កម្ពុជា​ និង​ឥណ្ឌា​ ចុះ​កិច្ច​ព្រមព្រៀង​លើកកម្ពស់​វិស័យ​ទូរគមនាគមន៍​ និង​ព័ត៌មាន​

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួង​គមនាគមន៍​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ “កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គមនាគមន៍​” ព្រម​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយនឹង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (C-DOT​)ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​មួយ​នៅ​ឥណ្ឌា​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ក្រសួង​គមនាគមន៍​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មិន​ត្រឹមតែ​ផ្តោត​លើ​ “កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គមនាគមន៍​” ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួម​បង្កើត​នូវ​ភូមិ​ឆ្លាតវៃ​ ឬ“ភូមិ​ឌីជីថល​”នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង​។

ដោយឡែក​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយនឹង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (C-DOT​) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ល្បី​មួយ​នៅ​ឥណ្ឌា​ នឹង​ផ្តោត​ទៅលើ​ការ​ពង្រាយ​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ទំនើប​ និង​ការ​បំពាក់​ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​នៅ​តាម​ជនបទ​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ឯកឧត្តម​រដ្ឋលេខាធិការ​ សុខ​ ពុទ្ធិ​វុធ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ត្រាំ​ អុី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​លោក​ V. Raghunandan​ អគ្គនាយក​ នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ លោក​ សាន្ត​ វី​ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ ព្រម​ជាមួយ​លោក​ Shri​ Vipin​ Tyagi​ នាយក​ប្រតិបត្តិ​ C-DOT​។

ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សាធារណរដ្ឋ​ឥណ្ឌា​នា​ពេល​កន្លងមក​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ មជ្ឈ​មណ្ឌល​ឧត្តមា​នុ​វត្តន៍​ និង​ការសិក្សា​លើ​ “ភូមិ​ឌីជីថល​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើកឡើង​ថា​ អនុស្សរណៈ​យោគយល់​គ្នា​ដែល​យើង​បាន​ចុះហត្ថលេខា​នៅពេល​នេះ​ គឺជា​ការ​បោះជំហាន​ថ្មី​មួយទៀត​លើ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ប្រទេស​យើង​ទាំង2​ លើ​វិស័យ​ទូរគមនាគមន៍​ បន្ថែម​លើ​កិច្ច​សហប្រតិបត្តិ​ការដែល​យើង​មានស្រាប់​នា​ពេល​កន្លងមក​ដើម្បី​ទាញ​យក​នូវ​សក្តា​នុ​ពល​នៃ​ការ​រីកចម្រើន​ឈានមុខ​គេ​មួយ​លើ​វិស័យ​នេះ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​មាន​សុ​ទិដ្ឋ​និយម​ថា​ កិច្ចសហការ​នេះ​ និង​ជំរុញ​ឱ្យ​មាន​គម្រោង​ជាច្រើន​ទៀត​ក្នុង​ពេល​អនាគត​រវាង​កម្ពុជា​ និង​ឥណ្ឌា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​នៅ​កម្ពុជា​ និង​ឥណ្ឌា​ដើម្បី​លើកកម្ពស់​ឱ្យ​កាន់តែ​ខ្ពស់​ និង​ពង្រឹង​នូវ​សាមគ្គីភាព​រវាង​ប្រជាជាតិ​ទាំង2​”។

ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ បន្ត​ថា​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ រួម​ទាំង​ការបាន​ចូល​រួម​ក្នូ​ងពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​ ព្រមទាំង​បាន​ធ្វើទស្សនកិច្ច​នៅ​ភូមិ​ឌីជីថល​នៅ​រដ្ឋ​ Karenda​ និង​តំបន់​ប្រវត្តិសាស្ត្រ​ Mewat​ ក្នុង​តំបន់​ Haryana​ នៃ​រដ្ឋ​ Rajasthan​ រួចមក​ យើង​រៀនសូត្រ​បាន​ច្រើន​ពី​ប្រជាជាតិ​អាស៊ី​ខាងត្បូង​មួយ​នេះ​ទាក់ទង​នឹង​វិស័យ​ទូរគមនាគមន៍​។

ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ ថ្លែង​ថា​៖“យើង​ពិតជា​ស្ញប់ស្ញែង​ជាមួយនឹង​វិស័យ​ទូរគមនាគមន៍​ឥណ្ឌា​ ហើយ​ជឿ​ថា​ វា​នឹង​ជួយ​យើង​ឱ្យ​ទទួល​បាន​បន្ថែម​ទៀត​នូវ​សក្តា​នុ​ពល​ និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ ហ្នឹង​ គឺជា​ហេតុផល​ដែល​យើង​ត្រូវ​ចុះហត្ថលេខា​ជាមួយ​ឥណ្ឌា​”។

ឯកឧត្ដម​បន្ត​ថា​៖“រដ្ឋាភិបាល​ឥណ្ឌា​តាមរយៈ​ក្រសួង​ទូរគមនាគមន៍​របស់​គេ​ នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ប្រមាណ​ជា​ 10លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​គាំទ្រ​កម្មវិធី​បង្កើត​ភូមិ​ឌីជីថល​នៅ​កម្ពុជា​”។ ឯកឧត្ដម​បន្ត​ថា​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​នេះ​ ដែល​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ចាប់​ឌីជីថល​ដែល​ខ្វះខាត​នៅ​ទី​ជនបទ​ ដូច​ជា​អុីន​ធើ​ណិ​ត សុខាភិបាល​ឌីជីថល​ ការអប់រំ​តាម​អន​ឡាញ​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ រដ្ឋាភិបាល​អេឡិចត្រូនិក​ និង​កសិកម្ម​អេឡិចត្រូនិក​”។

ឯកឧត្ដម​បន្ត​ទៀត​ថា​ ការ​ជ្រើសរើស​ខេត្តតាកែវ​ដែល​ជាទី​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​សាកល្បង​នេះ​ គឺ​ដើម្បី​រំឭក​ដល់​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង2​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ គណៈប្រតិភូ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ទៅ​ទស្សនកិច្ច​អំពី​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​របស់​ឥណ្ឌា​នៅ​ខេត្តសៀមរាប​ គឺ​វិទ្យាស្ថាន​ជាតិ​ NIPTICT​ និង​បាន​ទៅ​ទស្សនកិច្ច​ទីតាំង​សម្រាប់​សិក្សា​លើ​គម្រោង​សាកល្បង​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ឌីជីថល​នៅ​ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ផង​ដែរ​៕

Advertisement