ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-កូរ៉េ​ ក្នុង​ឆមាស​ទី1ឆ្នាំ2019នេះ​ កើនឡើង85លាន​ដុល្លារ​

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-កូរ៉េ​ នៅ​ត្រឹម​ឆមាស​ទី1នៃ​ឆ្នាំ2019នេះ​ កើនឡើង​ប្រមាណ​ 11.21​%ដោយ​ការដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2​ បាន​កើនឡើង​រហូតដល់​ 85លាន​ដុល្លារ​អាមេរិក​។នេះ​បើ​យោង​តាម​ការប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។

ឯកឧត្ដម​ ឡុង​ ឌី​ម៉ង់​ បាន​លើកឡើង​ថា​៖“ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-កូរ៉េ​ ក្នុង​ខែ​ ឧសភា​ 2019​ នេះ​មាន​ទឹកប្រាក់​ចំនួន​ 85លាន​ដុល្លារ​ ក្នុង​នោះ​ ប្រទេស​កូរ៉េ​បាន​ធ្វើការ​នាំចូល​មកកាន់​កម្ពុជា​ មាន​ទំហំ63,4លាន​ដុល្លារ​ កើនឡើង​ ប្រមាណ11.21​%។

ចំណែក​កម្ពុជា​ បាន​នាំចេញ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ មាន​ទំហំ​ទឹកប្រាក់​21,6លាន​ដុល្លារ​ កើនឡើង​ប្រមាណ4.38​ % បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ2018​។ ទន្ទឹម​នេះ​កម្ពុជា​ នៅ​មាន​ឱនភាព​ពាណិជ្ជកម្ម​ ជាមួយ​កូរ៉េ​ចំនួន​41,8លាន​ដុល្លារ​ នៅក្នុង​ខែឧសភា​ កន្លងទៅ​នេះ​”។

ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ រវាង​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​កម្ពុជា​ គឺ​មាន​ជា​យូរណាស់​មក​ហើយ​ ជាពិសេស​ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​តែម្ដង​”។

លោក​ឧកញ៉ា​បាន​ជឿជាក់​ថា​នៅពេល​បន្ទាប់​ ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ ទាំង2នេះ​ នឹង​នៅតែ​បន្ត​មានការ​កើនឡើង​ ហើយ​លោក​ក៏​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​លទ្ធផល​ ដែល​ទទួល​បាន​ពី​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2នេះ​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ការ​វិនិយោគ​របស់​កូរ៉េ​ មកកាន់​កម្ពុជា​ភាគច្រើន​ គឺជា​ការនាំចូល​ផលិតផល​សម្រេច​ដូចជា​សម្ភារ​សំណង់​ គ្រឿងអគ្គិសនី​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងចក្រ​ យានយន្ត​ ភេសជ្ជៈ​ ក្រណាត់​ គ្រឿងបន្លាស់​ផ្ទះ​ ផលិតផល​ប្លាស្ទិក​ និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​។ ខណៈ​ដែល​ទីផ្សារ​នៅ​កម្ពុជា​ មាន​ជំនឿ​ជឿជាក់​ទៅលើ​កម្រិត​គុណភាព​នៃ​ផលិតផល​របស់​ប្រទេស​មួយ​នេះ​។

ចំណែក​ការនាំចេញ​ផលិតផល​ក្នុង​ស្រុក​បច្ចុប្បន្ន​របស់​កម្ពុជា​ ដែល​បាន​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ភាគច្រើន​ជា​ផលិតផល​លើ​វិស័យ​កាត់ដេរ​ និង​កសិផល​ រួមមាន​សម្លៀកបំពាក់​ គ្រឿង​អេឡិចត្រូនិក​ ស្បែកជើង​ កាបូប​ ជ័រកៅស៊ូ​ និង​ឱសថ​។

ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ជំនួប​ជាមួយ​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ (KOIMA​)កាលពី​ចុងខែ​ឧសភា​កន្លងទៅ​នេះ​ ក៏បាន​ស្នើសុំ​ឱ្យ​ អនុប្រធាន​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ KOIMA​ លោ​កហ្គូ​-ហា​ ជាំ​ង (Gyu​-Ha​ Jang​) ធ្វើការ​វិនិយោគ​ លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ ដល់​ប្រជាជន​នៅ​ជនបទ​ ជាពិសេស​អ្នក​នៅក្នុង​តំបន់​ដែល​មិន​មាន​អគ្គិសនី​ និង​ទឹក​ស្អាត​។

ប៉ុន្តែ​លោក​ ហ្គូ​-ហា​ ជាំ​ង បាន​ធ្វើការ​ស្នើសុំ​លម្អិត​ និង​ផែនការអាជីវកម្ម​ ដើម្បី​សម្រួលការ​ពិភាក្សា​ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​។ ព្រោះ​គាត់​មានបំណង​ធ្វើជា​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ដើម្បី​វត្តមាន​គម្រោង​នេះ​។ លើស​ពីនេះ​ទៅទៀត​សហការី​របស់​សមាគម​លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការពិនិត្យ​មើល​លទ្ធភាព​នាំ​ម្រេច​ខេត្តកំពត​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។

ដោយហេតុថា​ ផលិតផល​ម្រេច​កំពត​ គឺជា​ផលិតផល​ភូមិសាស្ត្រ​ ដែល​ល្បីល្បាញ​ និង​មាន​ខ្ពស់​ជាង​ម្រេច​ផ្សេងទៀត​។ប្រទេស​កម្ពុជា​ បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ ទៅ​ទស្សនា​រោងចក្រ​ម្រេច​កំពត​ ដើម្បី​សិក្សា​បន្ថែម​ និង​ពិនិត្យមើល​ឱកាស​នាំចេញ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ យោង​លើ​ទិន្នន័យ​របស់​Korea​ Eximbank​ បង្ហាញថា​ក្នុងចំណោម​ការ​វិនិយោគ​សំ​ខាន់​ៗកូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​មាន29​% វិស័យ​អចលនទ្រព្យ21​% ធនាគារ​ និង​ហិរញ្ញវត្ថុ18​% សំណង់​រោងចក្រ15​% និង​វិស័យ​កសិកម្ម​ 4%៕

Advertisement