ចំណូលពីការលក់សំបុត្រចូលអង្គរវត្តក្នុង 1ខែបានជិត 10លានដុល្លារ

គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងលើការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត បានចេញផ្សាយរបាយការណ៍ថ្មីមួយបង្ហាញថា ក្នុងរយៈពេល 5ខែ គិតចាប់ពីខែមករា ដល់ឧសភា ឆ្នាំ 2017 គ្រឹះស្ថាននេះ បានលក់ប័ណ្ណចូលទស្សនាប្រាសាទអង្គរវត្តជូនភ្ញៀវទេសចរបរទេសបានចំនួន 1092377សន្លឹក ដែលសរុបជាទឹកប្រាក់បានចំនួនជិត 46លានដុល្លារ ហើយបើធៀបនឹងរយៈពេលដូចគ្នានេះក្នុងឆ្នាំ 2016 គឺមានការកើនឡើងប្រមាណជាង 12.30%។

របាយការណ៍ខាងលើបង្ហាញថា តាមរយៈការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត បានជាង 1លានសន្លឹកនេះគ្រឹះស្ថានអង្គររកចំណូលបាន 45.913602 ដុល្លារសហរដ្ឋអាមរិក។

សម្រាប់ប័ណ្ណចូលទស្សនាតំបន់ប្រាសាទអង្គរត្រូវបានបែងចែកជា3ប្រភេទ ក្នុងនោះប្រភេទប័ណ្ណចូលទស្សនារយៈពេល1ថ្ងៃមានតម្លៃ 37ដុល្លារ ប្រភេទប័ណ្ណចូលទស្សនា 3ថ្ងៃមានតម្លៃ 62ដុល្លារមានសុពលភាព 10ថ្ងៃ និងប្រភេទបណ្ណចូលទស្សនា 7ថ្ងៃ មានតម្លៃ 72ដុល្លារ ដែលមានសុពលភាព 01ខែ ហើយក្នុងមួយបណ្ណនឹងត្រូវកាត់ 1ដុល្លារ ចូលទៅក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបថា កាលពីពេលថ្មីៗនេះគេហទំព័រប្រឹក្សាយោបល់នៃការធ្វើដំណើរ (TripAdvisor) ដ៏ល្បីល្បាញ និងធំជាងគេរបស់ពិភពលោកបានផ្តល់ចំណាត់ថ្នាក់លេខ1 ដល់ប្រាសាទអង្គរវត្តរបស់ខ្មែរ ថាជាសំណង់ដ៏មានសារៈសំខាន់ ផ្នែកប្រវត្តិសាស្ត្រអស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ 2017នេះ (Best Landmark in the World) ក្រោយពីមានការចូលរួមបោះឆ្នោតគាំទ្រពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក ដែលនេះជាឆ្នាំទី 4ហើយដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ 1ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗពីគ្នា៕

Advertisement