គ្រាន់តែរបរដាំផ្ទីលក់ក៏អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានធូរធារដែរ

កសិករដាំផ្ទីនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បានសម្តែងក្តីរីករាយចំពោះរបរដាំផ្ទីរបស់ពួកគាត់ ខណៈដែលដំណាំនេះងាយស្រួលដាំដុះមិនពិបាកថែទាំដូចដំណាំដទៃ ហើយទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារទៀតផង។

អ្នកស្រី សេង សុខលី កសិករម្នាក់នៅភូមិកំពង់ព្រីង ក្នុងឃុំសិត្បូ ស្រុកស្អាងរៀបរាប់ដោយទឹកមុខរីករាយថា អ្នកស្រីបានចាប់របរដាំផ្ទីដូងនេះប្រហែល 10 ឆ្នាំមកហើយ ដោយដាំដុះនៅលើផ្ទៃដីទទឹង 20 ម៉ែត្រ និងបណ្តោយ 50 ម៉ែត្រដើម្បីរកកម្រៃទ្រទ្រង់ជីវភាព «ដំបូងឡើងគ្រាន់តែដាំតិចតួច ទុកទទួលទានសម្រាប់គ្រួសារខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែដោយសារមើលឃើញតម្រូវការលើទីផ្សារច្រើនហើយមានតម្លៃសមរម្យ និងមិនធ្លាក់ថ្លៃខ្លាំងដូចបន្លែដ៏ទៃទៀតនោះ ក៏ពង្រីកដីដាំសម្រាប់លក់តែម្តង»។

កសិករដដែលបានប្រាប់ដែរថា ក្នុងមួយថ្ងៃផ្ទីរបស់គាត់ អាចកាត់បានប្រមាណពី 80 ទៅ 100 គីឡូក្រាម ដឹកយកទៅលក់នៅឯផ្សារដើមគដោយខ្លួនឯង ដោយលក់បានក្នុង 1 គីឡូក្រាមតម្លៃចន្លោះពី 1,500 រៀលទៅ 2,000 រៀល ។ ក្រៅពីដាំដុះខ្លួនឯងហើយអ្នកស្រីក៏ជាឈ្មួញកណ្តាលទទួលទិញបន្លែស្លឹកផ្ទីនេះពីកសិករយកទៅលក់បោះដុំឱ្យម៉ូយផងដែរ ដោយទទួលទិញក្នុង 1 គីឡូក្រាមតម្លៃ 1,000 រៀល ទៅ 1,500 រៀល ដែលអាចរកចំណូលបានច្រើនគួរសមពីមួយថ្ងៃទៅមួយថ្ងៃ។

កសិករបានឱ្យដឹងថាផ្ទីដូងនេះងាយស្រួលដាំ និងថែទាំជាងបន្លែដ៏ទៃទៀត ពោលនៅមុនពេលដាំគឺត្រូវភ្ជួរដីហាលទុក 7 ថ្ងៃ ទើបលើកជារងហើយយកគ្រាប់ផ្ទីមកសាប និងស្រោចទឹក 1 ថ្ងៃម្តង។ រហូតបាន 10 ថ្ងៃ នៅពេលផ្ទីមានសន្លឹកប៉ុន2ធ្នាប់ដៃ គេត្រូវបាចជីដើម្បីបំប៉នហើយពេលផ្ទីអាយុបាន 1 ខែ គឺអាចកាត់យកទៅលក់បានហើយ។ កសិករដដែលបញ្ជាក់ថានៅពេលផ្ទីអាយុបាន 1 ខែ គេមិនចាំបាច់ស្រោចទឹករាល់ថ្ងៃទៀតទេ គឺស្រោចទឹក 1 ថ្ងៃខាន1 ថ្ងៃ និងអាចកាត់លក់បានរហូតដល់ 4 ខែឯណោះ ទើបដើមផ្ទីចាស់នោះគេដកចោល រួចដាំសាជាថ្មី។

មេភូមិកំពង់ព្រីង គឺលោក សែប វណ្ណឌី បានឱ្យដឹងថា ដំណាំអនុផលដែលប្រជាកសិករដាំជាចម្បងដើម្បីចិញ្ចឹមជីវិតរួមមានជីស្លឹកវែង ផ្ទីដូង ននោង ជីនាងវង ម្រះព្រៅ ប៉ុន្តែដំណាំដែលបងប្អូននិយមដាំច្រើនជាងគេ គឺទី1 ជីស្លឹកវែង និងផ្ទីដូងនេះឯង ហើយផ្ទៃដីដែលដាំផ្ទីដូងនេះមានដល់ទៅជាង២០ហិកតាឯណោះ ដែលធ្វើឱ្យជីវភាពពលរដ្ឋធូរធារ មិនមានអ្នកធ្វើចំណាកស្រុកនោះទេ៕

Advertisement