ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំ2019​ នេះ​

ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នៅក្នុង​ឆ្នាំ2019​ នេះ​នឹង​កើនឡើង​ដល់​ជាង​ 27ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​ចំណូល​សម្រាប់​មនុស្សម្នាក់​ៗត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 1,706ដុល្លារ​ ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 1,563ដុល្លារ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

ឯកឧត្តម​ ឱក​ ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​មជ្ឈត្ត​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ថា​៖“នៅក្នុង​ឆ្នាំ2019​ នេះ​ ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស​ ឬ GDP​)របស់​កម្ពុជា​ នឹង​កើនឡើង​ដល់​ជាង​ 27,22ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ចំណូល​ក្នុង​មនុស្សម្នាក់​ៗត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់1,706ដុល្លារ​ ធៀប​នឹង1,563ដុល្លារ​ក្នុង​ឆ្នាំ2018​”។ ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ “ទាក់ទិន​នឹង​កំណើន​ដែល​ត្រូវ​បាន​រំពឹង​ទុក​នេះ​ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់​ៗចំនួន​3 គឺ​រួមមាន​ វិស័យ​ឧស្សាហកម្ម​ វិស័យ​សេវាកម្ម​ និង​វិស័យ​កសិកម្ម​។

1- កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​នឹង​នៅ​បន្ត​រក្សា​ភាពរឹងមាំ​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុងរង្វង់10​% ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់​។ 2-វិស័យ​សេវាកម្ម​នឹង​នៅ​បន្ត​កំណើន​ប្រមាណ​ 7% ដែល​គាំទ្រ​ដោយ​កំណើន​នៃ​អនុ​វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ និង​ទី3​-គឺ​ វិស័យ​កសិកម្ម​អាច​សម្រេច​បាន​កំណើន​ក្នុងរង្វង់​ 1.8​% ដែល​ទ្រទ្រង់​ដោយ​អនុ​វិស័យ​ដំណាំ​ និង​ជលផល​”។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ត​លើកឡើង​ថា​៖ “ទន្ទឹម​នឹង​មានការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ដូច​បាន​រៀបរាប់​ខាងលើ​ វិវាទ​ពាណិជ្ជកម្ម​ក៏បាន​កើនឡើង​ដែរ​។ ដូច្នេះ​ការរៀបចំ​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ខាងលើ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការប្រើ​ប្រាស់​យន្តការ​មជ្ឈត្ត​ការ​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ដែល​បាន​ និង​កំពុង​កើនឡើង​”។

ឯកឧត្តម​បាន​បន្ថែម​ថា​ មិន​ត្រឹមតែ​ជា​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​នូវ​គុណ​សម្បតិ្ត​ដល់​ប្រពន្ធ័​យុត្តិធម៌​នៅ​កម្ពុជា​ ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ភាគី​វិវាទ​ឱ្យ​បាន​ត្រឹមត្រូវ​ទៀតផង​។ សូម​បញ្ជាក់​ដែរ​ថា​ ផលទុនជាតិ​សរុប​ក្នុង​ស្រុក​សំដៅ​ដល់​ផល​ចំណូល​របស់​ប្រជាជន​ដែល​រកបាន​ប្រចាំឆ្នាំ​នៅ​ទូទាំង​ប្រទេស​ បូក​នឹង​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​ដែល​យកពន្ធ​បាន​ពី​វិស័យ​ផ្សេង​ៗនៅ​កម្ពុជា​។ ផលទុនជាតិ​សរុប​កាលពី​ឆ្នាំ2018​ កន្លងមក​នេះ​ មាន​ប្រមាណ​ 23ពាន់​លាន​ដុល្លារ​អាមេរិក​។

ជាមួយគ្នា​នេះ​ដែរ​ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ពី​កំណើន​ខុស​ៗគ្នា​កន្លងមក​ ពេលនេះ​ការវាយតម្លៃ​ចុងក្រោយ​ដោយ​ស្ថាប័ន​អន្តរជាតិ​បាន​បង្ហាញថា​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន7.5​% កាលពី​ឆ្នាំ2018​។ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី14​ កុម្ភៈ​ថា​ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF​ សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​បាន​វាយតម្លៃ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ឆ្នាំ2018​ មាន​កំណើន​រហូតដល់7.5​%។ ជាមួយនឹង​លទ្ធផល​ដ៏​ប្រសើរ​នេះ​ សម្តេច​ក៏បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​នៅ​ខែមីនា​ខាងមុខនេះ​ ដើម្បី​ពិភាក្សា​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។

លោក​បណ្ឌិត​ម៉ី​ កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​បាន​និង​កំពុង​កើនឡើង​ ហើយ​ការ​ព្យាករ​របស់​សេដ្ឋវិទូ​នៅ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គឺ​លោក​យល់ស្រប​ ដោយសារ​ពួកគេ​មាន​សមត្ថភាព​ ហើយ​ការវិភាគ​របស់​ពួកគេ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្រ្ត​៕

Advertisement