ម្ចាស់​កសិដ្ឋាន​ម្នាក់​ចំណេញ​ពី​ការ​លក់​កូន​ដូងក្រអូប​ ខណៈ​ទីផ្សារ​កំពុង​ត្រូវការ​ខ្លាំង​

នៅក្នុង​តំបន់​ទេសចរណ៍​នៃ​ខេត្ត​នី​មួយ​ៗរបស់​ប្រទេស​កម្ពុជា​គេ​សង្កេតឃើញ​មាន​ដាក់​លក់​យ៉ាង​សម្បូរពោរពាស​នូវ​ផលដំណាំ​បន្លែ​ផ្លែឈើ​ធម្មជាតិ​គ្រប់​ប្រភេទ​ដែល​ម្ចាស់​តំបន់​ក្នុង​ស្រុក​ទាំងនោះ​បាន​ដាំ​ និង​ទទួល​បានផល​យ៉ាង​ល្អ​ និង​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ទៀតផង​ ដែល​រួមមាន​ ផ្លែក្រូច​ពោធិ៍សាត់​ចេក​ ល្ហុង​ មៀន​ ស្វាយ​ និង​ទុរេន​ជាដើម​ ប៉ុន្តែ​ដំណាំ​ផ្លែឈើ​ធម្មជាតិ​ដែល​មាន​ទីផ្សារ​ជាប់​ជានិច្ច​មួយទៀត​ដែល​ប្រជាជន​ខ្មែរ​បាន​ស្គាល់​គ្រប់គ្នា​ គឺ​ដូងក្រអូប​ ក៏​ជាដំណាំ​កសិផល​មួយ​ដែរ​ ដែល​បាន​លេច​វត្តមាន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ និង​បាន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​ទីផ្សារ​ ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ និង​ពេញនិយម​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ផង​ដែរ​។

ដោយឡែក​ដូងក្រអូប​ដែល​ជាដំណាំ​ហូប​ផ្លែ​មួយ​ដែរ​នោះ​ ក៏​ត្រូវ​បាន​កសិករ​ជាច្រើន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​មក​ដាំដំណាំ​ដូងក្រអូប​នេះ​វិញ​ ដោយសារតែ​ដំណាំ​មួយ​នេះ​មិន​ពិបាក​ក្នុង​ការ​ដាំ​ និង​ថែទាំ​ទេ​ និង​ថែមទាំង​ងាយស្រួល​រក​ទីផ្សារ​ទៀតផង​ ហើយ​ជាពិសេស​ដូងក្រអូប​ក៏​ជាទី​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ពិសា​ ដោយសារ​ទឹក​ និង​សាច់​របស់​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​ក្រអូប​ខុស​ពី​ផ្លែ​ដូង​ដទៃទៀត​។

ដោយសារតែ​កសិករ​ខ្មែរ​ ងាក​មក​ដាំដំណាំ​ដូង​ក្រអូប​ វិញ​នេះ​ ធ្វើ​ឱ្យ​ម្ចាស់​កសិដ្ឋាន​នៅ​ខេត្តបាត់ដំបង​មានកូន​ដើមឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ បាន​លក់​កូន​ដើមដូង​ក្រអូប​ ប៉ុន្មាន​ខែ​កន្លងមក​នេះ​បាន​ប្រាក់កម្រៃ​ក្នុង1ខែ​ខ្ទង់ពាន់​ដុល្លារ​។

លោក​ គួន​ ឌឿន​ កសិករ​អ្នក​ដាំ​ដើមដូង​ក្រអូប​នៅ​កសិដ្ឋាន​កសិកម្ម​ភ្នំព្រឹក​ បាន​រៀបរាប់​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ មូលហេតុ​ដែល​កសិករ​ខ្មែរ​ចាប់អារម្មណ៍​មក​ដាំ​នូវ​ដំណាំ​ដូងក្រអូប​នេះ​ គឺ​ដោយសារ​កត្តា​តម្លៃ​ទីផ្សារ​ ព្រោះថា​ ដំណាំ​ហូប​ផ្លែ​ដូងក្រអូប​នេះ​ វា​ពេញនិយម​សម្រាប់​ការ​បរិភោគ​របស់​ពលរដ្ឋ​ទូទៅ​ ហើយ​តម្លៃ​វា​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ពុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​ដំ​ណាំ​ផ្សេង​ៗ ឡើយ​ ដូច្នេះ​ទើប​ពួកគាត់​សម្រេចចិត្ត​ងាក​មក​ដាំដូង​ក្រអូប​នេះ​វិញ​។

អ្នកមាន​បទ​ពិសោធ​ខាង​កសិកម្ម​រូប​នេះ​បាន​រៀបរាប់​ថា​៖“3-4ឆ្នាំមុន​ នៅ​ស្រុកខ្មែរ​យើង​ពុំ​ទាន់​មានការ​បណ្តុះ​ពូជ​ដូងក្រអូប​នេះ​ទេ​ ព្រោះ​គ្រាប់ពូជ​បណ្តុះ​នៅ​ស្រុក​យើង​ធ្វើ​មិនបាន​ល្អ​។ ដូច្នោះ​ហើយ​ទើប​យើង​តែង​នាំ​ពូជ​ពី​ថៃ​មក​លក់​ ដូចជា​កសិដ្ឋាន​របស់ខ្ញុំ​ ក៏​នាំ​ពូជ​ពី​ថៃ​មក​លក់​បន្ត​ដែរ​ ដែល​តម្លៃ​យើង​លក់​ចេញ​បន្ត​ គឺ​ពី5​$ ទៅ7​$។ លោក​បាន​បញ្ជាក់​ថា​ សព្វថ្ងៃ​ពូជ​ដើមដូង​ប្រភេទ​ដូងក្រអូប​ ដែលគេ​និយម​ដាំ​នោះ​ បច្ចុប្បន្ន​យើង​បណ្តុះ​នៅក្នុង​ស្រុក​បាន​ល្អ​ហើយ​ រី​ឯតម្លៃ​វា​យើង​លក់​ក្នុង​តម្លៃ​ត្រឹម3​$ ប៉ុណ្ណោះ​”។លោក​បន្ត​ថា​៖“ប្រជាពលរដ្ឋ​ដែល​មាន​ដី​ទំនេរ​ គួរតែ​ងាក​មក​ដាំដំណាំ​ប្រភេទ​ដូងក្រអូប​នេះ​វិញ​ ព្រោះ​វា​មាន​រយៈពេល​ខ្លី​ មិន​ពិបាក​ថែទាំ​ និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​ទៀតផង​”។

លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“ក្នុងរយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ កសិដ្ឋាន​របស់ខ្ញុំ​បាន​លក់ដាច់​កូន​ចេកអំបូង​លឿង​ និង​ទុរេន​ ដែល​មាន​ក្រុមហ៊ុន​ចិន​សហការ​ជាមួយ​ឧកញ៉ា​មួយចំនួន​បាន​មក​ទិញ​យក​ទៅ​ដាំ​ជាច្រើន​នៅ​តាម​កសិដ្ឋាន​ធំៗ​នៅក្នុង​បណ្តា​ខេត្ត​មួយចំនួន​។ រហូតមកដល់​ឥឡូវនេះ​ ខ្ញុំ​បាន​លក់ដាច់​កូនដើម​ដូងក្រអូប​វិញ​ ដោយ​ក្នុង1ខែ​លក់​ដាច់​បាន​ទាប​បំផុត​ក៏បាន​ 5,000ដើម​ដែរ​”។

លោក​ ឌឿន​ បានឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​ខេត្ត​ដែល​បាន​ទិញ​ដើម​កូន​ដូងក្រអូប​របស់​លោក​ យក​ទៅ​ដាំ​មាន​ខេត្តរតនគិរី​ មណ្ឌលគិរី​ កំពង់ចាម​ កំពង់ធំ​ កំពត​ ត្បូងឃ្មុំ​ តាកែវ​ កំពង់សោម​ កំពង់ស្ពឺ​ កែប​ ស្ទឹងត្រែង​ និង​សៀមរាប​ជាដើម​ ដែល​កសិដ្ឋាន​នៅ​បណ្តា​ខេត្ត​ទាំងនោះ​មាន​ចំនួន​ពី5​ ទៅ10កសិដ្ឋាន​ ហើយ​ក្នុង​កសិដ្ឋាន​នី​មួយ​ៗមានផ្ទៃ​ដី​ដាំដុះ​ពី10​ ទៅ50​ ឬ100ហិ​កតា​ឯណោះ​។

លោក​បានឱ្យ​ដឹង​ថា​ ដំណាំ​ដូងក្រអូប​នេះ​មិន​ពិបាក​ដាំ​ និង​ថែទាំ​ដូច​ដំ​ណាំ​ផ្សេង​ៗនោះ​ទេ​ ពោល​គឺ​វា​ត្រូវការ​តែ​ទឹក​ និង​ជី​បំប៉ន​គល់​តែប៉ុណ្ណោះ​។ ជា​ទូទៅ​ដូង​ប្រភេទ​នេះ​ឱ្យ​ផល​បាន​ពេញ​មួយឆ្នាំ​។ ប៉ុន្តែ​ការ​ទទួល​បានផល​ពី​ដូង​នេះ​ច្រើន​ ឬតិច​ វា​ក៏​អាស្រ័យ​ទៅលើ​ការថែទាំ​ និង​នៅ​តាម​រដូវ​កាល​ផង​ដែរ​ ដូចជា​នៅ​រដូវវស្សា​ ដូង​ឱ្យ​ផល​បាន​ច្រើន​ និង​ល្អ​តែ​អាច​ថយ​ចុះ​ក្នុង​រដូវប្រាំង​ ដោយសារ​អាកាសធាតុ​ក្តៅ​ និង​ទឹក​ផ្តល់​មិនបាន​គ្រប់គ្រាន់​។ “ដូង​មួយ​ដើម​ យ៉ាងហោចណាស់​នឹង​ឱ្យ​ផល​ក្រោយ​រយៈពេល​ថែទាំ​យ៉ាង​យូរ​ 3-4ឆ្នាំ​ និង​ទទួល​បាន​ពី180​ ទៅ200​ផ្លែ​ ឬលើស​ពីនេះ​ក្នុង1ឆ្នាំ​”។ នេះ​ជា​ការ​អះអាង​របស់​ លោក​ គួន​ ឌឿន​។

លោក​ គួន​ ឌឿន​ បាន​បញ្ជាក់​ថា​ ក្នុង​ការ​ដាំដូង​ក្រអូប​នេះ​ លើ​ផ្ទៃដី​ 1ហិ​កតា​ គេ​អាច​រកចំណូល​បាន​ចាប់ពី​ 3,000ដុល្លារ​ ទៅ​ជាង​ម៉ឺន​ដុល្លារ​ ដោយ​ក្នុង​នោះ​ការ​ដាំដុះ​ក្នុង​ 1ហិ​កតា​ ត្រូវ​ប្រើប្រាស់​កូន​ដូងក្រអូប​ចំនួន​ 204ដើម​ ឯផ្លែ​ដូងក្រអូប​វិញ​ គេ​លក់​ក្នុង​តម្លៃ​បោះ​ដុំ​ចាប់ពី​ 1,500រៀល​ឡើង​ទៅ​ក្នុង​ 1ផ្លែ​ តែ​នៅ​លើ​ទីផ្សារ​លក់រាយ​ មានតម្លៃ​ 3,000​-3,500រៀល​ក្នុង​ 1ផ្លែ​”។

លោក​បាន​ប្រាប់​ថា​ កាលពី​លោក​យក​ដូងក្រអូប​ពី​ថៃ​មក​ដាំ​ គឺ​យើង​បាន​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដល់​កសិករ​ ដោយ​ពុំ​បាន​ប្រាប់​ឱ្យ​ប្រើ​ជីគីមី​ទេ​ គឺ​ឱ្យ​ប្រើ​ជីធម្មជាតិ​ ដោយមាន​អ្នកបច្ចេកទេស​ថៃ​មក​ពន្យល់​ពី​ការ​ដាំ​ និង​ថែទាំ​។ លោក​ថា​ ដូងក្រអូប​មិន​ពិបាក​ដាំ​ប៉ុន្មាន​ទេ​ តែ​រយៈពេល​ 3 ទៅ4ឆ្នាំ​វា​នឹង​ចាប់ផ្ដើម​ឱ្យ​ផល​ហើយ​ ហើយ​ចំពោះ​ការ​ដាំ​វិញ​ គឺ​ក្នុង​ 1ហិ​កតា​ គេ​ដាំ​ប្រមាណ​ជា​ 200ដើម​ គឺជា​ទម្លាប់​របស់​កសិករ​។

លោក​ ឌឿន​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែរ​ថា​ សុំ​ឱ្យ​បន្ត​ការ​គាំទ្រ​ដំណាំ​ធម្មជាតិ​របស់​កូនខ្មែរ​ ព្រោះថា​ប្រជាកសិករ​យើង​បាន​ងាក​មក​ចាប់ផ្ដើម​ដាំដូង​ក្រអូប​ជាបន្តបន្ទាប់​ច្រើន​នៅក្នុង​ឆ្នាំ2019​ នេះ​ ហើយ​ផ្លែ​ដូងក្រអូប​នេះ​ក៏​មានតម្លៃ​សមរម្យ​ មិន​ថ្លៃជាង​ផ្លែ​ដូងក្រអូប​នាំចូល​ពី​ប្រទេសជិតខាង​នោះ​ទេ​ ហើយ​ដូងក្រអូប​ថែមទាំង​ជា​ដំ​ណាំ​កសិ​-ឧស្សាហកម្ម​សំខាន់​មួយ​ក្នុងចំណោម​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត​ដែល​យើង​គួរ​ពង្រីក​ការ​ដាំដុះ​នៅ​កម្ពុជា​ទៀតផង​៕

Advertisement