GMAC ​៖ ការ​វិនិយោគ​កំពុង​កើនឡើង​ ប៉ុន្តែ​មាន​ល្បឿន​យឺត​

យោង​តាម​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (The​ Garment​ Manufacturers​ Association​ in​ Cambodia​ ឬGMAC​) បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​ដែល​ជាស​សរ​ស្ដម្ភ​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​កើន​ឡើ​ងយឺ​តៗ​ ក្នុង​ឆ្នាំ2019​ ធៀប​នឹង​ឆ្នាំ2018​។

ការ​កើនឡើង​ដ៏​យឺត​នេះ​ ទំនងជា​លទ្ធផល​នៃ​ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការពិនិត្យ​ឡើង​វិញ​នូវ​ស្ថានភាព​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (Everything​-but​-arms​ ឬEBA​) របស់​កម្ពុជា​ក៏ដូចជា​ការ​បង្កើន​ប្រាក់ឈ្នួល​អប្បបរមា​របស់​វិស័យ​នេះ​ផង​ដែរ​។

លោក​កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​ថា​ វិ​និ​យោ​គិ​នមួយចំនួន​អាច​ចាប់ផ្តើម​អនុវត្ត​វិធីសាស្ត្រ​តាម​នីតិវិធី​របស់​ខ្លួន​។លោក​បាន​ថ្លែង​ថា​ ឧស្សាហកម្ម​នេះ​នៅតែ​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (foreign​ direct​ investment​ ឬ FDI​) ប៉ុន្តែ​កំណើន​នេះ​បាន​ថយ​ចុះ​។

លោ​កម៉ូ​នី​កា​មានប្រសាសន៍​ថា​៖“ ជា​ការពិត​យើង​កំពុង​ប្រឈម​នឹង​បញ្ហាផ្ទៃក្នុង​ដ៏​សំខាន់​មួយ​ចំនួន​ ប៉ុន្តែ​មានក​ត្តា​ខាងក្រៅ​មួយចំនួន​ដែល​កំពុង​ជួយ​ប្រទេស​កម្ពុជា​។ ការបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ គឺជា​ក្តី​ព្រួយបារម្ភ​ទូទាំង​ពិភពលោក​ ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ពេញនិយម​ ដោយសារតែ​រោងចក្រ​ដែល​ត្រូវ​បំផ្លាស់​ប្តូរ​ទី​ចេញពី​ប្រទេស​ចិន​ ដើម្បី​ចៀសវាង​ពី​ការ​បង់​ពន្ធ​”។ លោក​បាន​ថ្លែង​បន្ត​ថា​ កត្តា​ផ្សេងទៀត​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បំផ្លាស់​ទី​ចេញពី​ប្រទេស​ចិន​ គឺ​ការដំឡើង​ប្រាក់ឈ្នួល​ និង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​មិន​គ្រប់គ្រាន់​ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​មានតម្លៃ​ទាប​ដូចជា​សម្លៀកបំពាក់​ និង​ស្បែកជើង​។ ក្នុងអំឡុងពេល​ 4ខែ​ដំបូង​នៃ​ឆ្នាំនេះ​ រោងចក្រ​ថ្មី​ចំនួន25​ បាន​ចូលរួម​ក្នុង​សមាគម​ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ដូចគ្នា​នេះ​ក្នុង​ឆ្នាំ​ 2018​ ដែល​មាន​ចំនួន​ដល់​ទៅ40​។ ចំនួន​សមាជិក​ដែល​ រួមបញ្ចូល​ទាំង​សហគ្រាស​ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ គឺ​មាន​ជិតដល់​ 600​។ ខណៈ​ពេល​ដែល​វិស័យ​កាត់ដេរ​នៅតែ​ធ្វើ​បាន​ល្អ​ វិស័យ​ស្បែកជើង​ក៏​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​មួយ​នឹង​ការពង្រីក​រោងចក្រ​ក្នុង​ស្រុក​ដែល​មានស្រាប់​ និង​កំពុង​ជ្រើសរើស​ពលករ​បន្ថែម​ទៀត​។

លោក​បាន​បន្ថែម​ទៀត​ថា​ ការនាំចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ នៅ​ក្រោម​ជំពូក​ 42​ បាន​កើន​ឡើង100​% ក្នុងរយៈពេល​ 2ខែ​ដំបូង​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ2018​ ដែល​សរុប​ជា​ទឹកប្រាក់​ មាន​ប្រមាណ​ 111លាន​ដុល្លារ​អាមេរិក​។

ក្នុងអំឡុងឆ្នាំ2017​ ទំនិញ​ដែល​មានតម្លៃ​ 186​លាន​ដុល្លារ​ត្រូវ​បាន​នាំចេញ​ពី​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ ខណៈ​នៅ​ឆ្នាំ2018​ តួលេខ​នេះ​បាន​កើនឡើង​ដល់​ 416លាន​ដុល្លារ​។ លោក​ ម៉ូ​នី​កា​ បាន​មានប្រសាសន៍​ថា​ សម្រាប់​ឆ្នាំនេះ​វា​អាច​លើស​ពី​ 600លាន​ដុល្លារ​។

លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ក្នុង​អំឡុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​នេះ​ថា​ ការ​វិនិយោគ​លើ​ការផលិត​ទំនិញ​សម្ភារ​ធ្វើដំណើរ​នឹង​កើនឡើង​ 2ខ្ទង់​ក្នុង​រយៈពេល​ 2ឆ្នាំខាងមុខ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​៖“នៅពេល​ដែល​ការរៀបចំ​គម្រោង​ចម្រុះ​ (The​ Multifibre​ Arrangement​ ឬ MFA​) ត្រូវ​បាន​លុបចោល​ គេ​មានការ​ព្រួយបារម្ភ​ថា​ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង​មិន​រួចខ្លួន​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ កាណាដា​ ហុងកុង​ និង​អាមេរិក​ នៅ​តែ​រក្សា​ការទិញ​ពី​កម្ពុជា​ ដោយ​ផ្អែកលើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ​របស់​រដ្ឋាភិបាល​ចំពោះ​បទដ្ឋាន​ពលកម្ម​ខ្ពស់​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ការអនុវត្ត​កម្មវិធី​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(Better​ Factories​ Cambodia​ ឬ BFC​)”។

ជាមួយគ្នា​នេះ​ការងារ​របស់​ក្រុមហ៊ុន​ជាមួយ​អ្នកផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​រួមចំណែក​ដល់​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ 9.5ពាន់​លាន​ដុល្លារ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​។ សព្វថ្ងៃ​នេះ​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ មាន​ចំនួន​ជាង​ 1ភាគ3​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​។ វា​តំណាង​ឱ្យ​ពាក់កណ្តាល​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។

បើ​តាម​ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​បញ្ជាក់​ថា​៖“កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ 5 ក្នុង​តំបន់​អាស៊ាន​នៅពេល​មាន​ប្រាក់ខែ​អប្បបរមា​ខ្ពស់​។ នៅក្នុង​ប្រទេស​កម្ពុជា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​បច្ចុប្បន្ន​មានតម្លៃ​ 182ដុល្លារ​ក្នុង​ 1ខែ​”។

យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ BFC​បាន​បង្ហាញថា​ ចំនួន​កម្មករ​មិនទាន់​គ្រប់​អាយុ​នៅក្នុង​វិស័យ​កាត់ដេរ​បាន​ធ្លាក់ចុះ​ច្រើន​ ពី​ 74ករណី​នៅ​ឆ្នាំ​2014​ ដល់10ករណី​គិត​ត្រឹម​ឆ្នាំមុន​។ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC​) បាន​និយាយ​ថា​វា​នឹង​មិន​អាច​ទៅរួច​ទេ​បើ​គ្មាន​ការចូលរួម​ពី​ក្រសួងការងារ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ក៏ដូចជា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) នោះ​។

តាម​របាយការណ៍​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ2018​ កន្លងទៅ​ ការនាំចេញ​សរុប​របស់​កម្ពុជា​ ទៅកាន់​សហភាព​អឺរ៉ុប​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ 4,670លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​សម្លៀកបំពាក់​មាន​ប្រមាណ​ 3,653លាន​ដុល្លារ​អាមេរិក​ ស្បែកជើង​មាន​ប្រមាណ​ 508លាន​ដុល្លារ​អាមេរិក​ អង្ករ​ 177លាន​ដុល្លារ​អាមេរិក​ និង​ទោចក្រយាន​ មាន​ប្រមាណ​ 331លាន​ដុល្លារ​អាមេរិក​។

គួរ​បញ្ជាក់​ថា​ ការ​ប៉ាន់ស្មាន​របស់​ធនាគារពិភពលោក​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល​ 3ឆ្នាំ​ខាងមុខនេះ​បាន​ព្យាករ​ថា​ កំណើន​នាំចេញ​នឹង​កើន​9%ក្នុង​ឆ្នាំ2019​ កើន​ 8.6​%នៅ​ឆ្នាំ2020​ និង​ 8.1​%នៅ​ឆ្នាំ2021​។ ក្នុង​នោះ​ដែរ​ ធនាគារពិភពលោក​ក៏​បាន​ព្យាករ​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​)រំពឹង​ថា​ នឹង​កើន​ 10.4​%នៅ​ឆ្នាំ2019​ ឆ្នាំ2020រំពឹង​ថា​ កើន​ 9.3​% និង​កើន​ 9.2​% នៅ​ឆ្នាំ2021​៕

Advertisement