​ដែល​មាន​កម្លាំង​ 700មេ​ហ្គា​វ៉ាត់​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​ វិច​ទ័រ​ ហ្សូ​ណា​ (Victor​ Jona​) អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ថ្លែង​ថា​ ការអនុញ្ញាត​ឱ្យ​បន្ត​ការសិក្សា​នេះ​ត្រូវ​បាន​ផ្តល់​កាលពី​ក្នុង​អំឡុង​កិច្ចប្រជុំ​រវាង​ឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ និង​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​។

លោក​ Jona​ បាន​មានប្រសាសន៍​ថា​៖“រ៉ូ​យ៉ា​ល់​គ្រុប​បាន​បញ្ចប់​ការសិក្សា​លទ្ធភាព​សម្រាប់​ គម្រោង​នេះ​ហើយ​ ប៉ុន្តែ​ដោយសារ​បញ្ហា​អគ្គិសនី​ មាន​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​បាន​ស្នើ​ពង្រីក​សមត្ថភាព​របស់​គម្រោង​ពី​ 450​ ទៅ​ 700មេ​ហ្កា​វ៉ាត់​”។

លោក​បញ្ជាក់​បន្ថែម​ថា​៖“ការពង្រីក​នេះ​ តម្រូវ​ឱ្យ​មានការ​សិក្សា​លទ្ធភាព​ជាថ្មី​។ រដ្ឋាភិបាល​បាន​ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ធ្វើការ​សិក្សា​អំពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​ 450មេ​ហ្កា​វ៉ាត់​ប៉ុន្ដែ​ដោយសារ​តម្រូវការ​ថាមពល​របស់​ប្រទេស​បាន​កើនឡើង​ខ្លាំង​នៅ​ចុងឆ្នាំ​មុន​ ដូច្នេះ​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ធ្វើការ​ផ្លាស់​ប្តូរ​ ដោយ​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់​រោងចក្រ​”។

លោក​បន្ត​ថា​ “ជា​ការពិត​ ការសិក្សា​ថ្មី​មួយ​ត្រូវ​បាន​ទាមទារ​ដោយសារ​ការ​ផ្លាស់​ប្តូរ​សមត្ថភាព​ផលិតកម្ម​។ វា​នឹង​ត្រូវ​ចំណាយពេល​ពី18​ ទៅ​ 20​ខែ​ដើម្បី​បញ្ចប់​ការសិក្សា​។ បន្ទាប់មក​នឹង​ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​សម្រាប់​ការ​អនុម័ត​ ហើយ​រដ្ឋាភិបាល​នឹង​ចាំបាច់​ត្រូវតែ​ពិចារណា​ថា​ តើ​ពន្ធអាករ​ដែល​នឹង​ត្រូវលក់​ទៅ​បណ្តាញ​អគ្គិសនី​ថ្នាក់​ជាតិ​ អាច​ទទួលយក​បានទេ​?”។ នេះ​បើ​តាម​លោក​ Jona​ បាន​បញ្ជាក់​។

លោក​ Jona​ បាន​មានប្រសាសន៍​ទៀត​ថា​៖“ឆ្នាំនេះ​យើង​ប្រឈម​នឹង​កង្វះខាត​ថាមពល​ធ្ងន់ធ្ងរ​។ ដោយហេតុនេះ​ហើយ​ ទើប​យើង​អនុញ្ញាត​ឱ្យ​វិនិយោគិន​ បង្កើន​សមត្ថភាព​គម្រោង​របស់​ពួកគេ​។ មិន​ដូច​ទំនប់​វារីអគ្គិសនី​ទេ​ រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ គឺជា​ប្រភព​ថាមពល​ដែល​មាន​ស្ថិរភាព​ពេញ​មួយឆ្នាំ​”។

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ថាមពល​ខេម​បូ​ឌា​ ​ខូ​អិល​ធី​ឌី​(CEL​) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នាំមុខ​គេ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ថាមពល​ធ្យូងថ្ម​ចំនួន​ 2កន្លែងនៅ​ព្រះសីហនុ​ គឺ1​ មាន​ថាមពល​ចំនួន​ 50មេ​ហ្គា​-វ៉ាត់​ និង​កំពុង​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ថ្មី​ចំនួន​ 150មេ​ហ្កា​វ៉ាត់​ថែមទៀត​ដែល​នឹង​បញ្ចប់​នៅ​ខែតុលា​ ឆ្នាំនេះ​។

ចំណែក​ក្រុមហ៊ុន​ CIIDG​ Erdos​ Hongjun​ Electric​ Power​ ក៏​កំពុង​ប្រតិបត្តិ​ការ​រោងចក្រ​ថាមពល​ដំណើរការ​ដោយ​ធ្យូងថ្ម​ចំនួន​ 135មេ​ហ្គា​វ៉ាត់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែរ​។

ស្រប​ពេល​ដែល​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​កំពុងតែ​ពង្រីក​ការសាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ ដើម្បី​បំពេញ​ភាព​ខ្វះខាត​ ដែល​កើតមាន​កន្លងមក​នោះ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​) បាន​ចាប់ផ្តើម​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ដើម្បី​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​វិស័យ​ថាមពល​ដែល​មាន​និរន្តរភាព​សុវត្ថិភាព​ និង​ផ្តោត​លើ​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អគ្គនាយក​ស្តីទី​នៃ​ទីភ្នាក់ងារ​ USAID​ ប្រចាំ​នៅ​អាស៊ី​ និង​លោក​ Tomoyuki​ Kimura​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​យុទ្ធសាស្ត្រ​គោលនយោបាយ​ និង​ពិនិត្យ​របស់​ ADB​ ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ការិយាល័យ​កណ្តាល​របស់​ ADB​។

ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ​USAID​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ធ្វើ​ ការ​ប្រមូល​ប្រាក់​វិនិយោគ​ចំនួន​ 7ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​ថាមពល​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ក្នុង​ការ​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ថាមពល​ស្អាត​ 7ជី​ហ្គា​វ៉ាត់​(gigawatts​) និង​បង្កើន​ពាណិជ្ជកម្ម​ថាមពល​ក្នុង​តំបន់​ឱ្យ​បាន​ចំនួន10​% ក្នុងរយៈពេល​ 5ឆ្នាំខាងមុខ​។កិច្ច​ព្រមព្រៀង​នេះ​ នឹង​លើកកម្ពស់​ប្រសិទ្ធភាព​ថាម​-ពល​ កំណែទម្រង់​វិស័យ​ថាមពល​ និង​អភិបាលកិច្ច​ល្អ​នៃ​វិស័យ​ថាមពល​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

ភាពជា​ដៃគូ​ថ្មីនេះ​ ធ្វើឡើង​បន្ទាប់ពី​កិច្ចសហការ​អភិវឌ្ឍន៍​របស់​ទីភ្នាក់ងារ​ USAID​ និង​សហភាព​អឺរ៉ុប​ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ខណៈ​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​ខែ​ក្រោយ​ធ្វើ​ខួប​ 1ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​អាស៊ី​ និង​ការ​រីកចម្រើន​តាមរយៈ​ថាមពល​អាស៊ី​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ដែល​ជា​ការ​រួមចំណែក​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដល់​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​ប្តេជ្ញា​ក្នុង​ការចូលរួម​អភិវឌ្ឍ​ដល់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ប្រកបដោយ​ភាពរឹងមាំ​គ្រប់ជ្រុងជ្រោយ​ និង​មាន​និរន្តរភាព​ ខណៈ​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ចូលរួម​លុបបំបាត់​ភាព​ក្រីក្រ​។ កាលពី​ឆ្នាំ2018​ ធនាគារ​នេះ​បាន​ផ្តល់​ប្រាក់កម្ចី​ និង​ជំនួយឥតសំណង​ចំនួន​ 21,6ពាន់​លាន​ដុល្លារ​៕

Advertisement