វិនិយោគិន​បរទេស​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ សំណង់​ និង​ទីផ្សារ​ស្ថាបត្យកម្ម​

ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​អភិវឌ្ឍ​យ៉ាង​លោត​ផ្លោះ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ វិនិយោគិន​ដែល​កំពុង​ចាប់​យក​ឱកាស​វិនិយោគ​លើ​វិស័យ​នេះ​កំពុង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ រួម​ទាំង​រួមចំណែក​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​ចលករ​ជួយ​ជំរុញ​ការ​វិនិយោគ​លើ​គម្រោង​នានា​ឱ្យ​នៅតែ​បន្ត​ធ្វើ​ឱ្យ​ការពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​លើ​វិស័យ​នេះ​ (Investment​ Fund​) កាន់តែ​មាន​ភាពរឹងមាំ​ខ្លាំង​ឡើង​។

ជាមួយគ្នា​នេះ​ដែរ​នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2019​ នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​អ្នក​វិនិយោគ​អន្តរជាតិ​ចូល​មក​សិក្សា​ និង​រក​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​ ដែល​ក្នុង​នោះ​មាន​ ដូចជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ជាដើម​ ដែល​គេ​រំពឹង​ថា​ នឹង​មាន​វត្តមាន​ក្រុមហ៊ុន​បរ​ទេស​ថ្មី​ៗចូល​មក​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​កាន់តែ​ជួយ​ជំរុញ​ឱ្យ​វិស័យ​មួយ​នេះ​មានការ​អភិវឌ្ឍ​កាន់​ខ្លាំងក្លា​។

របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញថា​ សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2018​ មាន​ចំនួន​ 2,420គម្រោង​ មាន​ផ្ទៃក្រឡា​សរុប​ចំនួន​ 4,682,565ម៉ែត្រការ៉េ​ មាន​ទុន​វិនិយោគ​ 1,835,416,912ដុល្លារ​ ស្មើនឹង18,471ខ្នង​ផ្ទះ​ ចំណែក​គម្រោង​អគារ​ខ្ពស់​ៗចាប់ពី5ជាន់ឡើង​ទៅ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018​ មាន​ចំនួន​ 110​អគារ​ និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018​ ចំនួន​ 28ទីតាំង​។

ឯកឧត្តម​ ឡៅ​ ទិព្វ​សីហា​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ ឱ្យ​ដឹង​ថា​ ការ​ផ្តល់​ទស្សនទាន​ថ្មី​លើ​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​អគារ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ឱ្យ​មាន​សំណង់​អគារ​ទំនើប​ខ្ពស់​ៗនៅ​លើ​ទីតាំង​នានា​ដែល​សមស្រប​ ដូចជា​នៅ​ភ្នំពេញ​អគារ​ខ្ពស់​ៗដែល​មាន​កម្ពស់​ចាប់ពី​ 5ជាន់ឡើង​ទៅ​មាន​ចំនួន​ 1,241អគារ​ ការ​បើកទូលាយ​នៃ​ផ្ទៃដី​រាជធានី​ភ្នំពេញ​ជាង​ 678គីឡូម៉ែត្រ​ការ៉េ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​ និង​បុរី​លំនៅឋាន​ ឬបណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ចំនួន​ 257ទីតាំង​ ដើម្បី​បន្ថែម​កន្លែង​រស់នៅ​ កន្លែង​ធ្វើការងារ​ និង​ការ​ផ្លាស់​ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ​ ទីក្រុង​ និង​ជនបទ​ឱ្យ​ក្លាយជា​ទីក្រុង​ទំនើប​។

ឯកឧត្តម​លើកឡើង​ថា​ ការ​តាំង​បង្ហាញ​ផលិតផល​សេវាកម្ម​ និង​បច្ចេក​វិទ្យា​ថ្មី​ៗពាក់ព័ន្ធ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ទីផ្សារ​ថ្មី​នៃ​សំណង់​ ហើយក៏​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ផង​ដែរ​។

កត្តា​នេះ​បាន​ផ្តល់​កាលានុវត្ត​ភាព​ និង​ជា​កម្លាំង​ចលករ​ថ្មី​មួយ​ថែមទៀត​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ និង​ជា​សញ្ញា​មួយ​នៃ​ការ​ទាក់ទាញ​ កៀរគរ​អ្នកវិនិយោគទុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មក​ធ្វើការ​បណ្តាក់​ទុន​លើ​វិស័យ​ស្ថាបត្យកម្ម​ និង​សំណង់​។

ឯកឧត្តម​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា​ នៅក្នុង​ឆ្នាំនេះ​ យើង​សង្កេតឃើញ​មាន​គម្រោង​វិនិយោគ​ថ្មី​ៗពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានការ​កើនឡើង​។ ឯកឧត្តម​បាន​ឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ដំណាច់ឆ្នាំ2019នេះ​ អាច​មាន​គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​មួយចំនួន​ ក៏ដូចជា​គម្រោង​អគារ​ផ្សារ​ទំនើប​ផង​ដែរ​នឹង​បញ្ចប់​គម្រោង​របស់​ខ្លួន​ ដែល​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​វិស័យ​នេះ​មាន​ការ​កើនឡើង​ជាលំដាប់​។

ជាមួយគ្នា​នេះ​ដែរ​ ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ទាក់ទាញ​ឱ្យ​មាន​ក្រុមហ៊ុន​ផ្នែក​ស្ថាបត្យកម្ម​ និង​រចនា​ទាំង​ក្នុង​ស្រុក​ និង​បរទេស​លេចឡើង​យ៉ាងច្រើន​នា​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកជំនាញ​។

លោក​ ស៊ិន​ សុ​ជាតិ​ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ចំនួន​ក្រុមហ៊ុន​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាងច្រើន​នា​ពេល​បច្ចុប្បន្ន​ ដែល​កំណើន​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​។ លោក​លើកឡើង​ថា​ គ្រប់​ការងារ​ទាំងអស់​សូម្បីតែ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​ក៏​មាន​ទំនាក់ទំនង​ជាមួយនឹង​ការងារ​ស្ថាបត្យកម្ម​ដែរ​។ លោក​ថ្លែង​ថា​៖“វិស័យ​ស្ថាបត្យកម្ម​នៅ​កម្ពុជា​កំពុង​មានដំណើរ​ការ​ល្អជា​លំដាប់​ តែ​ការ​រីកចម្រើន​នេះ​ក៏​ត្រូវការ​រួមចំណែក​ពី​បច្ចេកវិទ្យា​ផង​ដែរ​”។

លោក​ ថង​ លិន​ថោង​ ប្រធាន​ក្រុមហ៊ុន​សិក្សា​ប្លង់​ស្ថាបត្យកម្ម​ និង​សាងសង់​ A-SmileArt​ Architecture​​ &​ Construction​ បាន​លើកឡើង​ថា​ ទីផ្សារ​ស្ថាបត្យកម្ម​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេល​ប្រហែល​ 10ឆ្នាំ​ចុងក្រោយ​នេះ​។ ប្រជាជន​កម្ពុជា​យល់​កាន់តែ​ច្រើន​ពីសា​រៈ​ប្រយោជន៍​ប្លង់​ដែល​រចនា​ឡើង​ដោយ​អ្នកជំនាញ​។

លោក​បន្ត​ថា​ ការងារ​ស្ថាបត្យកម្ម​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​លើកកម្ពស់​មុខមាត់​សំណង់​របស់​ប្រទេស​ ហើយ​ការរចនា​ដែល​ត្រឹមត្រូវ​ល្អ​ក៏​នឹង​ជួយ​ធ្វើ​ឱ្យ​កាត់បន្ថយ​ថវិកា​សម្រាប់​ចំណាយ​លើ​ការសាងសង់​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ “ពីមុន​មក​ការងារ​ស្ថាបត្យកម្ម​មិន​សូវ​មាន​គេ​ឱ្យ​តម្លៃ​ប៉ុន្មាន​ទេ​ រហូតដល់​មាន​អ្នកខ្លះ​គិតថា​ ជា​ការងារ​របស់​វិស្វករ​ទៀតផង​ តែ​នៅពេល​នេះ​មាន​ម្ចាស់​សំណង់​ជាច្រើន​បាន​មករ​កស្ថាបត្យករ​ឱ្យ​ជួយ​ ទោះជា​ត្រូវ​ចំណាយ​លុយ​ច្រើន​ក៏ដោយ​។ ទីផ្សារ​ការងារ​ស្ថាបត្យកម្ម​កំពុង​មានដំណើរ​ការ​ល្អ​”។

ទោះ​យ៉ាងណា​ លោក​ លិន​ថោង​ ក៏បាន​លើក​ឡើង​ដែរ​ថា​ ភាព​រីកចម្រើន​នា​ពេលនេះ​ ក៏បាន​ទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​បរទេស​ជាច្រើន​ចូល​មករ​កស៊ី​នៅ​កម្ពុជា​ផង​ដែរ​ ដែល​ការណ៍​នេះ​ទាមទារ​ឱ្យ​ស្ថាបត្យករ​ក្នុង​ស្រុក​ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​៕

Advertisement