កម្ពុជា​បាន​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ចរចា​នាំចេញ​ត្រីប្រា​ទៅកាន់​ប្រទេស​ចិន​

ក្រសួង​កសិកម្ម​ បាន​នឹង​កំពុងតែ​ខិតខំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​ពង្រីក​នូវ​ការនាំចេញ​ឱ្យ​បាន​ច្រើន​ថែមទៀត​ជាមួយ​ភាគី​ចិន​ ក្នុង​ការជំរុញ​ការ​-នាំចេញ​ផលិតផល​កសិកម្ម​ និង​កំពុង​ចរចា​ជាមួយ​ភាគី​ចិន​ ដើម្បី​ធ្វើ​យ៉ាងណា​ សម្រេច​ឱ្យ​បាន​នូវ​ការនាំចេញ​ត្រីប្រា​ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ នៅពេល​ឆាប់​ៗខាងមុខនេះ​។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“លោក​បាន​ពិភាក្សា​ អំពី​ការ​នាំ​យក​ផលិតផល​កសិកម្ម​ផ្សេងទៀត​ និង​ការនាំចេញ​ត្រីប្រា​ ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ដែល​កិច្ចការ​នេះ​លោក​បាន​ធ្វើ​នៅក្នុង​ជំនួប​ជាមួយ​លោក​ Hu​ Wei​ អនុ​ រដ្ឋមន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​”។

សូមជម្រាប​ថា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ឯក​ឧត្តម​វេង​ សា​ខុន​ ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋ​ មន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​ចិន​ ឯកឧត្តម​បាន​ស្នើ​ ឱ្យ​ភាគី​ចិន​ពន្លឿន​ការនាំចេញ​ផ្លែស្វាយ​ និង​កសិផល​ មួយចំនួន​ទៀត​ដូចជា​ ផ្លែ​មៀន​ ស្រកានាគ​ ដូង​ ម្រេច​ និង​ទឹកមាត់​ត្រចៀកកាំ​ ទៅកាន់​ប្រទេស​ចិន​ ឱ្យ​បាន​ឆាប់រហ័ស​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​បន្ថែម​ថា​ ចំពោះ​បែបបទ​នៃ​ការ​ស្នើសុំ​អនុញ្ញាត​ នាំចេញ​ផលិត​ កសិកម្ម​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ភាគី​ចិន​តម្រូវ​ដាក់​ម្តង​មួយ​មុ​ខៗ​ មិន​តម្រូវ​ឱ្យ​ដាក់ជា​កញ្ចប់​ នោះ​ ឡើយ​។ ឯកឧត្តម​ បញ្ជាក់​ថា​៖“ភាគី​ចិន​បាន​លើកឡើង​ថា​ ប្រសិនបើ​កម្ពុជា​ចង់​នាំចេញ​ផលិតផល​អ្វី​ ត្រូវ​ស្នើ​ជាមុន​សិន​ ដើម្បី​ឱ្យ​មន្ត្រី​របស់​ចិន​ចុះ​ត្រួតពិនិត្យ​។ដូច្នេះ​ខាង​ភាគី​ចិន​ នឹង​ចុះ​មក​មើល​លើ​ នីតិ​ វិធីការ​ចិញ្ចឹម​ត្រី​ ត្រួតពិនិត្យ​ប្រភេទ​ត្រី​ ដែល​ត្រូវ​ចិញ្ចឹម​នី​មួយ​ៗ ដើម្បី​យក​មក​វេច​ខ្ចប់​ និង​ធ្វើ​ម្ដង​មួយ​ៗ ដោយធ្វើ​តាម​វិធាន​របស់​គេ​”។

ឯកឧត្តម​ បន្ដ​ថា​ កន្លងមក​កម្ពុជា​បាន​ធ្វើ​លិខិត​ជាច្រើន​ តាមរយៈ​ក្រសួង​ការបរទេស​ផ្ញើ​ទៅកាន់​ប្រទេស​ចិន​ប៉ុន្ដែ​លិខិត​នេះ​ដាក់​ទៅ​មិនបាន​ទៅដល់​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ក្នុង​ការអនុញ្ញាត​ ឱ្យ​នាំចូល​ត្រី​នេះ​ឡើយ​។

ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖“លោក​អនុ​រដ្ឋ​មន្ដ្រី​រដ្ឋបាល​គយ​ បាន​ផ្តល់​លេខទូរស័ព្ទ​ទំនាក់ទំនង​ ដើម្បី​យើង​នឹង​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់​ ទៅកាន់​អ្នក​ដែល​ទទួលការ​ងារ​នេះ​របស់​ភាគី​ចិន​ដោយ​លោក​អនុ​រដ្ឋ​មន្ដ្រី​បាន​ប្រាប់​ថា​ ពេល​គាត់​ត្រឡប់ទៅវិញ​ សង្ឃឹម​ថា​កិច្ចការ​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ ព្រោះ​គាត់​បាន​ណែនាំ​ដល់​មន្ដ្រី​ ដែល​ទទួលបន្ទុក​ការងារ​នេះ​ រួច​ហើយ​ ឱ្យ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា​”។

ឯកឧត្តម​ រដ្ឋមន្ត្រី​បញ្ជាក់​ថា​ចំពោះ​ការនាំចេញ​ត្រី​ទៅកាន់​ប្រទេស​ចិន​នេះ​ នៅ​កម្ពុជា​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់​ហើយដែល​មាន​ក្រុមហ៊ុន​មួយ​របស់​ចិន​បាន​រៀបចំ​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​ រៀបចំ​ឃ្លាំង​ត្រជាក់​ និង​ផ្សារភ្ជាប់​ជាមួយ​កសិដ្ឋាន​ចិញ្ចឹម​ត្រីប្រា​នៅ​កម្ពុជា​មួយចំនួន​ទៀត​។

ឯកឧត្តម​បាន​អះអាង​ថា​៖“ចំពោះ​ឧបសគ្គ​សម្រាប់​ការនាំចេញ​ត្រី​នេះ​ ពុំ​មាន​ឧបសគ្គ​អ្វី​គួរ​ឱ្យ​ បារម្ភ​ទេ​ ព្រោះ​ភាគី​អគ្គ​រដ្ឋបាល​គយ​ចិន​ បាន​ឯកភាព​គ្នា​រួចហើយ​ គឺ​កម្ពុជា​អាច​នាំ​ត្រី​ចេញ​បាន​ ព្រោះ​មាន​ដៃគូ​ល្អ​ និង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​គ្រប់គ្រាន់​ ដូច្នេះ​ការនាំចេញ​នេះ​ នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ព្រោះ​ក្រុមហ៊ុន​ដែល​វិនិយោគ​នាំចេញ​ត្រី​ គឺ​សុទ្ធតែ​មាន​បទ​ពិសោធ​នាំចេញ​សាច់គោ​ ក៏ដូចជា​ផលិតផល​កសិកម្ម​មួយចំនួន​ទៀតផង​ដែរ​”។

តែ​ទោះជាយ៉ាងណា​ចំពោះ​ទំហំ​នៃ​ការនាំចេញ​ត្រី​ទៅកាន់​ប្រទេស​ចិន​ មិនទាន់​អាច​កំណត់​បាន​ឡើយ​ថា​នឹង​នាំចេញ​ប៉ុន្មាន​តោន​នោះ​ទេ​ ព្រោះ​ពេលនេះ​កសិករ​មិនសូវ​ហ៊ាន​ពង្រីក​ការ​ចិញ្ចឹម​ត្រី​ ដោយសារ​មាន​បញ្ហា​ប្រឈម​លើ​ទីផ្សារ​។ ប៉ុន្ដែ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ឱ្យ​តែ​មាន​ភ្លើង​ខៀវ​ពី​ប្រទេស​ចិន​ការ​ចិញ្ចឹម​ត្រី​របស់​កម្ពុជា​នឹងអាច​កើតឡើង​។ ដូច្នេះ​ប្រសិនបើ​យើង​មាន​ទីផ្សារ​ យើង​នឹង​ឈាន​ដល់​ការពង្រីក​កសិដ្ឋាន​ធំៗ​បន្ថែម​ទៀត​ និង​បង្កើន​នូវ​ការនាំចេញ​ត្រី​។

ពាក់ព័ន្ធ​នឹង​ការនាំចេញ​ត្រីប្រា​នេះ​ដែរ​ នៅ​ប្រទេស​ជិតខាង​កម្ពុជា​ គឺ​ប្រទេស​វៀតណាម​ បាន​ធ្វើការ​នាំចេញ​ ក្នុង1ឆ្នាំ​ៗរហូតដល់​ជាង8ពាន់​លាន​ដុល្លារ​ ទៅកាន់​ទីផ្សារ​ពិភពលោក​។ហេតុ​ដែល​ វៀតណាម​ មានលទ្ធភាព​នាំចេញ​បាន​ច្រើន​នេះ​ ត្រូវ​បាន​ឯកឧត្តម​រដ្ឋមន្ត្រី​លើកឡើង​ថា​ ដោយសារ​វៀតណាម​ មាន​ស្ថានភាព​ល្អ​ក្នុង​ការ​ចិញ្ចឹម​ត្រី​ ហើយ​នៅ​វៀតណាម​ថ្លៃ​ភ្លើង​ថោក​ ដែល​ចិញ្ចឹម​ត្រី​ទៅ​មាន​លក្ខណៈ​ងាយ​ស្រួល​ ក្នុង​ការកែច្នៃ​ ក្លា​សេ្ស​មុន​នាំចេញ​ ហើយ​កំពង់​-ផែ​ ក៏​មានលទ្ធភាព​ល្អ​ប្រសើរ​។

ឯក​ឧត្តម​វេង​ សា​ខុន​ក៏បាន​បញ្ជាក់​ទៀត​ថា​៖“តាម​សេចក្ដីរាយការណ៍​ របស់​អ្នកនាំ​ចេញ​ផលិតផល​ផ្លែ​ចេក​នៅ​កម្ពុជា​ បាន​ត្អូញត្អែរ​ថា​ ការ​ដឹកជញ្ជូន1​កុងតឺន័រ​ តម្លៃ​ប្រហែល1ពាន់​ដុល្លារ​ ហើយ​ការ​ចំណាយពេល​ប្រមាណ2សប្ដាហ៍​ ទើប​បញ្ជូន​ដល់​ទីក្រុង​សៀងហៃ​”។

ដូច្នេះ​យើង​ត្រូវការ​ទាំង​ពេលវេលា​ និង​ថវិកា​ច្រើន​នេះ​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​រារែក​ចិត្ត​ ដែល​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ថា​ ធ្វើ​ម៉េច​បន្ទាប​តម្លៃ​សេវា​ផ្គត់ផ្គង់​ ដល់​ផលិតផល​កែច្នៃ​ របស់​យើង​នៅពេល​ខាងមុខ​។

ឯកឧត្តម​បាន​លើកឡើង​ថា​ ក្រៅពី​ការនាំចេញ​ត្រី​ ភាគី​ចិន​ពេញចិត្ត​ ផ្លែ​ម្នាស់​ទឹកឃ្មុំ​ និង​ផ្លែ​ទុរេន​ ប្រសិនបើ​កម្ពុជា​ពង្រីក​លើ​ការនាំចេញ​ ភាគី​ចិន​ពេញ​ចិត្ត​ទទួលយក​ ព្រោះ​ល្បី​ថា​ ម្នាស់​ទឹកឃ្មុំ​ដែល​ដាំដុះ​នៅ​ខេត្ត​ប៉ៃលិន​ និង​បាត់ដំបង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ហើយ​ក្នុង1ឆ្នាំ​ៗប្រទេស​ចិន​បាន​នាំចូល​ផ្លែឈើ​ មិន​តិច​ជាង10លាន​តោន​ទេពី​កម្ពុជា​៕

Advertisement