ខេត្តក្រចេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី2​ និង​ជាទី​ក្រុង​បេតិកភណ្ឌ​

រាជរដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​ខេត្តក្រចេះ​ឱ្យ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី2​ (Secondary​ Destination​) និង​ជាទី​ក្រុង​បេតិកភណ្ឌ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្តក្រចេះ​ឱ្យ​បាន​ច្រើន​ថែមទៀត​ និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ក្រៅពី​តំបន់​រមណីយដ្ឋាន​អង្គរ​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​។

ឯកឧត្ដម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មានប្រសាសន៍​ថា​ សភាពការណ៍​វិវឌ្ឍន៍​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​សកលលោក​ និង​ក្នុង​តំបន់​ បាន​ធ្វើ​ឱ្យ​កម្ពុជា​រំលេច​អំពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ បង្កើត​ការងារ​ បង្កើន​ប្រាក់ចំណូល​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ជា​ភាព​ទោល​ដោយឡែក​ពី​គេ​របស់​កម្ពុជា​ ហើយដែល​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​) បាន​ផ្តល់​ជំនួយ​តាមរយៈ​គម្រោង​អភិរក្ស​ និង​អភិវឌ្ឍន៍​សត្វ​ផ្សោត​ ដែល​មានឈ្មោះ​ថា​ Mekong​ Discovery​ Trails​ និង​បាន​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ច្បាស់​ពី​សត្វ​ផ្សោត​ទន្លេមេគង្គ​របស់​កម្ពុជា​។

ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើកឡើង​នូវ​ពាក្យស្លោក​មួយ​ថា​៖“មាន​ផ្សោត​ទើប​មាន​ទេសចរ​ គ្មាន​ផ្សោត​ គឺ​គ្មាន​ទេសចរ​” ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវតែ​រួមគ្នា​ថែរក្សា​ អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត​នេះ​ឱ្យ​បាន​ល្អ​ និង​មាន​និរន្តរភាព​ (សព្វថ្ងៃ​ ផ្សោត​បាន​បង្កើតកូន​បន្ត​ថែមទៀត​ហើយ​)”។

ឯកឧត្ដម​ ថោង​ ខុន​ បាន​បន្ត​ទៀត​ថា​ ក្រៅពី​សត្វ​ផ្សោត​ ខេត្តក្រចេះ​ក៏​មាន​ផលិតផល​ទេស​ចរ​ណ៍​ល្បី​ៗជាច្រើន​ទៀត​ដែរ​ (ដូចជា​នំក្រឡាន​ ផ្លែក្រូច​ថ្លុង​-ល-) មាន​តំបន់​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍​ជាច្រើន​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​ និង​លើកកម្ពស់​គុណភាព​ផលិតផល​ និង​សេវាកម្ម​ឱ្យ​ស្របតាម​ស្តង់​ដា​។

ឯកឧត្ដម​មានប្រសាសន៍​ថា​៖“មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ត្រូវ​រៀបចំ​ឱ្យ​មាន​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តក្រចេះ​ ឆ្លើយតប​តាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​ជាតិ​ ក្នុង​តំបន់​ និង​សកលលោក​ ពង្រឹងគុណភាព​ផលិតផល​ និង​សេវាកម្ម​ទេសចរណ៍​ក្នុង​ទូទាំង​ខេត្ត​ បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ (ពង្រឹង​ផលិតផល​ដែល​មានស្រាប់​ និង​បង្កើត​ថ្មី​) ខិតខំ​អភិវឌ្ឍ​ខេត្តក្រចេះ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី2​ និង​ជាទី​ក្រុង​បេតិកភណ្ឌ​ បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ថ្មី​ៗដូចជា​ សកម្មភាព​ទេសចរណ៍​នៅ​លើ​ឆ្នេរខ្សាច់​ កីឡា​លើ​ឆ្នេរ​ លើទឹក​ ពង្រឹង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដោយ​ត្រូវ​ដំឡើង​ឱ្យ​មាន​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​ បង្គន់​អនាម័យ​សាធារណៈ​ សោភណភាព​ អនាម័យ​ បរិស្ថាន​ប្រកបដោយ​ភាព​ស្អាត​ និង​បៃតង​”។

ឯកឧត្ដម​បញ្ជាក់​ទៀត​ថា​៖“មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ត្រូវ​ខិតខំ​ដណ្តើម​ឱ្យ​បាន​ផ្ការំដួល​ 3ទង​ និង​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នៅ​ឆ្នាំ2023​ ត្រូវ​ពង្រឹងគុណភាព​ និង​សេវាកម្ម​កាណូត​ និង​ទូក​ទេសចរណ៍​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ និង​ស្តង់​ដា​ រួម​ទាំង​ឯកសណ្ឋាន​អ្នកបើកបរ​កាណូត​ទេសចរណ៍​ផង​ដែរ​”។

គួរ​បញ្ជាក់​ថា​ ខេត្តក្រចេះ​ស្ថិតនៅ​តំបន់​ខ្ពង់រាប​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា​ តាម​ដងទន្លេ​មេគង្គ​ សម្បូរទៅដោយ​សម្បត្តិ​វប្បធម៌‌ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ​ជាច្រើន​ដែល​ទាក់ទាញ​ចំណាប់​អា​រម្ម​ណ៍ភៀ្ញវ​ជាតិ​ និង​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្សាន្ត​ និង​សិក្សា​ស្រាវជ្រាវ​ដើម្បី​បានឃើញ​ បាន​យល់​ និង​បាន​ស្គាល់​ពី​ទិដ្ឋភាព​ពិត​នៃ​សម្បតិ្ត​ទេសចរណ៍​ទាំងនោះ​ដោយ​មិន​អាច​ខាន​បាន​។

លោក​ ជុក​ ជំនោរ​ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ តំបន់​រមណីយដ្ឋាន​អង្គរវត្ត​ គឺជា​គោលដៅ​អាទិភាព​ ដោយឡែក​យើង​ចង់ឱ្យ​ខេត្តក្រចេះ​ក្លាយជា​គោលដៅ​គាំទ្រ​ ឬជាគោល​ដៅ​ទេសចរណ៍​លំដាប់​ទី2​ ដោយសារតែ​ខេត្ត​នេះ​មាន​សក្តា​នុ​ពល​ខាង​ទេសចរណ៍​ជាច្រើន​នៅ​ភូមិភាគ​ឦសាន​ ជាពិសេស​សត្វ​ផ្សោត​ទន្លេមេគង្គ​ ជា​អេកូ​ទេសចរណ៍​សម្រាប់​ខេត្តក្រចេះ​ និង​នៅ​ភូមិភាគ​ឦសាន​ ហើយ​មួយទៀត​ខេត្តក្រចេះ​មាន​សហគមន៍​កោះទ្រង់​ (ក្រូចថ្លុង​កោះទ្រង់​) កោះ​ផ្តៅ​ វត្ត​សសរ​មួយ​រយ​ ដែល​អាច​និយាយ​បាន​ថា​ ខេត្តក្រចេះ​ គឺជា​ឋានសួគ៌​អេកូ​ទេសចរណ៍​សម្រាប់​ភូមិ​ឦសាន​។

លោក​ ជំនោរ​ បន្ថែម​ថា​៖ “ក្រសួងទេសចរណ៍​កំពុងតែ​សហការ​ជាមួយ​ក្រសួង​វប្ប​ធម៍​ធ្វើការ​ជាមួយ​អង្គការ​ យូ​ណេស្កូ​ក្នុង​ការជំរុញ​ការចុះបញ្ជី​ទីក្រុង​បាត់ដំបង​ ទីក្រុង​កំពត​ និង​ទីក្រុង​ក្រចេះ​ជាទី​ក្រុង​បេតិកភណ្ឌ​ ដោយសារតែ​ភ្ញៀវ​អឺរ៉ុប​ចូលចិត្ត​ទៅ​ទស្សនា​កន្លែង​ដូច្នេះ​”។

លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ (Pacific​ Asia​ Travel​ Association​) នៅ​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គោលដៅ​ទេសចរណ៍​លំដាប់​ទី2​ គឺជា​យុទ្ធសាស្ត្រ​នៃ​ការ​គាំទ្រ​ និង​បង្កើន​ឱកាស​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ តាមរយៈ​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​។

លោក​បន្ត​ថា​ កម្ពុជា​មានសម្បត្តិ​វប្បធម៌​ និង​ធនធាន​ធម្មជាតិ​ជាច្រើន​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​បរទេស​ម្យ៉ាងវិញទៀត​គោលដៅ​ទេសចរណ៍​លំដាប់​ទី2​ គឺជា​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ និង​ជា​ប្រភព​នៃ​ការបង្កើត​ប្រាក់ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​ ដោយសារតែ​វា​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​អាចម​កកម្សាន្ត​នៅ​តំបន់​ផ្សេង​ៗក្រៅពី​អង្គរវត្ត​ និង​ទាក់ទាញ​ឱ្យ​ពួកគេ​ស្នាក់នៅ​កម្ពុជា​បាន​យូរ​ និង​ចំណាយ​ប្រាក់​ច្រើន​។

លោក​ ស៊ី​ណាន​ បាន​បន្ត​ទៀត​ថា​៖ “នៅពេល​ដៃគូ​អភិវឌ្ឍន៍​សហការ​ជិតស្និទ្ធ​ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​រដ្ឋាភិបាល​ អ៊ីចឹង​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​តាម​ហ្នឹង​ដែរ​ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​មាន​នូវ​ប្លង់​មេ​ ដើម្បី​ដាក់ចេញ​ និង​ឱ្យ​ផែនការ​ដើរទៅ​មុខ​ដោយ​រលូន​”។

នៅ​ឆ្នាំ2018​ ខេត្តក្រចេះ​ទទួល​បាន​ទេសចរ​សរុប​ចំនួន​ 349,186នាក់​ (កើនឡើង15.22​%ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2017​) ក្នុង​នោះ​ទេសចរ​ជាតិ​មាន​ចំនួន​ 323,196នាក់​ និង​ទេសចរ​អន្តរជាតិ​ចំនួន25,990នាក់​ (ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​បារាំង​)៕

Advertisement