ក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ ជប៉ុន​នាំចូល​ទំនិញ​ពី​កម្ពុជា​ប្រមាណ​ 454លាន​ដុល្លារ​

ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ប្រមាណ​ 16ភាគរយ​នៅ​ត្រីមាស​ទី1​ នៃ​ឆ្នាំ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ ។នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro​)។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ បាន​ឡើង​ដល់​ 558លាន​ដុល្លារ​ពី​ខែមករា​ ដល់​ខែមីនា​ ដែល​កើនឡើង​ 16.5ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ​ 454លាន​ដុល្លារ​ទៅ​ទីផ្សារ​ជប៉ុន​កើនឡើង​ 16ភាគរយ​ ខណៈ​ការនាំចេញ​របស់​ជប៉ុន​បាន​កើនឡើង​ 20ភាគរយ​ស្មើនឹង​104លាន​ដុល្លារ​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ឡុង​ កែម​វិចិត្រ​ បាន​មានប្រសាសន៍​ថា​ ការ​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ គឺជា​លទ្ធផល​នៃ​ទំនាក់ទំនង​ការទូត​ល្អ​ក៏ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​ដែរ​។

លោក​ វិចិត្រ​ បាន​លើកឡើង​ថា​៖“ប្រទេស​កម្ពុជា​និង​ជប៉ុន​មាន​ទំនាក់ទំនង​ល្អ​ និង​លើស​ពីនេះ​ផលិតផល​កម្ពុជា​កំពុង​ទទួល​បានការ​ទទួលស្គាល់​នៅ​បរទេស​” តួលេខ​ពាណិជ្ជកម្ម​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​កើនឡើង​នៃ​ទីផ្សារ​អាស៊ី​ ការ​ធ្វើស​មា​ហរ​ណកម្ម​របស់​ប្រទេស​ក្នុង​តំបន់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​”។

លោក​បន្ត​ថា​ ការ​ធ្វើ​ពិពិធ​កម្ម​ និង​ពង្រឹង​ការប្រកួត​ប្រជែង​ គឺជា​អាទិភាព​កំពូល​សម្រាប់​រដ្ឋាភិបាល​។ លោក​វិចិត្រ​បន្ថែម​ថា​៖ “ជប៉ុន​កំពុង​វិនិយោគ​លើ​វិស័យ​អាទិភាព​ជាច្រើន​ ជាពិសេស​លើ​ឧស្សាហកម្ម​ធុន​ស្រាល​ និង​ឧស្សាហកម្ម​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​។ យើង​សង្ឃឹមថា​ និន្នាការ​ទាំងនេះ​នឹង​បន្ត​ទៅ​អនាគត​”។

គួរ​កត់សម្គាល់​ដែរ​ថា​ ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ គឺ​សម្លៀកបំពាក់​ ផលិតផល​ស្បែកជើង​ និង​គ្រឿង​អេឡិចត្រូនិក​ ដូចជា​អាគុយ​ទូរស័ព្ទ​ជាដើម​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ប្រទេស​ជប៉ុន​ភាគច្រើន​នាំចេញ​គ្រឿងម៉ាស៊ីន​ រថយន្ត​និង​គ្រឿង​អេឡិចត្រូនិក​មក​កម្ពុជា​ ក៏ដូចជា​សាច់គោ​ ដែក​ និង​ថ្នាំពេទ្យ​ផង​ដែរ​។យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro​)បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​ប្រទេស​ជប៉ុន​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​កើនឡើង​ 27.3ភាគរយ​ ដោយ​ទំនិញ​តម្លៃ​សរុប​ជាង​ 1.6ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ ខណៈ​ដែល​កម្ពុជា​បាន​ទិញទំនិញ​ពីជ​ប៉ុន​ចំនួន​ប្រហែល​ 421លាន​ដុល្លារ​ កើនឡើង17.8ភាគរយ​៕

Advertisement