ប្រជាជននៅលើ “អគារប៊ុលឌិងស” កំពុងតែញាប់ដៃញាប់ជើងរើអីវ៉ាន់ចេញនៅថ្ងៃនេះ

ក្រោយពីដំណោះស្រាយក្នុងរឿង ”អគារប៊ុលឌិងស” ដែលសម្របសម្រួលដោយរដ្ឋមន្រ្ដីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ទទួលបានជោគជ័យ និងបានឯកភាពប្រគល់ប្រាក់ឱ្យប្រជាពលរដ្ឋនៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017រួចមក នៅព្រឹកថ្ងៃនេះមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានកំពុងតែរួសរាន់សម្រុករើអីវ៉ាន់របស់ខ្លួនចេញពីបន្ទប់រស់នៅ ដើម្បីទទួលបានប្រាក់ពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានដេញថ្លៃលើអគារនេះ។

ក្នុងជំនួបរវាងប្រជាពលរដ្ឋរស់នៅលើ ”អគារប៊ុលឌិងស” ជាមួយឯកឧត្ដមរដ្ឋមន្រ្ដីទេសរដ្ឋមន្រី្ដជា សុផារ៉ា នាថ្ងៃចុងក្រោយបង្អស់មានប្រជាពលរដ្ឋប្រមាណ200គ្រួសារ បានឯកភាពរើអីវ៉ាន់ចេញពីបន្ទប់របស់ខ្លួននៅថ្ងៃទី06 ខែមិថុនានេះ ដើម្បីទទួលបានប្រាក់ទៅរកទិញលំនៅដ្ឋានថ្មី។

លោកពូ យន់ គឹមយ៉ុង ជាបុគ្គលិកមន្រ្ដីរាជការនៅក្នុងនាយកដ្ឋានសិល្បៈ និងជាម្ចាស់បន្ទប់លើទំហំអគារជាង50ម៉ែត្រការ៉េ បានលើកឡើងថា លោកមានអារម្មណ៍សប្បាយចិត្ដនឹងដំណោះស្រាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ពិសេសការសម្របសម្រួលរបស់ឯកឧត្ដមជា សុផារ៉ាតែម្តង។

លោកបន្ដថា៖”អីវ៉ាន់របស់ខ្ញុំមានច្រើន ដូច្នេះប្រហែលជាត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ចំនួនពីរថ្ងៃដែរ ដើម្បីរើវាចេញទើបអាចទទួលបានលុយនោះ។ នេះប្រហែលជាគេមិនទុកចិត្ដយើងក៏មិនដឹងបានជាគេរៀបចំនីតិវិធីនេះ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំទុកចិត្ដលើដំណោះស្រាយរបស់ឯកឧត្ដមរដ្ឋមន្រី្ដទើបខ្ញុំព្រមរើចេញពីទីនេះ”។

ដោយឡែកមន្រី្ដក្រសួងមួយរូបបានបញ្ជាក់ថា លោកជាមន្រ្ដីមកពីក្រសួងរៀបចំដែនដីដែលត្រូវទទួលបន្ទុកមើលការខុសត្រូវលើការរើសម្ភាររបស់ប្រជាពលរដ្ឋចំនួន17បន្ទប់។ លោកបន្ដថា គិតចាប់ពីព្រឹកព្រលឹមរហូតមកដល់ម៉ោង 10 និង30នាទី មានប្រជាពលរដ្ឋបានរើចេញចំនួន 2 បន្ទប់ហើយក្នុងចំណោម17បន្ទប់នោះ។

ខាងក្រោមនេះជាឃ្លិបវីដេអូរបស់មន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានរៀបរាប់ពីនីតិវិធីមួយចំនួនរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍៖

Advertisement